ព័ត៌មានជាតិ
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
រយៈពេលមិនដល់មួយ១សប្ដាហ៍ផង បើរាប់ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ គឺមានសិល្បករ៣រូប ដូចជា តារាចម្រៀង និងសម្ដែង ម៉ៃ សុគន្ធ, តារាសម្ដែង ឌុច លីដា និងលោក ម៉ម សាម៉េត ហៅ DJ Hero បានបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ល្មើសច្បាប់ បង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន និងប្រើសម្ដីមិនសមរម្យដាក់សមត្ថកិច្ច។

កាលពីថ្ងៃទី០៥ ខែកញ្ញា លោក ម៉ៃ សុគន្ធ បានបើករថយន្តទាំងខ្លួនស្រវឹង លុះមកដល់ទីតាំងដែលសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង ក៏ព្យាយាមបើកបំបុកបារ៉ាស រត់គេចខ្លួនពីគោលដៅនៅត្រង់ចំណុចម្ដុំផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រហូតមកដល់ផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំមុខវត្តទឹកថ្លា ក៏បុករនាំងចែកទ្រូងផ្លូវចំនួន៣ផ្ទាំង និងប៉ះជាមួយរឺម៉ក កង់បីឥណ្ឌាចំនួន២គ្រឿង បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស។

តាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ច វាស់ជាតិអាល់កុលរួចរាល់ គឺបានរកឃើញថា លោក ម៉ៃ សុគន្ធ មានកម្រិតជាតិអាល់កុលក្នុងខ្លួន ០.៦០មីលីក្រាមក្នុងមួយលីត្រខ្យល់។ ព្រោះតែរត់គេចមិនព្រមឱ្យសមត្ថកិច្ចត្រួតពិនិត្យជាតិអាល់កុល បង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិឯកជន លោក ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ។ យ៉ាងណា តំណាងអយ្យការបានអនុញ្ញាតឱ្យ លោក ម៉ៃ សុគន្ធ ត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានសងសំណងជួនភាគីពាក់ព័ន្ធ។

តារាសម្ដែងឌុច លីដា បានបើកបរទាំងស្ថានភាពស្រវឹងខ្លាំង ចូលគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក របស់អធិការដ្ឋានខណ្ឌ៧មករា។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។ ភ្លាមៗតារាសម្ដែងរូបនេះ មិនព្រមសហការជាមួយសមត្ថកិច្ច នៅនឹងគោលដៅចរាចរណ៍ឡើយ ហើយថែមទាំងប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់សមត្ថកិច្ចទៀត។

សមត្ថកិច្ច បាននាំខ្លួនតារាសម្ដែង ឌុច លីដា ទៅដល់អធិការខណ្ឌ ដោយបានវាស់ជាតិអាល់កុល រកឃើញថាមានកម្រិត ០.៩០មីលីក្រាមក្នុងមួយលីត្រខ្យល់ក្នុងខ្លួន។ សមត្ថកិច្ច បានឱ្យតារារូបនេះ បង់ផាកពិន័យចំនួន២លានរៀល។

ឈ្មោះ មុំ សាម៉េត ហៅ DJ HERO កាលពីម៉ោង១ រំលងអាធ្រាត ថ្ងៃទី១០ ខែកញ្ញា បានបើកបររថយន្តម៉ាក FORD Raptor ពាក់ផ្លាកលេខ ភ្នំពេញ 2BW-5679 ទិសដៅពីកើតទៅលិច ឆ្លងកាត់គោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងត្រង់ចំណុចបឹងបៃតង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបសមត្ថកិច្ចនៅគោលដៅនោះឃាត់ហៅត្រួតពិនិត្យ ជាលទ្ធផលអ្នកបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L ទើបសមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់។

ដើមឡើយរឿងរ៉ាវមួយនេះ សមត្ថកិច្ចមិនបានទម្លាយឱ្យដឹងជាសាធារណៈឡើយ។ ប៉ុន្តែក្រោយ DJ HERO បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយប្រើប្រាស់ពាក្យសម្ដីអសុរសទៅលើសមត្ថកិច្ចខណ្ឌសែនសុខ ទើបក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទម្លាយឱ្យដឹង៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


