ព័ត៌មានជាតិ
តំណាងកម្ពុជានៅហ្សឺណែវ សម្តែងការខកចិត្តចំពោះគណៈប្រតិភូហ្វាំងឡង់
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ អសប នាទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះគណៈប្រតិភូហ្វាំងឡង់ ដែលបានបដិសេធមិនប្រកាន់យកវិធីសាស្ត្រប្រកបដោយភាពសត្យានុម័ត ក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ប្រតិកម្មរបស់លោក អាន សុខខឿន បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី កិច្ចសហប្រតិបត្តិការបចេ្ចកទេស ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទីក្រុងហ្សឺណែវ។
លោក អាន សុខខឿន លើកឡើងថា ការអំពាវនាវឱ្យកម្ពុជាសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការមិនអើពើរបស់ហ្វាំងឡង់ចំពោះការពិតនៅកម្ពុជា។ វត្តមានជិតបីទសវត្សរ៍នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលបច្ចុប្បន្ននេះ ក្លាយជាការិយាល័យវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដោយបើកចំហ និងស្ថាបនារបស់កម្ពុជា ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ កាលពីខែធ្នូ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានបន្តសុពលភាពអនុស្សរណៈយោគយល់ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រការនេះស្ដែងឱ្យឃើញយ៉ាងច្បាស់នូវការបេ្ដជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សគ្រប់ប្រភេទ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស។
បើតាមលោក អាន សុខខឿន ជារឿងគួរឱ្យអស់សំណើចដែលហ្វាំងឡង់ទើបប្រកាសបិទប្រទេស និងដាក់ប្រទេសក្នុងភាពអាសន្ន ធ្វើឱ្យមានការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួន នាពេលថ្មីៗនេះ បែរជាមកទាមទារឱ្យកម្ពុជា គោរពសិទ្ធិពលរដ្ឋ និងនយោបាយ ជាងសិទ្ធិដទៃទៀត។ ទង្វើនេះគឺងាកចេញពីគន្លង នៃវិធីសាស្ត្ររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អាន់តូនីញ៉ូ គូតែរ៉េស ដែលធ្លាប់បានគូសបញ្ជាក់ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ថា “សិទ្ធិមនុស្សមិនត្រូវក្លាយជាមធ្យោបាយ ដើម្បីអនុវត្តស្ដង់ដារពីរ ឬជាឧបករណ៍ ដើម្បីសម្រេចរបៀបវារៈលាក់ពុតណាមួយឡើយ”។ លើសពីនេះ សេចក្ដីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិក៏បានបញ្ជាក់ដែរថា សិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងសិទ្ធិទទួលបានការអភិវឌ្ឍ ត្រូវបានចាត់ទុកថា មានតម្លៃស្មើគ្នា ឈរលើជំហរតែមួយ និងមានសារៈសំខាន់ដូចៗគ្នា។
តំណាងកម្ពុជាបានបញ្ជាក់ទៀតថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ ដោយសភាទាំងពីរថ្នាក់របស់កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រភាព។ ច្បាប់នេះពុំមានគោលបំណងដាក់ទោសទណ្ឌលើបុគ្គលណាម្នាក់នោះទេ ផ្ទុយទៅវិញច្បាប់នេះមានគោលបំណងការពារអាយុជីវិត និងលើកទឹកចិត្តពលរដ្ឋគ្រប់រូបឱ្យចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចប្រឹងប្រែងធានាសុវត្ថិភាពសុខភាពសាធារណៈ និងអាយុជីវិតដ៏មានតម្លៃរបស់ពលរដ្ឋ។ ដូចក្នុងបណ្ដាប្រទេសលោកខាងលិចដែរ វិធានការទាំងនោះនឹងត្រូវអនុវត្តចំពោះតែបុគ្គលទាំងឡាយណាដែលបំពានច្បាប់ បង្កឱ្យមានការចម្លងជំងឺរាតត្បាតចូលក្នុងសហគមន៍ប៉ុណ្ណោះ ដោយផ្អែកលើប្រភេទបទល្មើស និងចេតនាក្នុងការប្រព្រឹត្ត។
លោកថា មានតែពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធិខ្ពស់បំផុតក្នុងការវាយតម្លៃពីស្ថានភាពលទ្ធិប្រ ជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា។ សិទ្ធិអំណាចរបស់ពលរដ្ឋកម្ពុជាត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោត ដែលបុគ្គលគ្រប់រូបត្រូវតែគោរពតាម។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម អាន់តូនីញ៉ូ គូតែរ៉េស បានពន្យល់ថា ជោគជ័យនៃវិញ្ញាសាខាងលើត្រូវវាស់ស្ទង់ ដោយប្រើប្រាស់មាត្រដ្ឋាននៃភាពប្រសើរឡើងក្នុងជីវភាពរបស់ពលរដ្ឋ មិនមែនផ្អែកលើការបញ្ចេញអារម្មណ៍វិនិច្ឆ័យឡើយ។
លោក អាន សុខខឿន បានអះអាងថា ការបំពានរបៀបវារៈនេះ ក្នុងគោលបំណងស្វែងរកពិន្ទុនយោបាយ គួរតែត្រូវជៀស វាង ប្រសិនបើយើងទាំងអស់គ្នាប្រាថ្នាចង់រក្សាការពារនូវសុចរិតភាព និងភាពអាចជឿទុកចិត្តបានខ្ពស់បំផុតរបស់ស្ថាប័នសិទ្ធិមនុស្សមួយនេះ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


