ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ ៖ ក្រសួង នឹងពិនិត្យសិក្សាការបើកប្រាក់ឈ្នួលកម្មករ-និយោជិត ជាប្រាក់រៀល ជាមួយភាគីពាក់ព័ន្ធ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១២ សីហា នេះថា ក្រសួង នឹងពិនិត្យសិក្សាការបើកប្រាក់ឈ្នួលកម្មករ-និយោជិត ជាប្រាក់រៀល ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយភាគីនិយោជក ដើម្បីស្វែងរកការឯកភាពគ្នាជាមុនសិន មុននឹងដាក់ដំណើរការជាផ្លូវការ។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយលោករដ្ឋលេខាធិការ សោម ចំណាន កាលពីរសៀលថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នៅធនាគារជាតិ នៃកម្ពុជា។
លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា បានស្នើឱ្យមានកិច្ចសហការសិក្សាពីលទ្ធភាព នៃការកំណត់ប្រាក់ឈ្នួលកម្មករ-និយោជិត ជាប្រាក់រៀល និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល នៅតាមបណ្ដារោងចក្រ-សហគ្រាសផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក យឹម លាត បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់ធនាគារជាតិ នៃកម្ពុជា ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនេះ និងបានបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការសម្របសម្រួលជាមួយនិយោជក និងបុគ្គលិក-កម្មករ តាមរោងចក្រ-សហគ្រាស នៅទូទាំងប្រទេសកម្ពុជា។
លោក កត្តា អ៊ន បានបន្តថា ការបើកប្រាក់ឈ្នួលកម្មករ-និយោជិត ជាប្រាក់រៀលនេះ ជាការចូលរួមលើកកម្ពស់ការចរាចរប្រាក់រៀលនៅប្រទេសកម្ពុជា តាមរយៈការទូទាត់ជាប្រាក់រៀល។ និយាយដោយឡែក មន្ត្រីរាជការក៏បើកប្រាក់ខែជាប្រាក់រៀលដែរ។ ជាងនេះទៀត វានឹងជួយធ្វើឱ្យកម្មករ-និយោជិត ងាយស្រួលក្នុងការទូទាត់ និងចាយវាយផ្សេងៗ ដោយពុំចាំបាច់យកប្រាក់ដុល្លារទៅដូរជាប្រាក់រៀល ហើយមិនខ្វល់ពីការឡើងចុះ នៃប្រាក់ដុល្លារដែរ។ លើសពីនេះ ការចាយប្រាក់រៀល ក៏រួមចំណែកធ្វើឱ្យមានស្ថិរភាព នៃរូបិយប័ណ្ណជាតិ និងលំនឹងសេដ្ឋកិច្ចជាតិផងដែរ។

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ក្រសួង នឹងពិនិត្យសិក្សាករណីនេះ ជាពិសេសជាមួយភាគីនិយោជក និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកការឯកភាពគ្នាជាមុន មុននឹងដាក់ដំណើរការប្រាក់ឈ្នួលកម្មករ-និយោជិត ជាប្រាក់រៀល។
ក្នុងឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ៖ ដំណើរឆ្ពោះទៅមុខ នៃប្រាក់រៀល និងប្រព័ន្ធបាគង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា លើកឡើងថា តាមការសិក្សាស្រាវជ្រាវកម្មករមានចំណូលជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែការចំណាយប្រចាំថ្ងៃ និងផ្ញើប្រាក់ទៅកាន់គ្រួសារភាគច្រើនជាប្រាក់រៀលប្រមាណជាង ៨០% ដែលបញ្ហានេះ នាំឱ្យកម្មករមានការខាតបង់ពេលវេលា និងប្រាក់កាសដោយសារការប្ដូរប្រាក់។ មានកម្មករជាច្រើន ក៏បានសម្ដែងការយល់ស្របលើការបើកប្រាក់ឈ្នួលទាំងស្រុង ឬមួយផ្នែកជាប្រាក់រៀលផងដែរ។
លោកស្រីបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស គួរបង្កើនការបើកប្រាក់ខែ ជាប្រាក់រៀល ហើយសូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ ផ្តល់ជម្រើសឱ្យអតិថិជនទាំងអស់មានលទ្ធភាពក្នុងការប្រើប្រាស់ ឃ្យូអរកូដ (QR code) ជាប្រាក់រៀល ដើម្បីសម្រួលដល់ការទូទាត់ជាប្រាក់រៀលជាប្រចាំ។
យោងតាមការស្ទង់មតិរបស់ធនាគារជាតិ នៃកម្ពុជា សហការជាមួយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) ដែលបានសិក្សាស្រាវជ្រាវលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ប្រាក់ឈ្នួលនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរចាប់ផ្ដើមពីខែមីនា ដល់ឧសភា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ បន្ទាយមានជ័យ កណ្តាល ខេត្តព្រះសីហនុ ដែលជាខេត្តសំបូរចក្រកាត់ដេរច្រើន ដោយសម្ភាសន៍ដល់កម្មករ និងនិយោជក ប្រហែល ១ ពាន់នាក់ ក្នុងនោះវិស័យកាត់ដេរ ៥៦០ នាក់ វិស័យផលិតស្បែកជើង និងផ្សេងៗ ២៥០ នាក់ និងនិយោជករោងចក្រ ១១៤ រោងចក្រ បានបញ្ជាក់ថា កម្មករ-និយោជិតជាច្រើន បានគាំទ្រការប្រើប្រាស់ប្រាក់រៀល និងចង់ឱ្យថៅកែរោងចក្រសហគ្រាសនានា បើកប្រាក់ឈ្នួលជាប្រាក់រៀលជំនួសប្រាក់ដុល្លារ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែប្រសើរ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម១៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


