ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ១៤ ឧសភា មានពលករខ្មែរចំនួន ៦ នាក់ បានស្លាប់ និងរងរបួស ដោយសារគ្រោះរញ្ជួយដីនៅថៃ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះ មានពលករខ្មែរចំនួន ៤ រូប បានស្លាប់ និង ២ រូបផ្សេងទៀត បានរងរបួស ដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។

ក្នុងចំណោមពលករ ៤ នាក់ ដែលបានស្លាប់ ក្នុងនោះ ទី១.ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ទី២.ឈ្មោះ ផល្លា រតនា ភេទប្រុស អាយុ ២៤ ឆ្នាំ សពត្រូវបានរៀបចំបូជានៅប្រទេសថៃ។ ទី៣.ឈ្មោះ សាន់ សឿន អាយុ ៣៨ ឆ្នាំ ត្រូវជាប្តី និង ទី៤.ឈ្មោះ សុខ គិមសី អាយុ ៣១ ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរថៃបានពិនិត្យកោសល្យវិច័យ DNA តាមរយៈវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យ នៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥។



ចំណែកពលករដែលរងរបួស ២ រូប រួមមាន ៖ ទី១.ឈ្មោះ សឿន សំណាង ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរងរបួសកជើង និងទី២.ឈ្មោះ ឃិន សាខុន ភេទប្រុស រងគ្រោះរបូតគន្លាក់ជង្គង់ព្យាបាលនៅប្រទេសថៃ។


លោក ស៊ុន មេសា បានបន្តទៀតថា សពពលករខ្មែរពីរនាក់ប្តីប្រពន្ធដែលបានស្លាប់ដោយសារគ្រោះរញ្ជួយដីនៅថៃ ត្រូវបានបញ្ជូនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ កាលពីយប់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត។ សពពលករពីរនាក់ប្តីប្រពន្ធក្នុងនោះប្តីមានឈ្មោះ សាន់ សឿន អាយុ ៣៨ ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គិមសី អាយុ ៣១ ឆ្នាំ។
លោកបានបន្ថែមទៀតថា បន្ទាប់ពីបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេសថៃ នៅព្រឹកថ្ងៃទី ១៤ ខែឧសភានេះ ដែលអះអាងថា ពលករទាំងពីរពិតជាបានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅថៃកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយអាជ្ញាធរថៃក្នុងការរៀបចំការបញ្ជូនសព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាមរថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅឋាននៅក្រុងសិរីសោភ័ណ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចាំទទួលសពពលករទាំងពីរនៅច្រកអន្តរជាតិប៉ោយប៉ែត និងបន្តសម្របសម្រួលដង្ហែសពមកកាន់លំនៅឋានដែលបានរៀបចំពិធីបុណ្យរួចជាស្រេចដោយមានការចាត់ចែងរៀបចំពីមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសាច់ញាតិក្រុមគ្រួសារសព៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


