Connect with us

ព័ត៌មានជាតិ

អាជីវករលក់សាច់គោនៅបាត់ដំបង ត្អូញត្អែរលក់មិនដាច់ ក្រោយផ្ទុះជំងឺនៅប្រទេសថៃ

បានផុស

នៅ

ក្រុម​អាជីវករ​លក់​សាច់​គោ នៅ​ផ្សារ​បឹង​ឈូក ក្រុង​បាត់ដំបង ត្អូញត្អែរ​ថា ប៉ុន្មាន​ថ្ងៃនេះ លក់​មិន​សូវ​ដាច់​ដូច​មុន ដោយ​ពលរដ្ឋ​មួយ​ចំនួន​ដូចជា​រាង​ខ្លាចរអា មិន​ហ៊ាន​ទិញ​ទៅ​ទទួលទាន បន្ទាប់ពី​ល្បី​ផ្ទុះ​កើត​មាន​ជំងឺ​ឈាមខ្មៅ ឬ​ជំងឺ​អង់​ត្រាក់ លើ​សត្វ​គោ-ក្របី នៅ​ប្រទេស​ថៃ​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​យ៉ាងណា ក្រសួងកសិកម្ម បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ០៦ ខែ​ឧសភា ថា សត្វ​គោ ក្របី នៅ​កម្ពុជា មិន​មាន​ឆ្លង​ជំងឺ​ឈាមខ្មៅ ឬ​ជំងឺ​អង់​ត្រាក់​នោះ​ទេ ចំណែក មន្ត្រី ក ប ប ថា ផលិតផល​សាច់​គោ ក្របី​ ក្នុងស្រុក​ អាច​ទទួល​ទាន​បាន ​មិន​មាន​បញ្ហា​នោះ​ឡើយ។

អ្នកស្រី សុន រីតា វ័យ​ជាង ៥០ ឆ្នាំ ជា​អាជីវករ​លក់​សាច់គោ​នៅ​ផ្សារ​បឹង​ឈូក បាន​លើក​ឡើង​ថា ឥឡូវនេះ​រាង​ស្ងាត់​អតិថិជន​មក​ទិញ​សាច់​គោ ចាប់​តាំងពី​ល្បី​ជំងឺ​ឈាមខ្មៅ​នៅ​ថៃ​នោះ​មក ដោយ​អតិថិជន​មួយ​ចំនួន​ចេះ​តែ​ខ្លាច។

អាជីវករ​រូប​នេះ​ បាន​បន្ដថា កាលពីមុន មួយថ្ងៃ​លក់​អស់​ ២០០ ​គីឡូក្រាម ឥលូវ ថយ​ចុះ​នៅសល់​ត្រឹមតែ​ ៨០​ គីឡូក្រាម។ សម្រាប់​សាច់​គោ នេះ អ្នកស្រី​ទិញ​ផ្ទាល់​នៅ​កុងស៊ី​ទី​សត្តឃាត​ខេត្ត​បាត់ដំបង ដោយ​មាន​ពេទ្យសត្វ​ត្រួតពិនិត្យ​ត្រឹមត្រូវ​មុននឹង​យក​មក​ដាក់​លក់​លើ​ទីផ្សារ សូម​ពលរដ្ឋ​កុំ​ព្រួយបារម្ភ។

លើក​ឡើង​មិន​ខុសគ្នា​នោះ អ្នកស្រី ថង សែង អាយុ ៤៨ ​ឆ្នាំ អាជីវករ​លក់​សាច់​គោ​នៅ​បឹង​ឈូក ​ក្រុង​បាត់ដំបង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា អតិថិជន​ថយ​ចុះ​ជាង​មុន ក្នុង​ការ​ទទួលទាន​សាច់​គោ តាំងពី​ល្បី​ផ្ទុះ​ជំងឺ​ឈាមខ្មៅ​នៅ​ថៃ​នោះ​មក។

អ្នកស្រី​ បាន​បន្ថែម​ថា សូម​ប្រជាពលរដ្ឋ​កុំ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​អី មុន​និង​គេ​យក​មក​លក់​លើ​ទីផ្សារ បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ពេទ្យសត្វ​រួចរាល់​ហើយ។ សាច់​គោ​នេះ​មិន​មាន​នាំចូល​មកពី​ក្រៅ​ប្រទេស​នោះ​ទេ ក្រុម​អាជីវករ​យក​មក​លក់​ជា​ប្រភេទ​គោ​ស្រែ​ក្នុងស្រុក។

អ្នកស្រី សូម​សំណូម​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​ទប់ស្កាត់​ឱ្យ​បាន​ចំពោះ​ការ​នាំ​ចូល​ពាហនៈ​សាច់​គោ​ក្របី និង​ផលិតផល​សាច់​សត្វ​ពី​ក្រៅ​ប្រទេស ដើម្បី​បង្ការ​ជំងឺ​ឆ្លង​នានា​ផង​ដែរ។

ទាក់ទង​បញ្ហា​ខាង​លើ​នេះ លោក គឹម ប្រុស ប្រធាន​សាខា ក ប ប ខេត្ត​បាត់ដំបង បាន​ថ្លែង​ឱ្យ​ដឹង​ថា បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬ​ជំងឺ​អង់​ត្រាក់ លើ​សត្វ​ពាហនៈ​(​គោ​-​ក្របី​)​ នៅ​ប្រទេស​ថៃ​នោះ​មក មន្ត្រី​សាខា ក ប ​ប បាត់ដំបង ​បាន​ចុះ​ត្រួតពិនិត្យ​សាច់​គោ សាច់​ក្របី សាច់​ជ្រូក​ ជា​ផលិតផល​ក្នុង​ស្រុក នៅ​តាម​បណ្ដា​ផ្សារ​មួយ​ចំនួន​ក្នុង​បាត់ដំបង គឺ​រក​មិន​ទាន់​ឃើញ​មាន​បញ្ហា​អ្វី​ចោទ​នៅឡើយ​ទេ។

លោក គឹម ប្រុស សូម​ឱ្យ​ប្រជាពលរដ្ឋ​ និង​អតិថិជន​ទាំងអស់ មុន​និង​ទិញ​ ត្រូវ​សួរ​ប្រភព​សាច់​មកពី​ណា​ឱ្យ​បាន​ច្បាស់លាស់ ត្រូវ​ប្រុងប្រយ័ត្ន​ទាំង​អ្នកទិញ​ និង​អ្នកលក់​ផង​ដែរ។

លោក​បាន​បន្ដ​ថា ចំពោះ​អាជីវករ​មួយ​ចំនួន​ត្អូញត្អែរ​លើកឡើង​ពី​ការ​លក់​សាច់គោ​-​ជ្រូក​សាច់​ក្របី​មិនសូវ​ដាច់​ដូច​មុន​នោះ វា​ជា​រឿង​ធម្មតា​ទេ ពេលណា​ល្បី​ផ្ទុះ​កើតមាន​ជំងឺ​ឈាមខ្មៅ​ ឬ​ជំងឺ​អង់​ត្រាក់​លើ​សត្វ​គោ ក្របី នៅ​ប្រទេស​ថៃ​ហើយ​នោះ ប្រជាពលរដ្ឋ​ ឬ​អតិថិជន​ ចេះតែ​មាន​ការ​ខ្លាចរអា​អញ្ចឹង​ហើយ​ក្នុង​ការ​ទិញ​សាច់​យក​ទៅ​ទទួលទាន។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​ កន្លងទៅ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រទេស​កម្ពុជា បាន​សម្រេច​ធ្វើការ​ហាមឃាត់​ជា​បណ្ដោះអាសន្ន​លើ​ការ​នាំ​ចូល​សត្វ​ពាហនៈ និង​ផលិតផល​សាច់​សត្វ ពី​ច្រក​ព្រំដែន​ទាំងអស់​ នៃ​ប្រទេស​ថៃ ចូល​មក​កម្ពុជា បន្ទាប់ពី​ប្រទេស​ថៃ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬ​ជំងឺ​អង់​ត្រាក់ លើ​សត្វ​ពាហនៈ​(​គោ​-​ក្របី​)។

លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ បានឱ្យដឹងថា ​ក្រោយពី​ទទួលបាន​ការ​ណែនាំ លោក​បាន​ចាត់​មន្ត្រី​ជំនាញ សហការ​ជាមួយ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ឃ្លាំមើល ក្រែង​មានការ​នាំចូល​សត្វ​ពាហនៈ និង​ផលិត​ផល​សាច់​សត្វ​ចូល​តាម​ច្រក​ព្រំដែន​មក​ទឹកដី​ខេត្ត​បាត់ដំបង។

ក្រសួងកសិកម្ម​បញ្ជាក់​ថា ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ ក៏បាន​រៀបចំ​បណ្ដាញ​ប្រព័ន្ធ​ប្រតិកម្ម​រហ័ស​មួយ​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទាំង​ ២៥ ក្នុង​គោលដៅ​តាមដាន​សុខភាព​សត្វ​ពាហនៈ និង​ធ្វើការ​អន្តរាគមន៍​ក្នុង​ករណី​សង្ស័យ។ ក្រសួង នឹង​បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្តបន្ទាប់ និង​ផ្តល់​ព័ត៌មាន​ថ្មីៗ​ ពី​ការវិវត្តន៍ ​នៃ​ជំងឺ​នេះ​ក្នុង​ករណី​ចាំបាច់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប៉ាគីស្ថាន​ចោទ​ឥណ្ឌា​ថា​​បាញ់​​មីស៊ីល​លើ​មូលដ្ឋាន​ទ័ព​អាកាសរបស់​ខ្លួន​ចំនួន​​បី​កន្លែង

សុខភាព២២ ម៉ោង មុន

វិធីសាស្ត្រតែមួយគត់! អាចបង្ការខ្លួនពីដំណាក់កាលមហារីកធ្ងន់ធ្ងរមិនអាចព្យាបាលជាសះស្បើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន៖ រុស្ស៊ី​បំពាន​បទ​ឈប់បាញ់​ខ្លួន​ឯង ដោយ​វាយ​ប្រហារ​២២០​លើក​ក្នុង​រយៈពេល​២៤​ម៉ោង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឥណ្ឌា៖ «បើចង់ដឹងថា សង្គ្រាមនុយក្លេអ៊ែរផ្ទុះឬអត់ ទៅសួរប៉ាគីស្ថានទៅ»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ គំរាមបើក «ទ្វារនរក» ចាំដាក់អាមេរិកនិងអ៊ីស្រាអែល បើហ៊ានវាយប្រហារខ្លួនមែន

Sokha Hotels

ព័ត៌មានពេញនិយម