ព័ត៌មានជាតិ
ដូងកំពតលក់បានថ្លៃលើសឆ្នាំមុន បានដល់ ៣ ពាន់រៀល ក្នុងមួយផ្លែ
លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពតបានឱ្យ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី១៣ ខែសីហា នេះថា ផ្លែដូងកំពតឆ្នាំនេះប្រជាកសិករអាចលក់បានក្នុងតម្លៃចន្លោះពី ២៥០០ រៀល ទៅដល់ ៣ ពាន់រៀលក្នុងមួយផ្លែ ដែលជាតម្លៃល្អលើសពីឆ្នាំមុនបន្តិច។

លោក តេង វ៉ាន់ធឿន បានឲ្យដឹងថា ក្នុងឆ្នាំនេះ ប្រភេទដូងក្រអូប និងដូងគល់កែ ដែលពលរដ្ឋលក់តាមផ្លូវ ដូចជា ផ្លូវតាមភ្នំតាមោក តាមផ្លូវយាយមៅ ក៏ដូចជាតាមផ្លូវឃុំថ្មី និងតាមផ្លូវទៅកាន់រាជធានីភ្នំពេញ អាចលក់បានក្នុងតម្លៃចន្លោះពី ២៥០០ រៀល ទៅ ៣ពាន់រៀល ក្នុងមួយផ្លែ ដែលតម្លៃឆ្នាំនេះខុសគ្នា ៥០០រៀល កាលពីឆ្នាំ២០២៣ លក់បានត្រឹមតម្លៃ ២ ពាន់ ទៅ ២៥០០រៀល។
លោកអះអាងថា ទីផ្សារដូងកំពត នៅតែមានតម្រូវការខ្ពស់ទៅកាន់ទីផ្សាររាជធានីភ្នំពេញ និងលក់ក្នុងខេត្ត ក៏ដូចជានាំចេញទៅកាន់ខេត្តកណ្តាលជាដើម។ ជាក់ស្តែង យើងសង្កេតឃើញថា នៅពេលល្ងាចតែងមានឡានឈ្មួញមកប្រមូលទិញដូងពីកសិករនៅតាមចម្ការ ដឹកនាំចេញទៅកាន់ទីផ្សាររាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
ទន្ទឹមនេះ បើតាមការបញ្ជាក់បន្ថែមពីលោក ស្វាយ សឹម ម្ចាស់ចម្ការដូង ស្ថិតនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានឱ្យ «កម្ពុជាថ្មី» ដឹងបន្ថែមថា បច្ចុប្បន្ននេះ លោកបានដាំដុះដូងប្រមាណជាង ២០០ ដើម ទៅលើដូង ២ ប្រភេទ គឺដូងទឹកក្រអូប និងដូងតុកកែ សម្រាប់បំពេញតម្រូវការឱ្យឈ្មួញ និងអាចទទួលបានកម្រៃដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

លោក ស្វាយ សឹម បានលើកឡើងថា «បច្ចុប្បន្នទីផ្សារដូងមានភាពល្អគ្រាន់បើ ដោយមានឈ្មួញចាំមកទិញដល់ចម្ការជារៀងរាល់ខែ។ ក្នុងនោះ ដោយសារលោកលក់បោះឱ្យឈ្មួញដែលមកពីតាមបណ្ដាខេត្តនានាដូចជា កំពង់សោម ខេត្តកែប និងរាជធានីភ្នំពេញ និងខេត្តផ្សេងៗ ដែលបានមកកាត់ដល់ចម្ការ ដូច្នេះសម្រាប់ដូង ១ផ្លែ លោកបោះក្នុងតម្លៃ ១៥០០រៀល ដែលឈ្នួញកាត់ម្តងអាចបានចន្លោះពី ២០ឡូ ទៅ ៤០ ឡូ (១ឡូ ស្មើនឹង ១២ដូង) ដោយក្នុងរយៈពេល ១ ខែ ឈ្មួញមកកាត់ ៤ដង»។
ម្ចាស់ចម្ការរូបនេះ ក៏បានបញ្ជាក់បន្ថែមដែរថា លោកនិយាយនេះសម្រាប់តម្លៃបោះឱ្យម៉ូយជាប្រចាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើឈ្មួញ ឬអ្នកលក់រាយនៅលើទីផ្សារធម្មតា អាចលក់បានក្នុងតម្លៃចន្លោះពី ២៥០០រៀល ទៅដល់ ៣៥០០រៀល តាមប្រភេទដូងនីមួយៗ។
បើតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពត ផ្ទៃដីដាំដុះដូងក្នុងខេត្តកំពតក្នុងឆ្នាំ២០២២ មានចំនួនសរុប ៤០៥៥ ហិតា ដោយឡែកឆ្នាំ២០២៣ ផ្ទៃដីដាំដុះដូងកើនឡើងដល់ ៤៧១៩ហិតា ដែលចំនួននេះមានការកើនឡើង ៦៦៤ ហិតា បើធៀបនឹងឆ្នាំ២០២២៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


