ព័ត៌មានជាតិ
តោះ! ឈ្វេងយល់ពីពាក្យបច្ចេកទេស ប្រើប្រាស់ញឹកញាប់ពាក់ព័ន្ធសេវាធានារ៉ាប់រង
ច្បាប់ស្តីពីការធានារ៉ាប់រង ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៤ មានគោលដៅពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យអាជីវកម្មធានារ៉ាប់រង កំណត់អំពីការគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការធ្វើអាជីវកម្មធានារ៉ាប់រង និងជំរុញការប្រកួតប្រជែង ភាពស្មោះត្រង់ និងតម្លាភាពក្នុងវិស័យធានារ៉ាប់រង។
បើតាមសមាគមធានារ៉ាប់រងនៅកម្ពុជា គិតត្រឹមឆ្នាំ ២០២៤ មានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងចំនួន ៤០ កំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន ១៤ ក្រុមហ៊ុនធានារ៉ាបរងខ្នាតតូចមានចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន ១។

ពាក់ព័ន្ធសេវាធានារ៉ាប់រងនេះ មានពាក្យបច្ចេកទេសជាទូទៅមួយចំនួនត្រូវបានប្រើប្រាស់ជាញឹកញាប់ដែលមាននិយមន័យដូចជា៖
-ក្រុមហ៊ុនធានារ៉ាប់រង សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសាខាក្រុមហ៊ុនធានារ៉ាប់រងបរទេសជាដើម
-ក្រុមហ៊ុនធានារ៉ាប់រងទូទៅ សំដៅដល់នីតិបុគ្គលប្រតិស្រុត ដែលប្រកបអាជីវកម្មធានារ៉ាប់រង ដើម្បីធានាហានិភ័យលើទ្រព្យសម្បត្តិ ភារៈទទួលខុសត្រូវ និងសុខភាព
-ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សំដៅដល់នីតិបុគ្គលប្រតិស្រុតដែលប្រកបអាជីវកម្មធានារ៉ាប់រង ដើម្បីធានាទៅលើការស្លាប់ឬការរស់រានមានជីវិត ដោយអាចរួមបញ្ចូលការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ជំងឺធ្ងន់ធ្ងរ ឬជំងឺទូទៅ
-បុត្រសម្ព័ន្ធ សំដៅដល់ក្រុមហ៊ុនសហកម្មសិទ្ធិឬក្រុមហ៊ុនមូលធន ដែលគ្រប់គ្រងដោយក្រុមហ៊ុនសហកម្មសិទ្ធិឬក្រុមហ៊ុនមូលធនមួយផ្សេងទៀតដែលជា “ក្រុមហ៊ុនមេ”
-ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង សំដៅដល់នីតិបុគ្គលដែលជួសមុខឱ្យក្រុមហ៊ុនធានារ៉ាប់រង ធ្វើការណែនាំអំពីការលក់បណ្ណសន្យារ៉ាប់រង ការរៀបចំកិច្ចសន្យាធានារ៉ាប់រង ការប្រមួលបុព្វលាភ ការរៀបចំការធ្វើសំណងជាដើម ក្នុងក្របខណ្ឌកំណត់ច្បាស់លាស់នៃកិច្ចព្រមព្រៀងរវាងភ្នាក់ងារ ធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រង ដោយទទួលកម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រងនោះ។
-ក្រុមហ៊ុនជើងសាធានារ៉ាប់រង សំដៅដល់នីតិបុគ្គលដែលធ្វើការក្នុងគោលដៅនៃអត្ថប្រយោជន៍របស់អ្នកត្រូវបានធានារ៉ាប់រង ផ្តល់សេវាប្រឹក្សា ផ្តល់ព័ត៌មានទាក់ទងនឹងប្រភេទធានារ៉ាប់រង លក្ខខណ្ឌ និងបុព្វលាភនៃកិច្ចសន្យាធានារ៉ាប់រង ធ្វើការចរចា និងរៀបចំកិច្ចសន្យាធានារ៉ាប់រង រវាងអ្នកស្នើសុំការធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រង និងលក់បណ្ណសន្យារ៉ាប់រង ដោយទទួលកម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រង និង/ឬកម្រៃប្រឹក្សាពីអតិថិជន។
-ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង សំដៅដល់នីតិបុគ្គលឯករាជ្យដែលមានភារកិច្ច ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃការខូចខាតពេលមានហានិភ័យធានារ៉ាប់រងកើតឡើង និងកំណត់ចេញនូវឯកសារសម្រាប់ជាមូលដ្ឋានឱ្យក្រុមហ៊ុនធានារ៉ាប់រងដោះស្រាយទូទាត់សំណង។ ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ធ្វើសកម្មភាពដោយទទួលថ្លៃឈ្នួលពិនិត្យពីក្រុមហ៊ុនធានារ៉ាប់រង
-ភ្នាក់ងារធានារ៉ាប់រង សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលជួសមុខឱ្យក្រុមហ៊ុនធានារ៉ាប់រង ធ្វើការណែនាំអំពីការលក់បណ្ណសន្យារ៉ាប់រង ការរៀបចំកិច្ចសន្យាធានារ៉ាប់រង ការប្រមូលបុព្វលាភ ការរៀបចំការធ្វើសំណងជាដើម ក្នុងក្របខ័ណ្ឌកំណត់ច្បាស់លាស់នៃកិច្ចព្រមព្រៀងរវាងភ្នាក់ងារ ធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដោយទទួលកម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រងនោះ។
-អន្តរការីធានារ៉ាប់រង សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលផ្តល់សេវាវិជ្ជាជីវៈ ធានារ៉ាប់រងដល់អតិថិជន ក្នុងការរៀបចំកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនធានារ៉ាប់រងនិងអតិថិជន ដើម្បីទទួលបានកម្រៃពីការផ្តល់សេវានោះ។ អន្តរការីធានារ៉ាប់រង រួមមាន ភ្នាក់ងារធានារ៉ាប់រង និងជើងសាធានារ៉ាប់រង។
-គ្រឹះសា្ថនធានារ៉ាប់រង សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង ជើងសាធានារ៉ាប់រង ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង និងក្រុមហ៊ុនគណនាបុព្វលាភធានារ៉ាប់រង
-ក្រុមហ៊ុនគណនាបុព្វលាភធានារ៉ាប់រង សំដៅដល់ក្រុមហ៊ុនវិជ្ជាជីវៈដែលមានជំនាញវិភាគ និងគណនាហានិភ័យធានារ៉ាប់រង ដើម្បីកំណត់អត្រាបុព្វលាភធានារ៉ាប់រង
-ក្រុមហ៊ុនគ្រប់គងសំណងធានារ៉ាប់រង សំដៅដល់ក្រុមហ៊ុនវិជ្ជាជីវៈដែលមានជំនាញគ្រប់គ្រង ចាត់ចែង ដោះស្រាយសំណងធានារ៉ាប់រងជំនួសឱ្យក្រុមហ៊ុនធានារ៉ាប់រង ឬគម្រោងគ្រប់គ្រង អត្ថប្រយោជន៍របស់នីតិបុគ្គលប្រតិស្រុតផ្សេងទៀត ដោយទទួលបានកម្រៃសេវាពីក្រុមហ៊ុន ធានារ៉ាប់រង ឬនីតិបុគ្គលប្រតិស្រុតទាំងនោះ តាមកិច្ចព្រមព្រៀង។
-ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត សំដៅដល់ទ្រង់ទ្រាយមួយនៃក្រុមហ៊ុនមូលធន ដែលត្រូវបានអនុញ្ញាតដោយច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈ។
-សាខាក្រុមហ៊ុនធានារ៉ាប់រងបរទេស សំដៅដល់សាខារបស់ក្រុមហ៊ុនធានារ៉ាប់រងបរទេស ដែលបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃ ហើយមានទីតាំងធ្វើពាណិជ្ជកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។ សាខាក្រុមហ៊ុនធានារ៉ាប់រងបរទេស គឺជាភ្នាក់ងាររបស់ក្រុមហ៊ុនដើម ហើយពុំមាននីតិបុគ្គលិកលក្ខណៈដាច់ដោយឡែកពីក្រុមហ៊ុនដើមឡើយ
-សាខាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក សំដៅដល់សាខាអាជីវកម្មក្នុងស្រុករបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលទទួលអាជ្ញាបណ្ណប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា
-កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ជាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងអ្នកត្រូវបានធានារ៉ាប់រង ដែលតាមរយៈនោះ ក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រង ពីអ្នកដែលត្រូវបានធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចមួយ ត្រូវមានចំនួនទឹកប្រាក់អតិបរមាដែលត្រូវបានធានារ៉ាប់រង មិនលើសពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល
-កិច្ចសន្យាធានារ៉ាប់រង ជាកិច្ចព្រមព្រៀងលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រង ដែលតាមរយៈនោះ ក្រុមហ៊ុនធានារ៉ាប់រងព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រងពីអ្នកដែលត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រង។
-បណ្ណសន្យារ៉ាប់រង សំដៅដល់ឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ដែលចេញដោយក្រុមហ៊ុនធានារ៉ប់រង ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលំអិតដែលបានព្រមព្រៀង រវាងអ្នកត្រូវបានធានារ៉ាប់រង ឬ ម្ចាស់បណ្ណសន្យារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។
-ការធានារ៉ាប់រង សំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រងដែលក្នុងនោះ អ្នកត្រូវបានធានារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឲ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើសំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិ ដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ របួស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះ ឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង
-ការធានារ៉ាប់រងខ្នាតតូច សំដៅដល់ការផ្តល់កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចដល់អតិថិជនមានចំណូលទាប មានជាអាទិ៍ ការធានារ៉ាប់រងខ្នាតតូចលើទ្រព្យសម្បត្តិ ការធានារ៉ាប់រងខ្នាតតូចលើអាយុជីវិត ការធានារ៉ាប់រងខ្នាតតូចលើសុខភាព និងការធានារ៉ាប់រងខ្នាតតូចលើគ្រោះថ្នាក់បុគ្គល
-កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច សំដៅដល់កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងរវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង ដែលតាមរយៈនោះក្រុមហ៊ុនធានារ៉ាប់រង ព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រង ពីអ្នកត្រូវបានធានារ៉ាប់រង ដែលកំណត់ត្រឹមការធានារ៉ាប់រងខ្នាតតូច
-កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចស្ទួន សំដៅដល់កិច្ចសន្យាដែលអ្នកត្រូវបានធានារ៉ាប់រងបានចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចលើសពីមួយ ជាមួយក្រុមហ៊ុនធានារ៉ាប់រងផ្សេងគ្នាក្នុងគោលបំណង ធានាលើកម្មវត្ថុតែមួយ ដែលនៅក្រោមលក្ខខណ្ឌដូចគ្នា និងក្រោមព្រឹត្តិការណ៍ធានាដូចគ្នា
-បុព្វលាភធានារ៉ាប់រង សំដៅដល់ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រង ត្រូវបង់ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងតាមការកំណត់របស់ក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រង
–សាធនភាព សំដៅដល់សមត្ថភាពរបស់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការបំពេញកាតព្វកិច្ចបំណុល
-ទ្រព្យសកម្មជាប់កាតព្វកិច្ច សំដៅដល់ទ្រព្យសកម្មទាំងឡាយណាដែលជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ បទប្បញ្ញត្តិ កិច្ចសន្យា ឬកាតព្វកិច្ចផ្សេងទៀត ដែលរារាំងក្រុមហ៊ុនក្នុងការជម្រះបញ្ជីលក់ ផ្ទេរ ឬចាត់ចែងទ្រព្យសកម្មទាំងនេះ
-នីតិបុគ្គលប្រតិស្រុត សំដៅដល់នីតិបុគ្គល ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
-អគ្គនាយក សំដៅដល់បុគ្គលមានឋានៈខ្ពស់បំផុតក្នុងកម្រិតប្រតិបត្តិរបស់ក្រុមហ៊ុន ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន
-បុគ្គលស្នើសុំ សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតជាគោលការណ៍ប្រកបអាជីវកម្មក្រុមហ៊ុនធានារ៉ាប់រងទូទៅ ឬអាជីវកម្មធានារ៉ាប់រងអាយុជីវិត ឬអាជីវកម្មសាខាក្រុមហ៊ុនធានារ៉ាប់រងបរទេស
-ការធានារ៉ាប់រងជាកាតព្វកិច្ច សំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រង ដែលអ្នកត្រូវបានធានារ៉ាប់រង ត្រូវបំពេញជាកាតព្វកិច្ចតាមការកំណត់នៃច្បាប់ និងបទប្បញ្ញត្តិស្តីពីការធានារ៉ាប់រងក្នុងគោលបំណងបម្រើនិងការពារផលប្រយោជន៍សាធារណៈ
-បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល សំដៅដល់កិច្ចសន្យាធានារ៉ាប់រងដែលផលប្រយោជន៍របស់វាជាប្រាក់ ឬផលប្រយោជន៍សំណងជាវត្ថុ ឬផលប្រយោជន៍សំណងរួមមានជាប្រាក់ និងជាវត្ថុទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង នៅពេលមានហានិភ័យកើតឡើង ដើម្បីធានាលើគ្រោះថ្នាក់ទាំងឡាយ
-ម្ចាស់បណ្ណសន្យារ៉ាប់រង សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិស្របច្បាប់លើបណ្ណសន្យារ៉ាប់រង
-វិញ្ញាបនបត្រធានារ៉ាប់រង សំដៅដល់ឯកសារដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រង
-សំណងធានារ៉ាប់រង សំដៅដល់សំណងជាប្រាក់ឬជាវត្ថុ ឬសំណងរួមជាប្រាក់និងជាវត្ថុ ដែលត្រូវសងដោយក្រុមហ៊ុនធានារ៉ាប់រង
-កំណត់សំអាង សំដៅដល់ឯកសារបណ្តោះអាសន្ន ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រង ជំនួសបណ្ណសន្យារ៉ាប់រងស្ថាពរ ។
-ពិន័យអន្តរការណ៍ សំដៅដល់ការផាកពិន័យជាទឹកប្រាក់ចំពោះទង្វើរបស់ក្រុមហ៊ុនធានារ៉ាប់រងដែលអនុវត្តផ្ទុយពីការណែនាំរបស់បញ្ញត្តិករធានារ៉ាប់រង
-អភិបាលបណ្តោះអាសន្ន សំដៅដល់អ្នកគ្រប់គ្រងបណ្តោះអាសន្ន ដែលតែងតាំងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបំពេញភារកិច្ចក្រុមហ៊ុនធានារ៉ាប់រង មុនពេលធ្វើការជម្រះបញ្ជីដើម្បីវាយតម្លៃលើស្ថានភាពសាធនភាពរបស់ក្រុមហ៊ុន
-អ្នកជម្រះបញ្ជី សំដៅដល់រូបវន្តបុគ្គលដែលត្រូវបានតែងតាំងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតុលាការ ដើម្បីធ្វើការដោះស្រាយទូទាត់បំណុល នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវជម្រះបញ្ជី
– អ្នកត្រូវបានធានារ៉ាប់រង សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទិញបណ្ណសន្យារ៉ាប់រង ក្នុងករណីមួយចំនួនអាចជាម្ចាស់បណ្ណសន្យារ៉ាប់រងផង និងអាចជាអ្នកត្រូវបានធានារ៉ាប់រងផង។
– អ្នកទទួលផល សំដៅដល់តតិយជននៃកិច្ចសន្យា ដែលត្រូវបានកំណត់ថាមានសិទ្ធិស្របច្បាប់ក្នុងការទទួលផលប្រយោជន៍ពីកិច្ចសន្យាទាំងឡាយណាដែលទាក់ទង នឹងការធានារ៉ាប់រងលើអាយុជីវិតតែប៉ុណ្ណោះ។
– អ្នកស្នើសុំធានារ៉ាប់រង សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលអាចនឹងក្លាយជាអ្នកត្រូវបានធានារ៉ាប់រងនាពេលអនាគត ដែលបំពេញនិងចុះហត្ថលេខាលើទម្រង់បែបបទជាលាយលក្ខណ៍អក្សររបស់ក្រុមហ៊ុនធានារ៉ាប់រងអំពីស្ថានភាពផ្ទាល់របស់បុគ្គលនោះ។
– យានយន្ត សំដៅដល់យានដែលធ្វើចរាចរណ៍ដោយម៉ាស៊ីនលើផ្លូវគោក និងផ្លូវទឹក
-ជើងសាធានារ៉ាប់រង សំដៅដល់នីតិបុគ្គលដែលធ្វើការក្នុងគោលដៅនៃអត្ថប្រយោជន៍របស់អ្នកត្រូវបានធានារ៉ាប់រង ផ្តល់សេវាប្រឹក្សា ផ្ដល់ព័ត៌មានទាក់ទងនឹងប្រភេទធានារ៉ាប់រង លក្ខខណ្ឌនិងបុព្វលាភនៃកិច្ចសន្យាធានារ៉ាប់រង ធ្វើការចរចា និងរៀបចំកិច្ចសន្យាធានារ៉ាប់រងរវាង អ្នកស្នើសុំការធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រង និងលក់បណ្ណសន្យារ៉ាប់រង ដោយទទួលកម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រង និង/ឬកម្រៃប្រឹក្សាពីអតិថិជន
-ម្ចាស់បណ្ណសន្យារ៉ាប់រង សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសិទ្ធិស្របច្បាប់លើបណ្ណ សន្យារ៉ាប់រង។ ក្នុងករណីមួយចំនួន ម្ចាស់បណ្ណសន្យារ៉ាប់រង អាចជាអ្នកទទួលផលផងនិងអាចជាអ្នកត្រូវបានធានារ៉ាប់រងផងនៃបណ្ណសន្យារ៉ាប់រង
– ការធានារ៉ប់រងបន្ត សំដៅដល់ប្រតិបត្តិការធានារ៉ាប់រង ដែលក្រុមហ៊ុនធានារ៉ាប់រងដើមត្រូវបានធានារ៉ាប់រងដោយក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀត ដែលជាក្រុមហ៊ុនធានារ៉ាប់រងបន្ត នូវហានិភ័យមួយផ្នែកឬ ទាំងស្រុង ដែលខ្លួនបានចុះកិច្ចសន្យាធានារ៉ាប់រង
-កិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត សំដៅដល់កិច្ចសន្យានៃកម្មវិធីធានារ៉ាប់រងបន្ត សម្រាប់គ្រប់គ្រងហានិភ័យជាក់លាក់ដែលមានចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងលើសពីកម្រិតរក្សាទុកហានិភ័យ ក្រោមវិសាលភាពនៃផលិតផលធានារ៉ាប់រងនីមួយៗ
-កិច្ចព្រមព្រៀងធានារ៉ាប់រងបន្តបែបសមាមាត្រ សំដៅដល់កិច្ចព្រមព្រៀងធានារ៉ាប់រងបន្តដែលក្រុមហ៊ុនធានារ៉ាប់រងដើម និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ព្រមចែករំលែកតាមសមាមាត្រនៃបុព្វលាភធានារ៉ាប់រង និងសំណងដែលកើតឡើងដោយហានិភ័យដែលត្រូវបានធានា
-កិច្ចព្រមព្រៀងធានារ៉ាប់រងបន្តបែបមិនសមាមាត្រ សំដៅដល់កិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត ដែលក្រុមហ៊ុនធានារ៉ាប់រងបន្ត ធានាលើប្រាក់សំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងដើម ដែលលើសពីចំនួនដែលបានកំណត់តាមបុព្វលាភធានារ៉ាប់រង
-កម្រិតរក្សាទុកហានិភ័យ សំដៅដល់ចំនួនឬចំណែកនៃទឹកប្រាក់ ដែលត្រូវបានធានារ៉ាប់រងចំពោះហានិភ័យណាមួយដែលត្រូវបានរក្សាទុក និងត្រូវធ្វើសំណងផ្ទាល់ដោយក្រុមហ៊ុនធានារ៉ាប់រង
-មួយព្រឹត្តិការណ៍ សំដៅដល់ហេតុការណ៍ណាមួយដែលកើតឡើងហើយបណ្ដាលឱ្យមានការខូចខាតដោយហេតុបង្កតែមួយ ក្នុងអំឡុងពេលតែមួយ និងកន្លែងតែមួយ
-ការធ្វើអធិការកិច្ចធានារ៉ាប់រង សំដៅដល់ការតាមដាននិងត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការទីផ្សាររបស់គ្រឹះស្ថានធានារ៉ាប់រង និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យ ធានារ៉ាប់រង និងការតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងស៊ើបអង្កេតបទល្មើសក្នុងវិស័យ ធានារ៉ាប់រង ដើម្បីជំរុញនិងពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យ ធានារ៉ាប់រង និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលប្រព្រឹត្តអំពើល្មើសនឹងច្បាប់និង/ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យធានារ៉ាប់រងជាធរមាន
-មន្ត្រីអធិការកិច្ចធានារ៉ាប់រង សំដៅដល់មន្ដ្រីនៃនិយ័តករធានារ៉ាប់រងកម្ពុជាដែលត្រូវបានតែងតាំងជាមន្ត្រីអធិការកិច្ចធានារ៉ាប់រងនិង/ឬដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ អនុលោមតាមច្បាប់ស្តីពីការធានារ៉ាប់រងនិងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន
-បុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យធានារ៉ាប់រង សំដៅដល់ភ្នាក់ងារធានារ៉ាប់រងជា រូបវន្តបុគ្គល ក្រុមហ៊ុនគណនាបុព្វលាភធានារ៉ាប់រង ក្រុមហ៊ុនគ្រប់គ្រងសំណងធានារ៉ាប់រង ឬបុគ្គលផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីនិយ័តករធានារ៉ាប់រងកម្ពុជា ឱ្យធ្វើសកម្មភាពធានារ៉ាប់រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
-បុគ្គលទទួលរងអធិការកិច្ចធានារ៉ាប់រង សំដៅដល់គ្រឹះស្ថានធានារ៉ាប់រង និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យធានារ៉ាប់រង។
-អគ្គនាយក សំដៅដល់រូបវន្តបុគ្គលមានឋានៈខ្ពស់បំផុតក្នុងកម្រិតប្រតិបត្តិរបស់ក្រុមហ៊ុន ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាលដើម្បីដឹកនាំនិងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន
-អភិបាលមិនប្រតិបត្តិ សំដៅដល់សមាជិកក្រុមប្រឹក្សាភិបាល ដែលមិនពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការ អាជីវកម្មប្រចាំថ្ងៃក្នុងក្រុមហ៊ុនធានារ៉ាប់រង
-អភិបាល សំដៅដល់សមាជិកនៃក្រុមប្រឹក្សារបស់ក្រុមហ៊ុន
-ក្រុមហ៊ុនសវនកម្ម សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្មចេញដោយនិយ័តករគណនេយ្យនិងសវនកម្ម
-ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង (Insurance Technical Reserve -ITR) សំដៅដល់ចំនួនប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវរក្សាទុកដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទូទាត់បំណុលដែលកើតឡើងពីកិច្ចសន្យាធានារ៉ាប់រង ដោយបម្រែបម្រួលប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងនេះ ជាកម្មវត្ថុនៃការគណនាពន្ធលើប្រាក់ចំណូលនៅក្នុងឆ្នាំជាប់ពន្ធ
-ប្រាក់បម្រុងបុព្វលាភធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូល (Uneamed Premium Reserve – UPR) សំដៅដល់ចំនួនប្រាក់បុព្វលាភធានារ៉ាប់រងដុលមិនទាន់ចាត់ទុកជាចំណូល ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវរក្សាទុក សម្រាប់រយៈពេលនៃកិច្ចសន្យាធានារ៉ាប់រងដែលមិនទាន់ផុតសុពលភាព
-ប្រាក់បម្រុងសំណងធានតាំប់រងដលបានទទួលរបាយការណ៏ប៉ុន្តែមិនទាន់បានទូទាត់ (Reported But Not Settled – RBNS) សំដៅដល់ចំនួនប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវរក្សាទុក សម្រាប់ទូទាត់សំណងធានារ៉ាប់រងនិងចំណាយដែលកើតឡើងពីកិច្ចសន្យាធានារ៉ាប់រង ដែលបានទទួលរបាយការណ៍ ប៉ុន្តែមិនទាន់បានទូទាត់
-ប្រាក់បម្រុងសំណងធានារ៉ាប់រងដលកើតឡើង ប៉ុន្តែមិនទាន់ទទួលរបាយការណ៏ (Incurred But Not Reported – IBNR) សំដៅដល់ចំនួនប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវរក្សាទុកសម្រាប់ទូទាត់សំណងធានារ៉ាប់រងនិងចំណាយដែលកើតឡើងពីកិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែក្រុមហ៊ុនមិនទាន់ ទទួលបានរបាយការណ៍អំពីព្រឹត្តិការណ៍នៃការទាមទារសំណងទាំងនេះ
-ប្រាក់បម្រុងហានិភ័យមិនទាន់ផុតសុពលភាព (Unexpired Risk Reserve – URR) សំដៅ ដល់ចំនួនប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវរក្សាទុក សម្រាប់ករណីដែលក្រុមហ៊ុនរក្សាប្រាក់ បម្រុងបុព្វលាភធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូល មិនគ្រប់គ្រាន់សម្រាប់ទូទាត់សំណង ធានារ៉ាប់រងនិងចំណាយដែលកើតឡើងពីកិច្ចសន្យាធានារ៉ាប់រង
-ប្រាក់បម្រុងគណិតវិទ្យា (Mathematical Reserve – MR) សំដៅដល់ប្រាក់បម្រុងដែលគណនា ដោយប្រើប្រាស់ “វិធីសាស្ត្រវាយតម្លៃតាមបុព្វលាភធានារ៉ាប់រងដុល (Gross Premium Valuation – GPV)” ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវរក្សាទុក សម្រាប់ទូទាត់សំណងធានារ៉ាប់រង និងចំណាយដែលកើតឡើងពីកិច្ចសន្យាធានារ៉ាប់រងរយៈពេលច្រើនជាង ១ (មួយ) ឆ្នាំ។ -កិច្ចសន្យាធានារ៉ាប់រងជាក្រុម សំដៅដល់កិច្ចសន្យាធានារ៉ាប់រងមួយដែលមានអ្នកត្រូវបាន ធានារ៉ាប់រងលើសពី ១ (មួយ) នាក់
-កាលបរិច្ឆេទបិទបញ្ជីគណនេយ្យ សំដៅដល់ការិយបរិច្ឆេទ ដែលត្រូវបិទបញ្ជីគណនេយ្យដោយ ត្រូវបានកំណត់នៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ
-ប្រាក់បម្រុងគណិតវិទ្យា សំដៅដល់ប្រាក់បម្រុងដែលគណនាដោយប្រើប្រាស់ “វិធីសាស្ត្រ វាយតម្លៃបុព្វលាភធានារ៉ាប់រងដុល (Gross Premium Valuation – GPV)” ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវរក្សាទុកសម្រាប់ទូទាត់សំណងធានារ៉ាប់រង និងចំណាយដែលកើតឡើងពីកិច្ចសន្យាធានារ៉ាប់រងរយៈពេលច្រើនជាង ១ (មួយ) ឆ្នាំ
-ប្រាក់ធានារ៉ាប់រងតាមហានិភ័យ (Sum at Risk) សំដៅដល់ប្រាក់បន្ថែមលើប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង សម្រាប់គណនាសាធនភាពតម្រូវ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាពឬពិការអចិន្ត្រៃយ៍។ ប្រាក់ធានារ៉ាប់រងតាមហានិភ័យសម្រាប់ផលិតផលធានារ៉ាប់រងរងបន្ថែមវេជ្ជសាស្ត្រត្រូវបានកំណត់ឱ្យស្មើសូន្យ។
-ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល សំដៅដល់រូបវន្តបុគ្គលដែលជួសមុខឱ្យក្រុមហ៊ុនធានារ៉ាប់រង ធ្វើការណែនាំអំពីការលក់បណ្ណសន្យារ៉ាប់រង ការរៀបចំកិច្ចសន្យាធានារ៉ាប់រង ការប្រមូលបុព្វលាភ ការរៀបចំការធ្វើសំណងជាដើម ក្នុងក្របខណ្ឌកំណត់ច្បាស់លាស់នៃកិច្ចព្រមព្រៀង រវាងរូបវន្តបុគ្គលដែលជាភ្នាក់ងារធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រង ដោយទទួលកម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រងនោះ
-ទីសំណាក់ សំដៅដល់ទីស្ថានដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្តែងក្នុង រយៈពេលជាកំណត់ណាមួយដែលមិនមែនជាលំនៅឋាន៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា