ព័ត៌មានជាតិ
ជាសមាជិកគណៈកម្មការកសាងសន្តិភាព UN កម្ពុជាប្ដេជ្ញាចែករំលែកបទពិសោធន៍ដល់រដ្ឋដទៃពីការកសាងសន្តិភាព
ជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) កម្ពុជាបានបញ្ជាក់ពីការប្ដេជ្ញាចិត្តធ្វើជាដៃគូជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកចែករំលែកបទពិសោធន៍ដល់រដ្ឋដទៃពីការកសាងសន្តិភាព ធ្វើយ៉ាងណាធានាឱ្យបានសន្តិភាពពិភពលោក។

ថ្លែងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំរបស់កម្ពុជាជាលើកដំបូងនៅក្នុងគណៈកម្មការកសាងសន្តិភាព បន្ទាប់ពីបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាព លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ គូសបញ្ជាក់ថា ក្នុងតួនាទីថ្មីរបស់កម្ពុជាជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាព កម្ពុជាមានឆន្ទៈក្នុងការសហការជាមួយនឹងសមាជិកដទៃទៀត ដើម្បីពង្រឹងការងាររបស់គណៈកម្មការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
លោក ប្រកាសថា កម្ពុជាប្តេជ្ញារួមចែករំលែកការយល់ដឹង ដែលទទួលបានពីដំណើរកសាងសន្តិភាពរបស់ខ្លួនឯងផ្ទាល់ និងរួមចំណែកជាវិភាគទាននូវធនធានរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់គណៈកម្មការនេះ។

លោក កែវ ឈា បន្ថែមថា កម្ពុជានឹងប្តេជ្ញាធ្វើការរួមគ្នាជាមួយមូលនិធិកសាងសន្តិភាព និងក្រុមប្រឹក្សាផ្តល់យោបល់ទី៨ របស់អង្គការសហប្រជាជាតិ នៃមូលនិធិរក្សាសន្តិភាព ដើម្បីសម្រេចបាននូវគោលដៅរួម ជាអាទិ៍ ចក្ខុវិស័យប្រកបដោយមហិច្ឆិតាដែលមានចែងក្នុងកតិកាសញ្ញាសម្រាប់អនាគត និងរបៀបវារៈថ្មីសម្រាប់សន្តិភាព ហើយក៏ទន្ទឹងរង់ចាំចូលរួមចំណែកយ៉ាងសកម្មដល់ការពិនិត្យឡើងវិញនូវនិម្មាបនកម្មកសាងសន្តិភាពឆ្នាំ២០២៥។
សេចក្ដីថ្លែងការណ៍របស់លោកតំណាងអចិន្ត្រៃយ៍កម្ពុជា បានចាត់ទុកគណៈកម្មការកសាងសន្តិភាព និងមូលនិធិកសាងសន្តិភាព ថា ជាសសរស្តម្ភ ដែលមិនអាចខ្វះបានក្នុងការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ សម្របសម្រួលការស្តារឡើងវិញក្រោយជម្លោះ និងការកសាងសង្គមប្រកបដោយនិរន្តរភាព និងភាពធន់។

ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងស្ថាបនាក្នុងការងាររបស់គណៈកម្មការកសាងសន្តិភាព។ តំណាងអចិន្ត្រៃយ៍កម្ពុជា ថ្លែងដូច្នេះថា «យើងប្តេជ្ញាប្រកាន់ខ្ជាប់គោលការណ៍របស់អង្គការសហប្រជាជាតិ និងធ្វើការក្នុងភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាព»។
សូមជម្រាបដែរថា កម្ពុជា រួមទាំងប្រទេសចំនួន ៤ទៀត ត្រូវបានសម័យប្រជុំពេញអង្គ លើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតឱ្យជាប់ជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពរអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០២៥-២០២៦ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ការជាប់ឆ្នោតរបស់កម្ពុជា ឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្តយ៉ាងមុតមាំពីសំណាក់សហគមន៍អន្តរជាតិនៅក្នុងភាពជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែករបស់កម្ពុជាចំពោះស្ថានប័នពហុភាគី។

បន្ទាប់ពីបានជាប់ឆ្នោតក្នុងគណៈកម្មការ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាពនេះជាមួយនឹងក្រុមប្រឹក្សាផ្តល់យោបល់ទី៨ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៃមូលនិធិរក្សាសន្តិភាព ដើម្បីស្វែងរកវិធីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគ្នារវាងការងាររបស់គណៈកម្មការទៅនឹងមូលនិធិរក្សាសន្តិភាព៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


