ព័ត៌មានជាតិ
«កាយសម្បទា សុខភាព និងការរិះគន់»ជាមូលហេតុដែលហាមមន្ត្រីក្បាលពោះធំចុះបំពេញការងារក្រៅ
គោលការណ៍កាយសម្បទា សុខភាព និងសាធារណមតិ គឺជាមូលហេតុ ដែលប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ការណែនាំឱ្យមន្ត្រីក្រោមឱវាទដែលមានក្បាលពោះធំជ្រុល មិនអាចចេញបំពេញកិច្ចការងារខាងក្រៅបាន។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ មន្រ្តីមានក្បាលពោះធំជ្រុល មិនឱ្យចេញធ្វើការខាងក្រៅទៀតទេ ពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា ដោយប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យអង្គភាព ត្រូវរៀបចំកម្លាំងមានក្បាលពោះធំ ឱ្យធ្វើការក្នុងការិយាល័យ។
ការកំណត់នេះ ក៏ឧបនាយករដ្ឋមន្ត្រី ស សុខា មិនបានបិទផ្លូវដាច់ណាត់សម្រាប់អ្នកចង់ចេញក្រៅ ឬ បើមានតម្រូវការចេញប្រតិបត្តិការការងារខាងក្រៅនោះទេ គឺផ្ដល់ជម្រើសឱ្យហាត់ប្រាណ បន្ថយរបបអាហារមិនត្រឹមត្រូវ ជាដើម ដើម្បីឱ្យស្រកក្បាលពោះ ហើយមើលទៅសមរម្យ។

ឆ្លើយតបនឹងចម្ងល់ថា ហេតុអ្វីបានជាលោកឧបនាយករដ្ឋមន្ត្រី ណែនាំដូច្នេះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យផ្ទាល់លោក ស សុខា បានលើកគោលការណ៍ចំនួន៣ ទី១ គឺគោលការណ៍កាយសម្បទា ដែលជាកត្តាសត្យានុម័ត សម្រាប់កងកម្លាំងចេញប្រតិបត្តិការអនុវត្តច្បាប់នានា ត្រូវតែមានកាយសម្បទាមាំមួន មិនស្គមពេក មិនធាត់ពេក ជាពិសេសមិនគួរធាត់មានក្បាលពោះធំហួស ដែលនាំឱ្យមានការលំបាកពេលបំពេញការងារ ដូចជា បាត់ភាពរហ័សរហួន និងឆាប់ហត់ ជាដើម។
គោលការណ៍សំខាន់ទី២ គឺសុខភាព ដែលគោលការណ៍នេះ លោក រ៉េន រតនៈ លើកឡើងថា កងកម្លាំងដែលធាត់ហួស ក៏ដូចជនទូទៅដែរ ជារួមមានសុខភាពមិនសូវល្អទេ ប្រឈមនិងហានិភ័យគ្រប់ពេលវេលា។ ដូច្នេះ កងកម្លាំងត្រូវតែមានសុខភាពល្អ មាំមួន ដើម្បីបំពេញបេសកម្មបម្រើជាតិ និងប្រជាជនបានល្អ។ ម្យ៉ាងវិញទៀត ពួកគាត់មានសុខភាពល្អ ក៏ជាសំណាងរបស់រដ្ឋ និងក្រុមគ្រួសារ ដែលភាគច្រើនក៏មានប្ដី និងឪពុកជាកងកម្លាំងដែរ។

ចំណែក គោលការណ៍សាធារណមតិ គឺករណីនេះ កន្លងមក ទោះជាក្នុងចំណោមកងកម្លាំងសរុបមានតិចតួចករណីកងកម្លាំងមានក្បាលពោះធំជ្រុលនេះ ប៉ុន្តែពេលកងកម្លាំងនោះចេញប្រតិបត្តិការខាងក្រៅ ដូចជា សម្រួលចរាចរណ៍ និងបង្ក្រាបជនល្មើសជាដើម មហាជនតែងមានការចាប់អារម្មណ៍ និងនិយាយបង្អាប់ផង រិះគន់ផង ដូចជា បើក្បាលពោះធំឬធាត់ម្លឹងៗ តើដេញចាប់ជនល្មើសយ៉ាងម៉េច ជាដើម?
ដូច្នេះហើយបានជាប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត យកចិត្តទុកដាក់រៀបចំកងកម្លាំងដែលមានក្បាលពោះធំជ្រុលនេះ ឱ្យបំពេញការងារនៅខាងក្នុងការិយាល័យ ដោយជំរុញឱ្យខិតខំធ្វើលំហាត់ប្រាណ ពោលគឺបើចង់ចេញបំពេញការងារខាងក្រៅ ត្រូវតែហាត់ប្រាណ ដើម្បីធានាភាពមាំទាំ សុខភាពល្អ និងបញ្ចៀសការរិះគន់ទាំងឡាយ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


