ព័ត៌មានជាតិ
ក្រសួងអប់រំ ពង្រឹងកសាងមូលធនមនុស្សតាមរយៈការពង្រឹងអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែមិថុនា នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើក សន្និសីទវិទ្យាសាស្ត្រលើកទី១៣ ស្តីពី “ជំរុញនវានុវត្តន៍៖ មូលធនមនុស្ស ការស្រាវជ្រាវ និងទំនាក់ទំនងជាមួយឧស្សាហកម្ម” (Catalyzing Innovation: Human Capital, Research, and Industry Linkages)។

ពិធីនេះ ប្រារព្ធឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា សហភាពអឺរ៉ុប ថ្នាក់ដឹកនាំក្រសួង តំណាងមកពីអង្គភាពពាក់ព័ន្ធ សាស្ត្រាចារ្យជាតិ និងអន្តរជាតិ និង សិស្ស និស្សិត សរុបទាំងអស់ប្រមាណ ពីរពាន់នាក់។

ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងការកសាងមូលធនមនុស្សតាមរយៈការពង្រឹងសមត្ថភាពស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ដើម្បីឆ្លើយតបទៅនឹងយុគសម័យថ្មី នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងស្របតាមទិសដៅរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងកំណែទម្រង់ឧត្ដមសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី១៖ ការអភិវឌ្ឍធនធានមនុស្ស និងមុំទី៥៖ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើ៖ ១. ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាព ២. ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ៣. ទំនើបកម្មកម្មវិធីសិក្សា និងការលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងរៀន ៤. ការពង្រឹងការសិក្សាស្របតាមលក្ខណៈអន្តរជាតិ ៥. ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវក្នុងការអប់រំឧត្ដមសិក្សា និង ៦. បង្កើនចំនួនសិស្សចូលរៀន និងបរិស្ថាន។

នៅក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបំពេញបេសកកម្មឆ្លើយតបជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការស្រាវជ្រាវ និងបណ្តុះបណ្តាល រួមទាំងការបង្កើតកម្មវិធីសិក្សាថ្មីៗឆ្លើយតបជំនាញឌីជីថលដូចជា វិទ្យាសាស្ត្រទិន្នន័យ វិស្វកម្មកម្មវិធីកុំព្យូទ័រ (Software engineering) បញ្ញាសប្បនិម្មិត (AI) និងសុវត្ថិភាពសាយប័រ។ លើសពីនេះទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីសំខាន់ៗនៃធនធានមនុស្ស ក្នុងការជំរុញការផ្លាស់ប្តូរឆ្ពោះទៅមុខបន្ថែមទៀត ដែលស្របតាម កំណែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា លើការអប់រំ STEM ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ ពង្រឹងគុណភាពអប់រំនៅកម្ពុជា ឆ្លើយតបនឹងតម្រូវការនៃយុគសម័យទំនើប។

នៅក្នុងព្រឹត្តិការណ៍នេះក៏មានការដាក់តាំងស្តង់ពិព័រណ៍ជាង៥០ ដើម្បីបង្ហាញពីផលិតផលសម្រេច ផលិតផលគំរូ និងអត្ថបទស្រាវជ្រាវ ដែលបានផលិតឡើងដោយសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ហើយក៏មានបទបង្ហាញចំនួន៩០ ដោយផ្ដោតលើជំនាញ៖ បច្ចេកវិទ្យា និងគ្រប់គ្រងថាមពល បច្ចេកវិទ្យាអាហារ និងអាហារូបត្ថម្ភ អេឡិចត្រូនិក និងព័ត៌មានវិទ្យា វិទ្យាសាស្ត្ររូបធាតុ និងគ្រឿងបង្គំ និងទឹក និងបរិស្ថាន។

បន្ថែមពីនេះទៀតក៏មានការបើកឱកាសឱ្យសិស្សវិទ្យាល័យនានាបានចូលទស្សនាស្តង់ពិព័រណ៍ និងមន្ទីរពិសោធន៍នានារបស់វិទ្យាស្ថានដើម្បីឈ្វេងយល់បន្ថែមទៀតអំពីការបណ្ដុះបណ្ដាលលើជំនាញ STEM និងដើម្បីឱ្យប្អូនៗសិស្សានុសិស្សត្រៀមខ្លួនក្នុងចាប់យកជំនាញនៅថ្នាក់ឧត្ដមសិក្សាផងដែរ។

គួរបញ្ជាក់ថា សន្និសីទវិទ្យាសាស្ត្រនេះជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ចែករំលែកចំណេះដឹង បទពិសោធន៍ លទ្ធផលស្រាវជ្រាវ រវាងគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងប្រទេស និងក្រៅប្រទេស និងវិស័យឯកជននានា និងដើម្បីបង្កើនភាពជាដៃគូក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវរួមគ្នា៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


