ព័ត៌មានជាតិ
ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន រៀបចំឡើងដើម្បីលើកកម្ពស់គុណតម្លៃម្ហូបអាហារនៃប្រទេសទាំងពីរ
ក្រសួងទេសចរណ៍កម្ពុជា និងប្រទេសចិន បានរៀបចំពិព័រណ៌ ម្ហូបអាហាររយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៤ នេះ នៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប។ ថ្លែងក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ថា ការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ធ្វើឡើងដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហៃណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។ ជាពិសេសការជួយគាំទ្រដល់យុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” និងជាការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ”។
លោកបានបន្ដថា ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅពេលនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ ក៏បានប្រមូលផ្តុំគំនិត និងការចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗអំពីតួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ផ្នែកម្ហូបអាហារ ក្នុងការចូលរួមសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមរបស់កម្ពុជា-ចិន ដែលនឹងក្លាយជាកាលានុវត្តភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការអភិវឌ្ឍម្ហូបអាហារប្រទេសទាំងពីរ ប្រកបដោយភាពពេញចិត្ត និងបទពិសោធន៍ល្អប្លែក។

លោកបន្ដទៀតថា សមាសភាពម្ហូបអាហារជាផលិតផលទេសចរណ៍ម្ហូបអាហារ រួមចំណែកបង្កើតភាពចងចាំដល់ទេសចរអំពីគោលដៅដែលបានទស្សនា។ ក្នុងន័យនេះ ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ និងការរស់នៅក្នុងតំបន់ទៅកាន់ទេសចរជាតិ និងអន្តរជាតិ។ ការកែច្នៃ ការចងក្រងខ្លឹមសារ និងការបង្ហាញអំពីម្ហូបអាហារ នឹងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការមកដល់នៃទេសចរជាតិ និងអន្តរជាតិ។ វិជ្ជាជីវៈផ្នែកម្ហូបអាហារ ទាមទារទាំងឆន្ទៈ ចំណេះដឹង ជំនាញ ឥរិយាបថ សិល្បៈ និងគំនិតច្នៃប្រឌិត ដែលមិនអាចខ្វះបាន។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែចូលរួមទាក់ទាញទេសចរជាតិ-អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមជំរុញសហគ្រិនភាព ការបង្កើតថ្មី និងភាពច្នៃប្រឌិតអំពីសិល្បៈនៃម្ហូបអាហារផងដែរ។
ចំណែកលោក លូ ឈីស៊ី (Lu Qizhi) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជាក៏មានវប្បធម៌ដ៏ស្រស់ផូរផង់ រីឯវប្បធម៌ម្ហូបអាហារមានលក្ខណៈពិសេសប្លែក ការភ្លក់ឱជារសនៃម្ហូបអាហារក្នុងស្រុកគឺជាអ្វីដែលភ្ញៀវទេសចរចិនគួរធ្វើ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា។ លោកថា ម្ហូបអាហារបានក្លាយជាស្ពានមួយសម្រាប់ប្រជាជនចិន និងកម្ពុជាក្នុងការស្គាល់ពីគ្នាទៅវិញទៅមក និងសម្រាប់ការផ្លាស់ប្តូររៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ចិននិងកម្ពុជា។ លោកជឿជាក់ថា តាមរយៈកម្មវិធីសប្តាហ៍ម្ហូបអាហារនេះ មិនត្រឹមតែបានភ្លក់ពីរសជាតិអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរាប់អានមិត្តភាពដោយតាមរយៈម្ហូបអាហារ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងជំរុញការផ្លាស់ប្តូរវប្បធម៌គ្នាឱ្យកាន់តែស៊ីជម្រៅ។

លោកថា ការងារបន្ទាប់ នឹងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជនកាន់តែអស្ចារ្យជាច្រើនទៀតនៅក្នុងខេត្តសៀមរាប រួមទាំងកិច្ចប្រជុំទីក្រុងចំណងមេត្រីភាពរវាងចិន-កម្ពុជា ពិព័រណ៍ទេសចរណ៍ជាដើម ដើម្បីបន្តបង្កើនប្រជាប្រិយភាពសម្រាប់ការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងចិន និងកម្ពុជា ដើម្បីចាក់ឫសគល់ឱ្យកាន់តែរឹងមាំសម្រាប់ប្រជាជនក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕
ដោយ៖ គឿន វេត




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


