ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អេដស៍ អំពាវនាវយុវវ័យប្រុងប្រយ័ត្នចំពោះមេរោគអេដស៍ ខណៈអត្រាឆ្លងថ្មីចំណោមយុវវ័យមានការកើនឡើង
មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវដល់យុវវ័យមានការប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគអេដស៍ ខណៈអត្រាឆ្លងថ្មីក្នុងចំណោមយុវវ័យមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

ការអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី ១៤ កុម្ភៈ ទិវា នៃក្តីស្រលាញ់ នៅសួនកោះនរា ក្នុងទិវាស្រោមអនាម័យអន្តរជាតិ ដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ស្ថាប័នរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។

ថ្លែងក្នុងទិវាស្រោមអនាម័យអន្តរជាតិ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា តាមការប៉ាន់ស្មានឆ្នាំ ២០២៣ មានយុវវ័យប្រមាណ ៤៣% បានឆ្លងថ្មី នៃមេរោគអេដស៍ ក្នុងចំណោមអ្នកឆ្លងថ្មី ១ ២០០ នាក់។

លោកអគ្គលេខាធិការ បានពន្យល់ថា ការកើនឡើងអត្រាឆ្លងថ្មី នៃមេរោគអេដស៍ទៅលើក្រុមយុវវ័យនេះ ដោយសារការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមយុវវ័យមានការថយចុះ និងមានយុវវ័យខ្លះគិតថា ជំងឺអេដស៍បានបញ្ចប់ ហើយធ្វើឱ្យពួកគាត់ធ្វេសប្រហែសនៅពេលរួមភេទដោយមិនប្រើស្រោមអនាម័យ។ លើសពីនេះទៀត ការទំនាក់ទំនងតាមបច្ចេកវិទ្យាទំនើបមានភាពងាយស្រួលដល់យុវវ័យក្នុងការទំនាក់ទំនងស្នេហាជាងមុនបានលឿន និងជួបគ្នាផ្ទាល់ ដែលខុសពីមុនទម្រាំបានជួបគ្នាមានការលំបាក។

លោកអគ្គលេខាធិការ បានអំពាវនាវដល់យុវវ័យបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគអេដស៍ ព្រោះថាជំងឺអេដស៍នៅមិនទាន់បញ្ចប់នៅឡើយទេ។

លោកអគ្គលេខាធិការ បានបន្ថែមថា «នេះមិនមានន័យថាលើកទឹកចិត្តឱ្យយុវវ័យរបស់យើងបន្តការរួមភេទទេ។ វ័យនេះជាវ័យកំពុងសិក្សាធ្វើម៉េចឱ្យមានចំណេះដឹង និងកុំប្រញាប់រឿងស្នេហា។ ត្រូវស្វែងយល់ពីបញ្ហាសុខភាពដូចជា ជំងឺអេដស៍ ជំងឺមិនឆ្លង ជំងឺឆ្លង ពិសេសបញ្ហាសុខភាពបន្តពូជ ដើម្បីបង្ការការពារខ្លួនកុំឱ្យឆ្លងជំងឺទាំងនោះ។ ព្រោះថាប្អូនៗ ជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ស្នងប្រទេសជាតិយើង»។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា ដោយសារជំងឺអេដស៍នៅមិនទាន់បញ្ចប់ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ឆ្នាំ ២០២៣-២០២៨ កាលពី ១៥ ខែមីនា ឆ្នាំ ២០២៤ ដើម្បីធ្វើយ៉ាងណាឱ្យអត្រាឆ្លងថ្មី នៃមេរោគអេដស៍នៅក្រោម ១ នាក់ ក្នុង ១ ថ្ងៃ ឬ រង្វង់ក្រោម ២០០ នាក់ ក្នុង ១ ឆ្នាំ ខណៈឆ្នាំ ២០២៣ មានអ្នកឆ្លងថ្មី ១ ២០០ នាក់។ អ្នកស្លាប់តិចជាង ២០០ នាក់ ក្នុង ១ ឆ្នាំ ខណៈឆ្នាំ ២០២៣ មានអ្នកស្លាប់ ១ ១០០ នាក់ និងលុបបំបាត់ការរើសអើងចំពោះអ្នកជំងឺអេដស៍។
លោកអគ្គលេខាធិការ បានឱ្យដឹងទៀតថា ដូចនេះការផ្សព្វផ្សាយស្តីពីជំងឺអេដស៍មេរោគអេដស៍ដល់យុវវ័យក្នុងទិវាស្រោមអនាម័យអន្តរជាតិក្នុងទិវា នៃក្តីស្រលាញ់នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអត្រាឆ្លងថ្មី នៃមេរោគអេដស៍ក្នុងចំណោមយុវវ័យ។
លោក អ៊ុង គឹមហ៊ាង ប្រធានកម្មវិធីបង្ការ ប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍តំណាង លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានមានប្រសាសន៍ថា ការៀបចំទិវាស្រោមអនាម័យអន្តរជាតិក្រោមប្រធានបទ«កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវក្នុងចំណោមយុវវ័យ ដើម្បីបង្ការទប់ស្កាត់ការចម្លងជំងឺអេដស៍ កាមរោគ និងទប់ស្កាត់មិនឱ្យមានផ្ទៃពោះតាមព្រាងទុក។
លោក អ៊ុង គឹមហ៊ាង បានបន្តថា ការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូ គឺជាការបង្ហាញ នៃសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់ គឺបង្ហាញដោយការប្រើស្រោមអនាម័យ ហើយជាពិសេសស្រោមអនាម័យបានជួយសង្គ្រោះជីវិតជាច្រើន ហើយវានឹងជួយសង្គ្រោះជីវិតមនុស្សជាច្រើនទៀត យើងសាទរចំពោះស្រោមអនាម័យ។
លោកបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រសាសន៍ថា នៅទូទាំងអាស៊ី វប្បធម៌ នៃការរើសអើង និងកង្វះការអប់រំ បន្តរារាំងដល់មនុស្សរាប់លាននាក់ពីការទទួលបានស្រោមអនាម័យ។ ដូច្នេះទិវាស្រោមអនាម័យអន្តរជាតិ គឺជាការក្រើនរំលឹកថា យើងត្រូវដោះស្រាយឧបសគ្គទាំងនេះ ជាមួយនឹងការអប់រំយ៉ាងទូលំទូលាយ និងធានាថាស្រោមអនាម័យត្រូវបានចាត់ទុកជាធនធានសុខភាពសាធារណៈដ៏សំខាន់ មិនមែនជារបស់ប្រណីតនោះទេ តែស្រោមអនាម័យនៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ក្នុងការបង្ការមនុស្សគ្រប់រូបពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឱ្យដឹងថា បច្ចុប្បន្នអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បាននិងកំពុងអនុវត្តការងារសកម្មភាពក្នុងការចូលរួមចំណែកយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ដោយបច្ចុប្បន្នអង្គការបាននិងកំពុងផ្តល់ការគាំទ្រសកម្មភាពដល់គ្លីនិកផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន ៤២ កន្លែង និងធ្វើតេស្តរកមេរោគអេដស៍ ២៧ កន្លែង ទូទាំង ១៩ ខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកវេជ្ជបណ្ឌិត បានបន្តថា ព្រឹត្តិការណ៍ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ ២០២៥ មានកម្មវិធីជាច្រើនដូចជា ៖ ការដង្ហែក្បួន ការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ ការធ្វើតេស្តរកមេរោគអេដស៍ ការប្រមូលផ្តុំគ្នាចែករំលែកចំណេះដឹង និងសកម្មភាពកម្សាន្តសប្បាយផ្សេងៗ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


