Connect with us

ព័ត៌មានជាតិ

គ្រួសារប្តីប្រពន្ធ​វ័យ​ចំណាស់​ បន្ត​មុខរបរ​ធ្វើសំបក​ណែម ៥ ជំនាន់​ រកចំណូលចិញ្ចឹមជីវិត

បានផុស

នៅ

ស្រុកឯកភ្នំគឺជាស្រុកមួយ​ក្នុងចំណោម​បណ្តាស្រុកនានា​នៃខេត្តបាត់ដំបង ដែល​មានប្រជាពលរដ្ឋ​ប្រកាន់​យកមុខរបរ​បន្តវេន​ក្នុងនោះមានដូចជា ណែម ក្រឡាន ប្រហិត ជាដើម។

តែពេល​នេះ កម្ពុជាថ្មីបានលើកអំពី​ការតស៊ូរបស់គ្រួសារ​វ័យចំណាស់​មួយគូ ដែលបាន​បន្ត​រក្សា​មុខរបរ​ធ្វើសំបក​ណែមពីដូនតា ៥ ជំនាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ដែល​ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាប់យករបរ​ធ្វើសំបក​ណែម​ដើម្បីរកប្រាក់ចំណូលដោះស្រាយ​ជីវភាពគ្រួសារប្រចាំថ្ងៃ ក្នុង​នោះ​ក៏​មាន​គ្រួសារ​ប្តី​ប្រពន្ធ​ពីរ​នាក់ ក្នុងវ័យចំណាស់ៗដែលជាច្រើនជំនាន់​បាន​ចាប់​របរ​ធ្វើ​សំបកណែមគឺ​គ្រួសារ​អ្នកស្រី ស៊ុត ចេក រស់នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ។

អ្នកស្រី ស៊ុត ចេក ប្រាប់​ថា បានប្រកបរបរធ្វើសំបក​ណែម​​បន្តវេនពីជីដូនជីតា​ ៥ ជំនាន់មកហើយ គិតជារយះពេលមកដល់បច្ចុប្បន្នជិត ១០០ ឆ្នាំ ដោយពុំបាន​ចាប់​របរ​ការងារណា​ផ្សេងនោះឡើយ។

ស្ត្រីវ័យចំណាស់រូបនេះថា មុខរបរនេះយ៉ាងហោចណាស់ត្រូវការ​មនុស្សពី ២ ទៅ ៣ នាក់ ហើយ​ត្រូវ​ចំណាយ​ពេលវេលាចាប់​ពី ៦ ទៅ ៨ ម៉ោង ក្នុងមួយថ្ងៃ ដើម្បីធ្វើសំបកណែមលក់បាន។ ចាប់​ពីម៉ោង ៤ ទាបភ្លឺ អ្នកស្រីនិងប្តី ត្រូវក្រោកពីដំណេកយក អង្ករត្រាំទឹករយះពេល ៤ ម៉ោង ទើបយក​អង្ករលាង ហើយយកមកកិន​ឲ្យក្លាយជាម្សៅ រួចយកទៅដាក់ជាមួយឧបករណ៍ចំហុយ ជាបន្ទះណែមដាក់លើ​បន្ទះឫស្សី​យកទៅហាលថ្ងៃឲ្យស្ងួត ទើបលក់បាន។

អ្នកស្រីបន្តថា កាលពីមុនអ្នកស្រីធ្វើត្រូវចំណាយពេលយូរ ហើយសំបកណែម​បានចំនួនតិច​ជាងសព្វថ្ងៃ ដោយសម័យនោះប្រើត្បាល់ថ្មកិន​និងដៃ តែពេលនេះប្រើដោយម៉ាស៊ីន វាខុស​គ្នា​ឆ្ងាយ​ណាស់។

សំបកណែម​ដែលអ្នកស្រីធ្វើ​ផ្សំ​ចេញពីសារជាតិអង្ករសុទ្ធសាធ ដោយគ្មាន​លាយជាមួយ​សារធាតុគីមី​ណាមួយ​ឡើយ គឺជាអាហារបែបប្រពៃណី​របស់ដូនតាខ្មែរ​មានឈ្មោះល្បីល្បាញ​លើគុណភាពរសជាតិ សម្រាប់ទីផ្សារក្នុងស្រុករហូតដល់បច្ចុប្បន្ន។

អ្នកស្រីថា «របរនេះ វាពិបាកបន្តិច តែគ្រួសារខ្ញុំតស៊ូបន្តវេនរហូត ៥ ជំនាន់ តាំងពីសម័យកិន​ម្សៅ​និងត្បាល់​ថ្មប្រើដោយកម្លាំងដៃ រហូត​ដល់​បច្ចុប្បន្នប្រើដោយម៉ាសុីនកិន ចំណេញពេល​និងកម្លាំង​ច្រើន ហើយផលិតបន្ទះណែមបានច្រើន អាចរកកម្រៃទ្រទ្រង់ជីវភាពគ្រួសារនិង ផ្គត់ផ្គង់ឲ្យកូន​រៀន​បានចប់ចុងចប់ដើមបានដូចគេឯងដែរ»។

បច្ចុប្បន្នអ្នកស្រី ស៊ុត​ ចេក អាច​ធ្វើ​សំបកណែម​បាន ១៥០០ សំបក ក្នុង ១ ថ្ងៃ ហើយតម្លៃលក់ក្នុង ១ ដុំ ស្មើ ១០០​សំបក​ណែម បាន ០៨ ពាន់រៀល។

អ្នកស្រីថា មុខរបរនេះបើ​ទោះជាប្រាក់កម្រៃ​តិចតួចក្តី ក៏អ្នកស្រីក៏ដូចជា​អ្នកភូមិផ្សេងទៀត អាចរក​បាន​ប្រាក់ចំណូល​មួយផ្នែកទៀត​ពីភ្ញៀវទេសចរ ដែលមកទស្សនា ជាពិសេសគឺអ្នកទេសចរ​អន្តរជាតិ​តែម្ដងដែលនិយមទៅ​ទស្សនាដល់ផ្ទះអ្នកស្រី ហើយបានទិញវត្ថុ​អនុស្សាវរីយ៍​ស្ទើររៀងរាល់ថ្ងៃ​។

«យ៉ាងហោចណាស់ភ្ញៀវទេសចរ មកទស្សនាផ្ទះខ្ញុំចន្លោះពី ៥ ទៅ ២០ នាក់ ក្នុងមួយថ្ងៃ ក្នុងនោះភ្ញៀវខ្លះបានទិញសំបកណែម និងក្រុមខ្លះទៀតគ្រាន់តែទស្សនាហើយ​ ក៏បានជូន​ប្រាក់ដល់គ្រួសាររបស់ខ្ញុំ គ្រាន់បានដោះស្រាយ​ជីវភាពគ្រួសារ។ ចំនួនតាមទឹកចិត្តភ្ញៀវ ខ្លះឲ្យ​ ២ ដុល្លារ ខ្លះក៏ឲ្យ ៣ ដុល្លារ ហើយខ្លះក៏សុំថតធម្មតា តែភ្ញៀវម៉ូតូកង់បី ពេល​មកទស្សនា​ភាគច្រើន​គេជូនប្រាក់​ខ្ញុំមិនដែលខានទេ»។ អ្នក​ស្រី​បន្ថែម។

បើភ្ញៀវទេសចរធ្វើដំណើរតាម​ផ្លូវមាត់អូរ​ចាប់ពីផ្លូវបំបែកផ្សារដូនទាវ ឆ្ពោះទៅកាន់ប្រាសាទឯកភ្នំ ខេត្ត​បាត់ដំបង ភ្ញៀវទេសចរ អាចទស្សនាសំបក​ណែមដែលដាក់​និងផ្ទាំងឫស្សីហាល​ថ្ងៃជាហូរហែ​តាម​ដងផ្លូវ។

តាមរយៈ​មុខ​របរ​នេះ បានធ្វើ​ឲ្យ​អ្នក​ភូមិ​ជាច្រើនគ្រួសារ​ មិនបាច់​ធ្វើចំណាក​ស្រុក​ទៅ​ស្វែង​រកការងារ​ធ្វើនៅក្រៅស្រុកចាកឆ្ងាយពីគ្រួសារ។ របរនេះក៏​កំពុងពេញនិយម​ក្នុងការទាក់ទាញ​ភ្ញៀវទេ​សចរជាតិ និងអន្តរជាតិ ទៅទស្សនា និងទិញសំបកណែមជារៀងរាល់ថ្ងៃ លើសពី​នេះ​ពលរដ្ឋ ក៏អាចរកប្រាក់ចំណូល​ពីភ្ញៀវទៅទស្សនា​បានបបន្ថែមបន្តិចបន្តួចផងដែរ ។

ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី “សាម៉ន” រស់នៅ​នៅភូមិដូនទាវ ក៏​បាន​ចាប់​មុខ​របរធ្វើ​សំបក​ណែម​ជាង ១០ ឆ្នាំ ដើម្បី​ជា​ប្រភព​ចំណូល​ក្នុង​គ្រួសារ ដោយមិនបាច់​ធ្វើចំណាក​ស្រុក​ទៅ​ស្វែង​រកការងារធ្វើនៅ​ក្រៅប្រទេស។

នកស្រី “សាម៉ន” បាន​រៀបរាប់ពីរបៀបធ្វើសំបកណែមថា “អង្ករខ្ញុំដាក់ត្រាំទុកពីយប់ ដល់ព្រឹកឡើង​យកទៅកិននឹង​ម៉ូទ័រ​កិនម្សៅ ហើយយកទៅដាក់ចម្រោះទឹកក្នុងស្បៃប្រមាណមួយម៉ោង រួចយកម្សៅ​ទៅចាក់នឹង​ឧបករណ៍​ចំហុយ​សំបក​ណែម ហើយគ្របវាទុកប្រមាណ ១៥ វិនាទីក្នុងមួយបន្ទះ រួចយក​ទៅដាក់​និង​ផ្ទាំងឫស្សី ប្រវែងទទឹងជាង​កន្លះម៉ែត្រ និងបណ្ដោយប្រមាណ ១ ម៉ែត្រកន្លះ ដើម្បីហាល ថ្ងៃឲ្យស្ងួត​សំបក​ណែមទើបលក់លើទីផ្សារបាន។

បើតាមស្រ្តី​រូបនេះ​ភាគច្រើន​គេយកសំបកណែម មូរ​ធ្វើ​គ្រឿងក្លែម​នៅក្នុងពិធី​មង្គលការ និងនៅតាមភោជនីយដ្ឋានផ្សេងៗជាដើម ខ្លះទៀត​គេនិយម​យកសំបកណែមមូរដាក់សាច់ជ្រូកលាយជាមួយបន្លែ និងស្លឹកជីរមួយចំនួនទៀត សម្រាប់​តម្រូវការ​មនុស្ស​គ្រប់វ័យ បរិភោគ ហើយសំបកណែម អាចរក្សាទុកយ៉ាងយូត្រឹមរយះពេល២ខែ ខូចគុណភាព។

អ្នកស្រីអះអាង​ថា របរនេះត្រូវការកម្តៅថ្ងៃ បើខែភ្លៀងជួបផលលំបាក​ខ្លាំង។

យ៉ាងណាមិញ អាជ្ញាធរឃុំពាមឯក បានឲ្យដឹងថា ប្រជាពលរដ្ឋប្រកបរបរផលិត​សំបកណែម​នៅក្នុង​ឃុំនេះ​មា​នជិត ៧០ គ្រួសារ នៅក្នុងភូមិចំនួន០៣ នៃស្រុកឯកភ្នំ ក្នុងនោះមាន ភូមិសួអី ភូមិពាមឯក និង​ភូមិដូនទាវ ហើយនៅក្នុងភូមិទាំង០៣ខាងលើ នេះ គឺភូមិដូនទាវ មានអ្នកធ្វើច្រើនជាងគេ​ប្រមាណ ៣០​គ្រួសារ។

ប្រភពដដែលបន្តថា របរនេះប្រជាពលរដ្ឋធ្វើជាលក្ខណៈគ្រួសារ ហើយរដូវដែលអ្នកភូមិលក់សំបកណែម​បាន​ច្រើន​ចាប់​ពីខែធ្នូ ដល់ ខែមេសា។

នៅឃុំពាមឯក មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិប្រាសាទឯកភ្នំមួយកន្លែង ហើយ​កន្លែង​ផលិត​សំបក​ណែម ក៏ជាកន្លែងទេសចរណ៍មួយផ្នែកដែរ ក្រោយពីភ្ញៀវទស្សនាប្រាសាទ។

បើតាមមន្ត្រីទេសចរណ៍ខេត្ត ក្រៅពីភ្ញៀវទេសចរបានចូលទស្សនា រមនីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ប្រាសាទឯកភ្នំ គោលដៅផលិតសំបកណែម ក៏ជាទីកន្លែងមួយទាក់ទាញ​ភ្ញៀវទេសចរចូលទៅ​ទស្សនា​ផងដែរ។

មន្ត្រីដដែលថា ភ្ញៀវទេសចរអន្តរជាតិដែលចូលទៅទស្សនា​កន្លែងផលិតសំបកណែម គឺស្វែង​យល់​ពីជីវិតការរស់នៅ​របស់អ្នកស្រុក ធ្វើឲ្យពលរដ្ឋមួយចំនួនអាចរកប្រាក់ចំណូលបាន ដោយមិនបាច់​ទៅធ្វើ​ចំណាកស្រុក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៣ នាទី មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់ទឹកស្ទឹង ដែលរីងហួតហែងនៅប៉ែកខាងក្រោម ចាប់ផ្ដើមមានទឹកហូរកាត់រឹមៗហើយ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម