Connect with us

ព័ត៌មានជាតិ

រាជធានីភ្នំពេញ និងទីក្រុងគុនមីញចង់រៀបចំព្រឹត្តិការណ៍ទេសចរណ៍ ជំរុញ​វិស័យទេសចរណ៍ទីក្រុងទាំងពីរ​ឲ្យកើនឡើង

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចង់រៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាមួយទីក្រុង​គុនមីញដើម្បីជំរុញ​វិស័យទេសចរណ៍ទីក្រុងទាំងពីរ​ឲ្យមានការ​កើនឡើង។ ការ​លើកឡើង​នេះ​ក្នុងជំនួបជាមួយលោកលីវ ហុងឈាន សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញកាលពី​រសៀលថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ដើម្បីជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរ​មានការកើនឡើង ត្រូវ​តែ​ធ្វើការងាររួមគ្នា ដើម្បីឲ្យប្រជាពលរដ្ឋនៃទីក្រុងទាំងពីរអាចធ្វើ​ដំណើរកម្សាន្ត​ទៅវិញទៅមក។

បើតាមលោក ឃួន ស្រេង រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន។ បន្ថែមពីនេះកម្ពុជាក៏មានប្រាសាទជាច្រើន ពិសេសនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញក៏មាន​តំបន់ទេសចរណ៍ជា​ច្រើនដែរ ដូចជាការ​ទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើមទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍​​នៃទីក្រុងទាំងពីរមានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញអាចមកទេសចរនៅរាជធានីភ្នំពេញក៏ដូចជាទៅខេត្តសៀមរាបផងដែរ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៣ លាននាក់។

រាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាមួយ​សំណង់​អគារខ្ពស់ៗ។ ទោះបីជា​យ៉ាងណាក្តី រាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយគឺបញ្ហា កកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ ប៉ុន្តែការងារនេះអាជ្ញាធររាជធានីភ្នំពេញបានកំពុងដោះស្រាយឲ្យបានប្រសើរឡើង។

លោកឃួន ស្រេង​ បានលើកឡើង​ថា ជាគម្រោងរបស់រាជធានីភ្នំពេញចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្នកំពុងតែរកដៃគូដើម្បីបង្កើតនៅទីក្រុងរណបថ្មីមួយដែលជាទីក្រុងវៃឆ្លាត។

លោក លីវ ហុងឈាន បានលើកឡើងដែរថា ក្រោយមកដល់រាជធានីភ្នំពេញ ឃើញថារាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ច្រើន។

លោកបន្តថា ទីក្រុងគួនមីញនិងរាជធានីភ្នំពេញមានទំនាក់ទំនងល្អជាបងប្អូនជាច្រើនឆ្នាំមកហើយ។ នៅខែវិច្ឆិកាឆ្នាំ​២០២៤ ទីក្រុងគុនមិញនឹង​មានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនេះទីក្រុងគុនមីងនឹង​អញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងគួនមិញ។

លោកបន្ត​ទៀត​ថា ជាបំណងរបស់លោកគឺចង់ឲ្យប្រជាជននៃទីក្រុងគុនមីញមកទេសចរនៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាឲ្យបានច្រើន ហើយក៏មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជាទៅទេសចរនៅទីក្រុងគុនមីញ ដើម្បីបានមើលផ្កា​ស្រស់ក៏ដូចជាថ្មសមុទ្រនៅទីក្រុងគុនមីញឲ្យ​ច្រើនផងដែរ។

ក្នុងឱកាសនោះដែរ លោកលីវ ហុងឈាន ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងគុនមីញ។ ទីក្រុងគុនមីញមានស្រុកខណ្ឌ​ចំនួន ១៤ ដូចរាជធានភ្នំពេញ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៨ លាន នាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ ១៥ អង្សាសេ ជាទីក្រុងដែលមានផ្ការស្រស់ដែលអាច​នាំផ្កាស្រស់ចេញទៅក្រៅប្រទេសបានប្រមាណ ១៣៥ ពាន់លានដើមក្នុងមួយឆ្នាំ។ ទីក្រុងនេះក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំងពិសេសលើវិស័យទេសចរណ៍៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម