ព័ត៌មានជាតិ
កត្តាដែលជំរុញឱ្យមានការកើនឡើងនៃបណ្ណាល័យសាធារណៈ
បច្ចប្បន្ន វត្តមាននៃបណ្ណាល័យសាធារណៈ និងបណ្ណាល័យចល័ត កំពុងមានការកើនឡើងច្រើននៅតាមបណ្តាខេត្តក្រុង និងនៅតាមភូមិស្រុក ដែលបង្កើតឡើងក្នុងគោលបំណងជំរុញយុវវ័យឱ្យស្រលាញ់ការអាន ក្នុងន័យរួមចំណែកការអភិវឌ្ឍន ធនធានមនុស្ស។
តួយ៉ាង បណ្ណាល័យទាំងនោះ គឺជាការផ្តួចផ្តើមរបស់ស្ថាប័នរដ្ឋ អង្គការ ពិសេសសាធារណជនតាមសហគមមូលដ្ឋានផ្ទាល់ ដែលបានពាំនាំ នូវចំណេះដឹងសម្បូរបែបតាមរយៈសៀវភៅរាប់រយក្បាល ខណៈបណ្ណាល័យខ្លះ បានប្រើផ្ទះរបស់ខ្លួន ធ្វើជាទីតាំងអានទៀតផង។



សកម្មភាពនេះ ត្រូវបានមហាជនមើលឃើញថា ជាចលនាដ៏ល្អមួយដែលជំរុញការអានក្នុងន័យបង្កើនការយល់ដឹងបន្ថែម ដល់ធនធានមនុស្សរបស់កម្ពុជា ពិសេសក្រុមកុមារ និងយុវវ័យ ខណៈអ្នកទាំងនេះ ក៏កំពុងងាកមកចាប់អារម្មណ៍នឹងការអាន កាន់តែច្រើនឡើងផងដែរ។

ដោយមើលឃើញសញ្ញាវិជ្ជមានផ្នែកអប់រំខាងលើ កញ្ញា អ៉ិន បូបូ គ្រូបង្រៀននៃសាលារដ្ឋមួយក្នុងក្រុងភ្នំពេញ សម្តែងក្តីសោមន្យ និងកោតសរសើរដល់អ្នកចូលរួមគ្រប់ផ្នែកទាំងអស់ មិនថាអង្គការ ស្ថាប័ន ក្រសួង ឬសាធារណជន ដែលបានគិតគូរដល់វិស័យអំណាន ដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និតនឹងអប់រំ។
អ្នកគ្រូថា ការបង្កើតបណ្ណាល័យតាមសហគមន៍ច្រើន ជារឿងល្អ ព្រោះមិនត្រឹមតែជំរុញការអានប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ចំណេះដឹងដល់សិស្សានុសិស្ស ពិសេសកុមារ ឱ្យមានមូលដ្ឋានគ្រឹះនិងគុណវុឌ្ឍិនៃការសិក្សា។ តែទោះជាបែបនេះ អ្នកគ្រូក៏សំណូមពរដែរថា ទន្ទឹមនឹងចំនួននៃការបង្កើតបណ្ណាល័យតាមសហគមន៍នេះទៀតសោត គួរគប្បីកុំមើលរំលងសៀវភៅចំណេះដឹងដទៃទៀត បន្ថែមពីលើសៀវភៅរឿងនិទានដែលផ្តល់គុណតម្លៃជាចាំបាច់។

ដោយឡែក ពាក់ព័ន្ធនឹងការកើនឡើងនៃបណ្ណាល័យសាធារណៈនេះដែរ យុវតី គង់ ស្រីពេជ្រ សិស្សនៃវិទ្យាល័យព្រះបិតាឯករាជ្យ ខេត្តកំពង់ស្ពឺ បានលើកឡើងដែរថា ក្នុងសហគមដែលខ្លួនរស់នៅ ពិតជាពិបាកក្នុងការស្វែងរកការអានខ្លាំងណាស់ ព្រោះក្រៅពីបណ្ណាល័យរបស់សាលា មិនមានប្រភពសៀវភៅឯណាទៀត សម្រាប់អាននោះទេ។ ជាក់ស្តែង សូម្បីតែហាងលក់សៀវភៅចំណេះដឹងទូទៅ ក៏ត្រូវចំណាយពេលទៅទីរួមខេត្តដើម្បីទិញដែរ ខណៈសៀវភៅខ្លះ លើសធនធានដែលយុវតីរូបនេះអាចទិញបាន។ ហេតុនេះហើយ ស្រីពេជ្រ សង្ឃឹមថា វត្តមាននៃបណ្ណាល័យសាធារណៈ គួរតែមាននៅតាមមូលដ្ឋានដែលឆ្ងាយពីទីរួមខេត្តបន្ថែមទៀត។

គួរជម្រាបថា ក្រៅពីបណ្ណាល័យជាតិ និងបណ្ណាល័យតាមសាលារៀន បច្ចុប្បន្នសកម្មភាពចូលរួមក្នុងវិស័យអប់រំកាន់តែមានការកើនឡើងគួរកត់សម្គាល់ តាមរយៈអង្គការ ឬបុគ្គលផ្ទាល់ ក្នុងការបណ្តុះទម្លាប់អានដល់កុមារ និងយុវវ័យ ជាក់ស្តែងមានដូចជា បណ្ណាល័យចល័ត របស់រដ្ឋបាលរាជធានីភ្នំពេញ, បណ្ណាល័យចល័តអង្គការសុីប៉ា (Sipar), បណ្ណាល័តចល័តរបស់លោក អ៊ុក វណ្ណដេ (ស្ថាបនិកសាលាដូង), សួនអំណានភ្នំពេញ-Phnom Penh Reading Park របស់យុវតី ឆែម ស្រីគា ក៏ដូចជា បណ្ណាល័យសាធារណៈដែលទើបបង្កើតថ្មី លើទឹកដីសៀមរាប របស់អ្នកផលិតមាតិកាល្បីឈ្មោះ Rick Kh គោប្រាក់ ជាដើម។ មិនមែនមានតែប៉ុណ្ណេះតេ បណ្ណាល័យសាធារណៈក្នុងសហគមមូលដ្ឋានជាច្រើនទៀត ក៏កំពុងបម្រើដល់ប្រយោជន៍សិស្សានុសិស្ស និងនិស្សិតផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ