ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន៖បរិបទឌីជីថល ប្រព័ន្ធផ្សព្វផ្សាយទំនើបដើរទៅមុខ តែបែបបុរាណប្រឈមការបិទទ្វារ
បរិបទឌីជីថល និងការរីកចម្រើនឆាប់រហ័សផ្នែកបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីជំនួសឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណ រួមមាន ទូរទស្សន៍ វិទ្យុ កាសែត ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណខ្លះប្រឈមការបិទទ្វារ ដោយសារតែបាត់ចំណូលពីពាណិជ្ជកម្ម។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។

ក្នុងពិធីបើកសន្និសីទស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា «ប្រព័ន្ធផ្សព្វផ្សាយបុរាណ បានធ្លាក់ចុះតួនាទី ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទំនើប បានដើរតួនាទីដ៏សំខាន់»។ លោករដ្ឋមន្ត្រី បន្តថា ប្រព័ន្ធផ្សព្វផ្សាយបុរាណ បាននិងកំពុងជួបប្រទះបញ្ហាប្រឈម «ខ្សែមួយ ចំណងពីរ» ដែលមានន័យថា បាត់បង់ទាំងអ្នកមើល បាត់បង់ទាំងចំណូលពីការផ្សាយពាណិជ្ជកម្ម។
តាមការបញ្ជាក់ឱ្យដឹងដោយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា គឺនៅឆ្នាំ២០១៦ ថវិកាចំនួន ១១៦លានដុល្លារ ត្រូវបានចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយបុរាណ គឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ប៉ុន្តែនៅឆ្នាំ២០២៤ ការចំណាយថវិកាលើការផ្សាយពាណិជ្ជកម្ម គឺត្រឹមតែ ៨០លានដុល្លារប៉ុណ្ណោះ។ ខណៈចរន្តការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រព័ន្ធឌីជីថល នៅឆ្នាំ២០១៦ គឺចំណាយថវិកាត្រឹមតែកន្លះលានដុល្លារ ក៏ប៉ុន្តែនៅឆ្នាំ២០២៤ ការចំណាយថវិកាលើផ្សាយពាណិជ្ជកម្មលើផលិតផលទាំងអស់ គឺមានប្រមាណ១៧០លានដុល្លារ។

លោករដ្ឋមន្ត្រី ចាត់ទុកថា នេះជាការផ្លាស់ប្តូរចរន្តនៃការប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបនៅកម្ពុជា។ ន័យនេះ បើស្ថាប័នផ្សព្វផ្សាយ ដែលមិនបានធ្វើសមារណកម្មខ្លួនក្នុងបរិបទឌីជីថលទេ នោះ គឺត្រូវតែប្រឈមមុខនឹងការបិទទ្វារ ខណៈស្ថាប័នផ្សព្វផ្សាយមួយចំនួន ដែលបានធ្វើសមារណកម្មទៅក្នុងប្រព័ន្ធបែបឌីជីថលទាន់ពេល គឺអាចមានលទ្ធភាពបន្តសកម្មភាពអាជីវកម្មរបស់ខ្លួន។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រីព័ត៌មាន។

គួរជម្រាបថា តាមទិន្នន័យដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន គិតមកទល់ពេលនេះ ក្រោយធ្វើបច្ចុប្បន្នភាព គឺមានប្រព័ន្ធផ្សព្វផ្សាយ ទាំងបុរាណ និងទាំងទំនើប ត្រឹមតែ ១៦២០អង្គភាពប៉ុណ្ណោះ បើប្រៀបពីមុនមានជាង ២ពាន់អង្គភាព ដោយសារអង្គភាពមួយចំនួន បានបិទទ្វារជាបន្តបន្ទាប់ ព្រោះជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក