ព័ត៌មានជាតិ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្ដល់អាហារ នៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍សប្ដាហ៍ក្រោយ
រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលហ្វីលីពីន និងកូរ៉េខាងត្បូង នឹងទទួលរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៨-២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅក្រុងសៀមរាប ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ១២ វិច្ឆិកា បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងត្រូវរៀបចំក្រោមក្របខណ្ឌ នៃសម្ព័ន្ធ ប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនសកល ហើយនឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តពីបណ្តាប្រតិបត្តិករ នៃកម្មវិធីផ្តល់អាហារនៅសាលារៀនក្នុងតំបន់ ក្នុងការជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ។
កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាង នៃស្ថាប័នពាក់ព័ន្ធជាន់ខ្ពស់ ដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាតំណាងមកពីប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូង។
កិច្ចប្រជុំនេះ ជាសក្ខីកម្ម នៃកាលានុវត្តភាពដ៏ចាំបាច់បំផុត ដែលស្ថាប័នពាក់ព័ន្ធទាំងអស់ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវរួមសហការលើគោលនយោបាយ ដែលមានគោលដៅ លើកកម្ពស់សុខភាព ការអប់រំ និងសក្ដានុពលនាថ្ងៃអនាគតសម្រាប់កុមារ តាមរយៈនិរន្តរភាព នៃកម្មវិធី ផ្តល់អាហារនៅសាលារៀន។

លើសពីនេះទៀត កិច្ចប្រជុំនេះ មានគោលបំណងធានាឱ្យបានកាន់តែច្បាស់លាស់ថា កុមារនៅ បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗ ទៀត នឹងទទួលបានអាហារនៅសាលារៀនប្រកបដោយអាហារូបត្ថម្ភខ្ពស់ និងសុខភាពប្រសើរ នៅត្រឹមបំណាច់ឆ្នាំ ២០៣០។
ចំពោះរបៀបវារៈ នៃកិច្ចប្រជុំកំពូលនេះ នឹងរួមបញ្ចូលការពិភាក្សា លើការពង្រឹងគុណភាព និងប្រសិទ្ធភាព ការកែលម្អក្របខណ្ឌគោលនយោបាយ ការធ្វើឱ្យប្រសើរឡើងនូវយន្តការហិរញ្ញប្បទាន និងការបំផុស កិច្ចសម្របសម្រួលអន្តរវិស័យ នៃការអនុវត្តកម្មវិធីផ្តល់អាហារ និងការគាំទ្រផ្នែកអាហារូបត្ថម្ភនៅសាលារៀន។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសេចក្ដីជូនដំណឹងនេះថា កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់ អាស៊ីអាគ្នេយ៍ ជាវេទិកាដ៏ពិសេសមួយដែលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ អាចប្រមូលផ្ដុំគ្នាផ្លាស់ប្ដូរឧត្តមានុវត្តន៍ និងបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការផ្តល់អាហារដែលប្រកបដោយអាហារូបត្ថម្ភដល់កុមារ ដែលជាការតម្កល់ភាពចាំបាច់ នៃកម្មវិធីផ្តល់អាហារនៅសាលារៀន ជាឧបករណ៍មួយ នៃកម្មវិធីជាតិ គាំពារសង្គម។ កិច្ចប្រជុំនេះ នឹងគូសបញ្ជាក់ពីបំណងប្រាថ្នា នៃកម្ពុជា ចំពោះការបណ្តុះមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខុមាលភាព នៃកុមារ។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើកសិផលសហគមន៍ ដោយមានវិសាលភាពលើសាលាបឋមសិក្សាគោលដៅប្រមាណ ២ ភាគ ៣ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការសម្រេចបានការគ្របដណ្ដប់ផ្នែកថវិកាអនុវត្តកម្មវិធីឱ្យបានដល់សាលាបឋមសិក្សាចំនួន ១១១៤ និងផ្តល់អាហារជូនដល់កុមារឱ្យបាន ៣០០ ពាន់នាក់ នៅអំឡុងឆ្នាំ ២០២៨។
កម្មវិធីនេះ ក៏បានអនុវត្តទន្ទឹមគ្នាជាមួយកម្មវិធីអាហារូបករណ៍ ជាសាច់ប្រាក់ ដែលផ្តល់ជូនសិស្សានុសិស្សមកពីគ្រួសារក្រីក្រពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សា ទុតិយភូមិប្រមាណ ៦៥ ម៉ឺននាក់។ ប្រការនេះ ជាការធានាបាននូវការគាំពារផ្នែកអាហារូបត្ថម្ភសមរម្យ និងបរិស្ថានស្បៀងអាហារសមប្រកប ដែលអាចរក្សាប្រសិទ្ធភាព នៃដំណើរការលទ្ធកម្ម និងការចែក ចាយស្បៀងអាហារ ការកសាងសមត្ថភាពស្ថាប័ន និងការធានានិរន្តរភាព នៃហិរញ្ញប្បទាន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


