ព័ត៌មានជាតិ
ឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ ត្រូវវែកមុខជនល្មើសបំផ្លាញធនធានធម្មជាតិ ទោះបីជននោះមានបុណ្យស័ក្តិណាក៏ដោយ
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីស្ថាប័នជំនាញ ក្នុងខេត្តកំពង់ធំ ត្រូវការពារទប់ស្កាត់ និងស្រាវជ្រាវរកមុខអ្នកនៅពីក្រោយខ្នងនៃការបំផ្លាញធនធានធម្មជាតិ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ការបញ្ចេញវិធានការក្តៅរបស់ លោក ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងត្រីមាសទី២ នៅសាលាស្រុកសណ្ដាន់ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤។ នេះបើយោងតាម កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
វិធានការនេះ ដើម្បីការពារធនធានធម្មជាតិកម្ពុជា ក៏ដូចជាព្រៃឈើឱ្យនៅគង់វង្សដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងមនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះ លោកបានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ដែលបានប្រឹងប្រែងការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យទទួលបានលទ្ធផលល្អ និងបានដាក់ចេញនូវបទបញ្ជាមួយចំនួនក្នុងការពារទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន។ លោកសង្កត់ធ្ងន់ថា៖«ត្រូវវែកមុខរកជនល្មើស ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ទោះបីមានបុណ្យស័ក្តិ និងអំណាចប៉ុណ្ណាក៏ដោយ ដើម្បីចាត់ការតាមច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ»។

ទន្ទឹមនឹងនេះ លោក ម៉ៅ សុផាន់ បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យមានកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំការដាំដើមឈើនៅលើដីដែលបានកាប់ទន្ទ្រានដោយខុសច្បាប់កន្លងមក ដើម្បីគ្រប់គ្រងដីធ្លីជារបស់រដ្ឋ និងធ្វើឱ្យធនធានធម្មជាតិបានល្អប្រសើរឡើងវិញ ។
លោក សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានលើកឡើងថា កន្លងមកអាជ្ញាធរខេត្តបានចេញប្រតិបត្តិការការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្រ្ទានជាថ្មី ហើយផ្ទៃដីដែលជនល្មើសបានកាប់ទន្ទ្រានរួច កងកម្លាំងចម្រុះដែលមានស្ថាប័នជំនាញពាក់ព័ន្ធកំពុងគ្រប់គ្រង និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។

ជុំវិញបញ្ហានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាពិធីបិទសន្និបាតការងារក្រសួងបរិស្ថានឆ្នាំ២០២៣ កាលពីខែធ្នូ ឆ្នាំ ២០២៣ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


