ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូណេស៊ីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឱ្យកាន់តែល្អប្រសើរ
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡា រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងជំនួបនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើវិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរការបទពិសោធន៍ (Exchange Program) សម្រាប់សិស្សនិស្សិត និងមន្ត្រីរាជការ ពង្រឹកបន្ថែមពីសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រឹងការគាំទ្រប្រជាជនឥណ្ឌូណេស៊ីនៅកម្ពុជា និងលើកទឹកចិត្តឱ្យប្រជាជននៃប្រទេសទាំងពីរស្វែងយល់គ្នាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យអប់រំ ការអភិវឌ្ឍយុវជន និងកីឡា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ក្នុងនោះរួមមាន ការផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្សនិស្សិត និងមន្ត្រីរាជការ ការសាងសង់សាលារៀនមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីនៅខេត្តព្រៃវែង ការបន្តគាំទ្រដល់វិស័យកីឡាកម្ពុជា តាមរយៈការបញ្ជូនកីឡាករបាល់ទះកម្ពុជាប្រមាណ ៤១នាក់ និងសិស្សកម្ពុជាក្នុងវិស័យសិល្បៈប្រយុទ្ធ ទៅចូលរួមការហ្វឹកហាត់នៅប្រទេសឥណ្ឌូនេស៊ី ដោយគូសបញ្ជាក់ថា ការជួយគាំទ្រទាំងនេះ ក៏ដូចជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ផ្សេងៗ បាននិងកំពុងជួយលើកកម្ពស់ការអភិវឌ្ឍវីស័យកីឡានៅកម្ពុជា និងឥណ្ឌូណេស៊ី ក្នុងនាមជាប្រទេសអាស៊ានដូចគ្នា។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអំពីអាហារូបករណ៍ឥណ្ឌូណេស៊ីឱ្យកាន់តែទូលំទូលាយ ដល់សិស្សនិស្សិតកម្ពុជា ពិសេសសម្រាប់សហគមន៍មូស្លីមនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ ដូចជា គួរបន្ថែមការផ្សព្វផ្សាយតាមរយៈកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ អ្នកជំនាញ និងបន្ថែមការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផងដែរ។ លោកបានគូសបញ្ជាក់ថា ការលើកកម្ពស់ទំនាក់ទំនងប្រជាជន ការធ្វើដំណើរកម្សាន្តរវាងប្រទេសទាំងពីរ និងកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក គឺជាចំនុចសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។
ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបានជួយគាំទ្រមកលើប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំ ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង២០៥០ និងសង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ ជាពិសេស ពង្រឹកនិងពង្រឹងឱកាសក្នុងការអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


