Connect with us

ជីវិតកម្សាន្ដ

ឆ្នាំ២០២៥នេះ សិល្បករខ្មែរ ៤រូប អស់សង្ខារទាំងវ័យក្មេងព្រោះបញ្ហាសុខភាព

បានផុស

នៅ

ក្នុងឆ្នាំ២០២៥នេះ ធនធានសិល្បៈកម្ពុជា បានបាត់បង់សិល្បករទាំងផ្នែកបុរាណ និងសម័យ ក៏ដូចជាសិល្បករផ្នែកភាពយន្តទាំងវ័យក្មេងជាច្រើនរូប ដែលសុទ្ធសឹងតែស្លាប់ដោយរោគាពាធទាំងវ័យក្មេង។

ក្នុងចំណោមនោះ រួមមានលោក ប៉ែន ចាន់សិទ្ឋ អតីតតារាពាណិជ្ជកម្មដ៏មានប្រជាប្រិយ, លោក ណាឃីម សិល្បករផ្នែកចម្រៀងបុរាណ, តារាភាពយន្ត លោក អ៊ុន សិទ្ធា និងអតីតតារាចម្រៀងដែលមានឈ្មោះបោះសំឡេងជិត១០ឆ្នាំមុន លោក ម៉ារ៉ា ប៊ុណ្ណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លោក ប៉ែន ចាន់សិទ្ឋ អតីតជ័យលាភី Freshie Boy ជំនាន់ទី៨ ឆ្នាំ២០០៩ ទទួលមរណភាពដោយរោគាពាធ ទាំងវ័យក្មេង កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ។

២. លោក ណាឃីម សិល្បករចម្រៀងផ្នែកបុរាណ និងជាសមាជិកក្រុមតន្ត្រីបុរាណរបស់អ្នកនាង ខាត់ សួស្តី ស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងដោយជំងឺដ៏កាចសាហាវ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ព្រោះតែសភាពជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរ ដោយមានបញ្ហាហើមខួរក្បាលផង ឯគ្រឿងក្នុងខូចខាតអស់ផង។

៣. លោក អ៊ុន សិទ្ធា ជាតារាសម្តែងប្រុសមានឈ្មោះបោះសំឡេងមួយរូប ក្នុងវិស័យភាពយន្តខ្មែរប្រមាណ ២០ឆ្នាំមកនេះ ដែលទើបនឹងមរណភាពទៅថ្មីៗកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្សល់ទុកនូវក្តីអាឡោះអាល័យជាពន់ពេក ដោយសារតែលោកមិនធ្លាប់បង្ហាញពីទុក្ខលំបាកខ្លួនទាល់តែសោះ ស្រាប់តែជំងឺធ្វើទុក្ខចូលពេទ្យ ៥ថ្ងៃ ក៏បាត់បង់ជីវិតតែម្តង។ គួរឱ្យដឹងដែរថា តារាប្រុសរូបនេះ ធ្លាប់ជាតួប្រុសក្នុងភាពយន្តខ្នាតធំ រឿងភាគ ភាពយន្តប្រវត្តិសាស្ត្រ ក៏ដូចជាកិច្ចការងារផ្សេងទៀតក្នុងវិស័យបង្ហាញម៉ូដ និងជាពិធីករផងដែរ។

៤. ម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” លោក ម៉ារ៉ា ប៊ុណ្ណា ក្រោយឃ្លាតឆ្ងាយពីអាជីពសិល្បៈជាយូរហើយនោះ ស្រាប់តែនៅព្រឹកថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៥ មានដំណឹងនៃមរណភាពរបស់លោក ដោយសារគាំងបេះដូង។

លោក ម៉ារ៉ា ប៊ុណ្ណា ជាអតីតតារាចម្រៀងធ្លាប់មានកេរ្តិ៍ឈ្មោះមួយរូបកាលពីប្រមាណជិត ១០ឆ្នាំមុន។ ខណៈមុនស្ងប់ស្ងាត់ពីវិថីសិល្បៈ ពោលគឺអំឡុងឆ្នាំ២០១៧ លោក ម៉ារ៉ា ប៊ុណ្ណា ធ្លាប់​បញ្ចេញចម្រៀង Original song មួយបទ​​ចំណង​ជើង​ថា “ប៉ិអើយ! អើយប៉ិ!” ដែល​​​ជា​ការ​តែ​និពន្ធ​បទ​ភ្លេង ដោយ​តារា​ចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និពន្ធ​ទំនុក​ច្រៀង​ដោយ លោក ឡេង ណាវ៉ាត្រា ខណៈបច្ចុប្បន្នមានងារជាឧកញ៉ា និងមានផលិតកម្មជារបស់ខ្លួនទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម