ព័ត៌មានជាតិ
កម្ពុជា-អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំង២
ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៉ីស្រាអែលប្រចាំកម្ពុជា បានជួបពិភាក្សាការងារ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី នៃកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសទាំង២ ដើម្បីពង្រឹងកិច្ចសហការ និងមិត្តភាពកាន់តែល្អប្រសើរទៅមុខទៀត។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនេះ កម្ពុជា និងអ៉ីស្រាអែល នឹងសម្របសម្រួលជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ផ្អែកលើគោលដៅអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ រួមមាន៖ ១.សម្របសម្រួលជំរុញ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង គ្រឹះស្ថានអប់រំ និងវិជ្ជាជីវៈ នៃប្រទេសទាំងពីរ, ២. ជំរុញឱ្យមានការចូលរួមក្នុងទស្សនកិច្ចសិក្សាអប់រំ និងវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធផ្សេងៗ ដែលត្រូវបានផ្តួចផ្តើមដោយភាគីណាមួយ, ៣.ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាង គ្រូបង្រៀន ជំនួយការគ្រូបង្រៀន និងនាយកសាលា នៅកម្រិតមត្តេយ្យសិក្សាបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា។
ចំណុចទី៤ ការផ្លាស់ប្តូរកម្មវិធីសិក្សាគរុកោសល្យ វិធីសាស្ត្របង្រៀន និងសម្ភារៈផ្សេងៗ, ទី៥ ផ្លាស់ប្តូរព័ត៌មានដែលផ្តល់ផលប្រយោជន៍រួម ដូចជា ព័ត៌មានស្តីពីបរិយាបន្នសង្គមក្នុងវិស័យអប់រំ កម្មវិធីជួយដល់សិស្សក្រីក្រ និងកុមារពិការ, ការអប់រំសិស្សពូកែ និងសិស្សឆ្នើម។ ចំពោះចំណុចទី៦ ជំរុញឱ្យមានការអភិវឌ្ឍកម្មវិធីសិក្សាភាសាអ៉ីស្រាអែល ក្នុងប្រទេសកម្ពុជា និងកម្មវិធីសិក្សាភាសាខ្មែរ ក្នុងប្រទេសអ៉ីស្រាអែល។ ចំណុចទី៧ គឺលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសតាមរយៈការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងស្រាវជ្រាវអ្នកជំនាញ និងបញ្ញវន្តក្នុងប្រទេសទាំងពីរ ការចូលរួមទៅវិញទៅមកក្នុងសន្និសីទស្តីពីវិទ្យាសាស្ត្រ ការផ្លាស់ប្តូរផ្នែកកីឡា និងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកស្រី Orna Sagiv បានលើកឡើងពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្លាស់ប្តូរនិស្សិត ការចុះកម្មសិក្សាជំនាញកសិកម្ម ឧស្សាហកម្ម វិស្វកម្ម បច្ចេកវិទ្យា និងការអប់រំ។ លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានចែករំលែកពីលក្ខណៈពិសេសនៃប្រព័ន្ធអប់រំរបស់អ៉ីស្រាអែល ដែលមានការរៀបចំគន្លងអប់រំតាំងពីថ្នាក់ទី២ និងការផ្តោតយកចិត្តទុកដាក់លើការអប់រំតាំងវ័យកុមារតូច ជាពិសេស ចំពោះកុមារអូទីហ្សឹម ដោយមិនទុកពួកគេឱ្យនៅដាច់ដោយឡែកឡើយ ហើយថែមទាំងជួយឱ្យពួកគេអាចស្វែងរកឃើញទេពកោសល្យពិសេសរបស់ខ្លួន និងបន្តសម្រួចសក្តានុពលនេះឱ្យកាន់តែខ្លាំងឡើងផងដែរ។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកឡើងពីគោលការណ៍ស្រដៀងគ្នារបស់រដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការអប់រំកុមារតូច និងយកចិត្តទុកដាក់លើការពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងតាំងពីកម្រិតបឋមសិក្សា។ ចំពោះបច្ចុប្បន្ន លោកបណ្ឌិតសភាចារ្យ ថា កម្ពុជា កំពុងយកចិត្តទុកដាក់លើការ បំប៉នជំនាញសតវត្សទី២១ ការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី និងបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការរៀន និងបង្រៀន សំដៅបង្កើតបរិយាកាសសប្បាយរីករាយក្នុងការរៀនសូត្រ និងជំរុញឱ្យសិស្សយល់ខ្លឹមសារមេរៀនឆាប់រហ័ស តាមរយៈសាលារៀនជំនាន់ថ្មី ក្រសួងបានបន្តដាក់បញ្ចូលនូវនវានុវត្តន៍ក្នុងវិស័យអប់រំ កម្មវិធីស្វ័យសិក្សា និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដើម្បីត្រៀមសិស្សឱ្យបានរួចរាល់សម្រាប់ទីផ្សារការងារនាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា រំពឹងថា កិច្ចព្រមព្រៀងថ្មីនេះ នឹងត្រួសត្រាយផ្លូវឈានទៅសម្រេចបានគោលដៅថ្មីៗរួមគ្នាកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រទេសទាំងពីរ៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


