ព័ត៌មានជាតិ
សម្ដេចតេជោ នឹងចាំមើលថា ក្រុមស្នេហាជាតិចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឬទេ?
ក្រោយការប្រកាសពីប្រមុខរាជរដ្ឋាភិបាល បានបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានសម្តែងការគាំទ្រ និងបានចូលរួមបរិច្ចាគថវិកាជាមួយមូលនិធិនេះយ៉ាងភ្លូកទឹកភ្លូកដី។ ជាមួយនឹងចលនាកំពុងផុសផុលនេះ សម្ដេចតេជោ ហ៊ុន សែន បាននឹងទន្ទឹងចាំមើលថា អ្នកដែលតាំងខ្លួនជាអ្នកស្រឡាញ់ជាតិចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែរឬទេ?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការកត់សម្គាល់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជន បានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។ សម្ដេចតេជោ បានគូសបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គម ថា «តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ?»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេ ដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក ជាដើម នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាល នឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និងតាំងទីលំនៅទីនោះ។ ក្នុងន័យនេះ ជាការរំពឹងទុករបស់ប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផល នឹងមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។

លើសពីខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ មានភាពរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធដើម្បីការពារទៅទៀត។ នេះជាការបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន ដដែល តាមរយៈសំណេរនៅលើបណ្ដាញសង្គម។
ឈរលើស្មារតីនេះ សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយមូលនិធិដែលបង្កើតឡើងដោយរដ្ឋាភិបាលនេះ ទោះតិចក្តីច្រើនក្តី ហើយសម្ដេច ក៏ឱ្យសាធារណជនជួយពិនិត្យមើលថា តើអ្នកចោទប្រកាន់បានចូលរួមឬទេ?។ ត្រង់ចំណុចនេះ សម្ដេច បញ្ជាក់ថា នេះមិនមែនជាការដេញទាន់ជាន់កែងទេ ប៉ុន្តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី។

គួរជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា បានប្រកាសពីការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។ សម្ដេចធិបតី ថា មូលនិធិនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ សំដៅរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន និងរួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់កម្ពុជា។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសលេខទូរស័ព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនចូលរួមបរិច្ចាគថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា