ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានអំពាវនាវដល់ការចូលរួមអភិរក្សសត្វផ្សោត
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះលោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួមការពារនិងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូណ៌បែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋានតាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ បង្កើនចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។

ថ្លែងក្នុងពេលចុះពិនិត្យមូលដ្ឋានក្នុងខេត្តក្រចេះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថាសត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ លោកបន្ថែមថាក្រៅពីជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា សត្វនេះក៏បានផ្ដល់ចំណូលដល់សហគមន៍មូលដ្ឋានជាច្រើនផងដែរ។
លោកថា៖ «បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ ក្បាលដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិនិងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារនិងចំណូលជូនដល់សហគមន៍មូលដ្ឋាន»។

ខេត្តក្រចេះមានទីតាំងទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើនដូចជាអន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ , តំបន់សហ គមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ, រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានកោតសរសើររដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត និងគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍សហគមន៍ដែលបានចូលរួមរៀបចំពង្រឹងករធ្វេីបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសេីរ, បម្រេីសេវាកម្មជូនភ្ញៀវឱ្យបានល្អ, រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវបានល្អ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


