ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា បើមិនចង់អស់លុយ កុំបើកបរលើសល្បឿនកំណត់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់អ្នកបើកបរគ្រប់រូបកុំបើកបរលើសល្បឿនកំណត់ បើមិនដូច្នេះ នឹងត្រូវរងការអនុវត្តច្បាប់ពីសមត្ថកិច្ចនគរបាលចរាចរណ៍។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា បើមិនចង់អស់លុយដោយការផាកពិន័យ សូមកុំបើកបរលឿនលើសល្បឿនដែលច្បាប់បានកំណត់។

ថ្លែងចេញពីទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលប្រារព្ធឡើងនៅខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតែទទូចឱ្យប្រជាពលរដ្ឋ ដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ ហើយមេត្ដាគិតគូរឡើងវិញថាតើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ។

ឧបនាយករដ្ឋមន្ត្រី ស សុខា អះអាងថា នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ដោយការផាកពិន័យនោះដែរ ហើយសាមីខ្លួនក៏មានសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យពិនិត្យសិក្សាឡើងវិញលើភូមិសាស្ត្រជាក់ស្ដែងនៃមូលដ្ឋានរបស់ខ្លួនដែលមានការប្រឈមចំពោះការបើកបរលើសល្បឿនកំណត់ និងរកឱ្យឃើញពីមូលហេតុនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាក់ចេញនូវវិធីសាស្ត្រដោះស្រាយឱ្យបានសមស្របបំផុត។

បន្ថែមពីលើរថយន្តបើកបរល្បឿនលឿន លោក ស សុខា បានសង្កត់ធ្ងន់ដល់រថយន្តដឹកកម្មករលើសចំនួនកំណត់ ការបើកបរវ៉ាជែង និងរថយន្តដឹកជញ្ជូនទំនិញលើសកំណត់ផងដែរ។ លោក បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងនគរបាលចរាចរណ៍យកចិត្តទុកដាក់ការសម្រួលសុវត្ថិភាពចរាចរណ៍ដល់រថយន្តដឹកកម្មករ ពេលព្រឹកព្រលឹម និងបន្តអប់រំណែនាំដល់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ ជាពិសេសអ្នកបើកបរ ឱ្យគោរពច្បាប់ គិតគូរលើសុវត្ថិភាព និងលក្ខណៈបច្ចេកទេសរថយន្ត ខណៈការវ៉ាជែង និងបើកបរលើសល្បឿន តែងតែជាមូលហេតុចម្បងនៃគ្រោះថ្នាក់។

សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ដោយធ្វើការពិន័យសរុបចំនួន២៥.០២៣គ្រឿង និងបានដកហូតផ្លាកលេខយានយន្តមិនប្រក្រតីជាង៧០គូ។ សមត្ថកិច្ចក៏បានត្រួតពិនិត្យជាតិអាល់កុលពេលយប់ រកឃើញអ្នកបើកបរក្រោមឥទិ្ធពលស្រវឹងចំនួន៤.៧១៦នាក់ អនុវត្តតាមនីតិវិធី។ រយៈពេលដដែលនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៧៣០លើក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ គឺ ថយចុះ៣០៤លើក។ គិតពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន៤៧៩ នាក់ និងរបួស១.០១១ នាក់ បើធៀបនឹងឆ្នាំ២០២៤ បានថយចុះ៤២៨នាក់៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


