ព័ត៌មានជាតិ
ថ្ងៃទី១៥ ខែឧសភា សម្ដេចធិបតី នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង
នៅថ្ងៃទី១៥ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង។ ដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យួន សកយ៉ល។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងដូច្នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងលោកប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo)។ សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុនកូរ៉េសំខាន់ៗមួយចំនួន ហើយជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែ។
គួររម្លឹកថា មុនទស្សនកិច្ចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង បានជួបពិភាក្សាជាមួយគ្នាម្ដងរួចមកហើយ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២៣ កន្លងទៅ។ ទន្ទឹមនេះ ក្នុងរយៈពេលប្រមាណជាង ៨ខែ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តបេសកកម្មការទូតដ៏សកម្មជាមួយបណ្ដាប្រទេសជាមិត្ត និងដៃគូអន្តរជាតិនានា ជាពិសេសសម្ដេចធិបតីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលចេញទៅក្រៅប្រទេសយ៉ាងហោចណាស់ជាង១០លើករួចមកហើយ។
បេសកកម្មការទូតទៅក្រៅប្រទេសរបស់សម្ដេចធិបតី ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចូលរួមកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដំណើរការងារទៅកាន់ប្រទេសជប៉ុន ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេស បារាំង និងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង