ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី និង ឯកអគ្គរដ្ឋទូតចិន គូសបញ្ជាក់ចំណងមិត្តភាពកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រស្មោះត្រង់
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រ យូរអង្វែង និងស្មោះត្រង់ គ្រប់ដំណាក់កាល។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានទទួលជួបសំណេះសំណាល និងការជម្រាបលាពី ឯកឧត្ដម វ៉ាង វិនធាន កាលពីរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។
នាជំនួបនោះ ឯកឧត្ដម ហ៊ុន ម៉ានី និង ឯកឧត្ដម វ៉ាង វិនធាន បានរំលឹកអនុស្សាវរីយ៍ល្អៗ បំពេញរួមគ្នាក្នុងនាមស្ថាប័ន និងក្នុងនាមបុគ្គលផ្ទាល់ នារយៈពេលជិត ៦ ឆ្នាំ មកនេះ ហើយក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌគណបក្ស និងគណបក្ស រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រ យូរអង្វែង និងស្មោះត្រង់ គ្រប់ដំណាក់កាល។

ផ្ដើមពីទំនាក់ទំនងរវាងព្រះបរមរតនកោដ្ឋ ជាមួយលោកប្រធាន ម៉ៅ សេទុង និង ឯកឧត្ដម ជូ អេងឡាយ មិត្តភាពនេះ បានបន្តពង្រឹងពង្រីកតាមរយៈការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនពីង ដោយ កម្ពុជា-ចិន បានក្លាយជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងជា «មិត្តដែកថែប» ដែលតែងតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងបានឆ្លងកាត់ការសាកល្បង និងបទពិសោធជាច្រើនកន្លងមក ទាំងក្នុងឆាកតំបន់ និងអន្តរជាតិ។
ឈរលើមូលដ្ឋានគ្រឹះ នៃការទុកចិត្ត និងយោគយល់គ្នាខ្ពស់បំផុត កម្ពុជា-ចិន បានឈានដល់ការឯកភាពបង្កើត «ក្របខណ្ឌកិច្ចសហការត្បូងពេជ្រ» ហើយកំពុងបន្តបោះជំហានឆ្ពោះទៅមុខកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច និងសង្គម ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ដើម្បីឈានទៅរកការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងកម្ពុជា-ចិន នៅក្នុងអាណត្តិ ឯកឧត្ដម វ៉ាង វិនធាន ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនាំមកនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


