ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ បញ្ហាប្រឈមនៃបដិវត្តន៍ពណ៌ គឺអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច និងការធ្លាក់ខ្លួនក្នុងសង្គ្រាមស៊ីវិល
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ហាប្រឈមខ្លាំងនៃ បដិវត្តន៍ពណ៌ គឺបង្កឱ្យមានអស្ថិរភាពនយោបាយ មានវិបត្តិសេដ្ឋកិច្ច និងនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញ។

លោកបណ្ឌិត លើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាភ្នំពេញលើកទី៣ស្តីពី បដិវត្តន៍ពណ៌ និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត៖ បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ។ វេទិកាភ្នំពេញលើកទី៣ នឹងធ្វើឡើងមួយថ្ងៃពេញ ដោយមានការចូលរួមជជែកពិភាក្សាពីសាស្រ្តាចារ្យ បណ្ឌិត អ្នកជំនាញនានានៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសចិន កូរ៉េខាងត្បូង បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងប្រទេសរុស្ស៊ីផងដែរ។
ក្នុងកិច្ចស្វាគមន៍វេទិកា បណ្ឌិត គិន ភា បញ្ជាក់ថា បដិវត្តន៍ពណ៌ មិនត្រឹមតែបានផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅក្នុងប្រទេស ដែលបដិវត្តន៍នោះបានផ្ទុះឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលយ៉ាងឆាប់រហ័ស ទៅលើការពិភាក្សាទូលំទូលាយអំពីលទ្ធិប្រជាធិបតេយ្យ ការតស៊ូរបស់ប្រជាជនស៊ីវិល អធិបតេយ្យជាតិ ឯករាជ្យ ឥទ្ធិពលនៃមហាអំណាចខាងក្រៅ និងសណ្តាប់ធ្នាប់អន្តរជាតិផង។ ជាមួយគ្នានេះ គេសម្គាល់ឃើញមានទស្សនៈចម្រុះជុំវិញអត្ថិភាព និងឥទ្ធិពលនៃបដិវត្តន៍ពណ៌នេះ អ្នកខ្លះយល់ថា បដិវត្តន៍ពណ៌ជាដំណើរការជាធម្មតាក្នុងសង្គម ប្រជាធិបតេយ្យសំដៅលើកកម្ពស់សេរីភាពនិងយុត្តិធម៌សង្គមកាន់តែប្រសើរឡើង ប៉ុន្តែអ្នកខ្លះទៀតយល់ថា វាជាឧបករណ៍នយោបាយរបស់មហាអំណាចដោយប្រើប្រាស់អ្នកនយោបាយប្រឆាំងឬកម្លាំងមហាជនដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេសណាមួយ និងជាបញ្ហាប្រឈមចំពោះ អធិបតេយ្យជាតិ។

លោកបញ្ជាក់បន្តថា ឥទ្ធិពលនៃបដិវត្តន៍ពណ៌បាននាំទៅរកការផ្លាស់ប្តូររបបនយោបាយ ការបង្កើតបទដ្ឋាននយោបាយថ្មី ឬការផ្លាស់ប្តូរមេដឹកនាំថ្មី។ ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត បដិវត្តន៍ពណ៌បានបង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ចនិងរហូតដល់នាំប្រទេសជាតិ ឱ្យចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញទៀតផង។ ហេតុនេះ លោកបណ្ឌិត បានសង្កត់ធ្ងន់ពីការលើកយកវេទិកាភ្នំពេញលើកទី៣ឡើងមក ដើម្បីឈ្វេងយល់ពីឥទ្ធិពលនៃបដិវត្តន៍ពណ៌ និងសួរខ្លួនឯងថា តើប្រជាជាតិនានាអាចការពារអធិតេយ្យរបស់ខ្លួនដោយរបៀបណា ទន្ទឹមគ្នានឹងការបើកចំហដើម្បីការរីកចម្រើន? តើប្រជាធិបតេយ្យអាចរីកចម្រើនដោយរបៀបណា ដោយមិនក្លាយជាឧបករណ៍សម្រាប់ជាឧបាយកលរបស់មហាអំណាចខាងក្រៅ? ។
បន្ថែមពីនេះ លោកបណ្ឌិតថា សណ្តាប់ធ្នាប់ពិភពលោកកំពុងវិវត្តបានបង្ហាញពីភាពស្មុគស្មាញកាន់តែខ្លាំងឡើង។ ស្របពេលដែលជវភាពអំណាចមានការផ្លាស់ប្តូរ និងស្របពេលដែលបច្ចេកវិទ្យាកាន់តែកើនឡើងឈានទៅដល់នៃគំនិតអន្តរកម្មរវាងចលនាក្នុងស្រុក និងចរន្តពិភពលោកកាន់តែលេចឡើងច្បាស់។
ហេតុដូចនេះហើយ ទើបវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារៀបចំវេទិកានេះឡើងមក ដើម្បីស្វែងយល់ពីរបៀបដែលបដិវត្តន៍ពណ៌បានប្រឈមនឹងសញ្ញាណបែបប្រពៃណីអំពីអធិបតេយ្យ និងថា តើបដិវត្តន៍ពណ៌ លើកកម្ពស់ ឬបង្កអស្ថិរភាពនៃអភិបាលកិច្ចបែបប្រជាធិបតេយ្យ។ វេទិកានេះនឹងពិនិត្យមើលភាពតានតឹងរវាងចលនានយោបាយក្នុងស្រុកនិងការឆ្លើយតបរបស់អន្តរជាតិ ដោយឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃបដិវត្តន៍ពណ៌ទៅលើអភិបាលកិច្ចសកល អធិបតេយ្យរបស់រដ្ឋ និងនិយាមអន្តរជាតិដែលកំពុងលេចឡើងនៅក្នុងសតវត្សរ៍ទី២១នេះ។ វេទិកាមានគោលបំណងសំខាន់៤ ដូចជា ទី១. វិភាគលើជវភាពនៃបដិវត្តន៍ ពណ៌, ទី២.ស្វែងយល់ចំណុចប្រសព្វគ្នារវាងអធិបតេយ្យនិងនិយាមអន្តរជាតិ, ទី៣. វាយតម្លៃឥទ្ធិពលនៃភូមិសាស្ត្រនយោបាយទៅលើសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងកើតឡើង និងទី៤ ផ្ដល់គំនិតអំពីយុទ្ធសាស្រ្តនិងយន្តការដើម្បីបង្ការបដិវត្តន៍ពណ៌។ នេះបើតាមបណ្ឌិត គិន ភា។

តាមរយៈវេទិកាភ្នំពេញលើកតី៣នេះ លោកបណ្ឌិត គិន ភា ជឿជាក់ថា មិនត្រឹមតែធ្វើឱ្យអ្នកចូលរួមយល់ដឹងច្រើនពីបញ្ហាដែលមាននៅក្នុងដៃប៉ុណ្ណោះទេ ប៉ុន្ថែទាំងជំរុញឱ្យមានវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះផងដែរ។ លើសពីនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តរៀបចំវេទិកាភ្នំពេញនេះជាបន្តបន្ទាប់ទៀត ដោយលើកយកប្រធានបទល្អៗ ដែលឆ្លើយតបទៅនឹងស្ថានការណ៍ និងតម្រូវការតំបន់និងសាកលលោក មកពិភាក្សាបន្តទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


