ព័ត៌មានជាតិ
គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំក្នុងខែកក្កដា ដើម្បីដោះស្រាយបោះបង្គោលដែលនៅសេសសល់ ១៦%ទៀត
ស្របពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅ គណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំមួយនៅខែកក្កដា ខាងមុខនេះ ដើម្បីជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ ១៦ % ទៀត។

អញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នៅខេត្តត្បូងឃ្មុំ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងឱ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា តាមរយៈគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ភាគីទាំងពីរបានបញ្ចប់ការបោះបង្គោលព្រំដែនបានរហូតដល់ ៨៤ % ហើយ នៅសេសសល់តែ១៦ % ទៀត ប៉ុណ្ណោះ។ លោកថា ជាក់ស្តែងនៅថ្ងៃទី០៥ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមការងារនៃគណកម្មការចម្រុះព្រំដែនកម្ពុជា និងវៀតណាម (JBC) នឹងរៀបចំកិច្ចប្រជុំមួយនៅឯប្រទេសវៀតណាម ដើម្បីដោះស្រាយបញ្ហានេះ។

លោកបញ្ជាក់ថា៖«ខ្ញុំមានជំនឿយ៉ាងមុតមាំថា ប្រទេសយើងទាំងពីរនឹងកាន់តែជំរុញទំនាក់ទំនងសាមគ្គីភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏ល្អប្រពៃបន្ថែមទៀត ជាពិសេសជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ឱ្យបានឆាប់រហ័សដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍»។
លោកបន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម មានវឌ្ឍនភាព ប្រកបដោយផ្លែផ្កា ទំនាក់ទំនងយ៉ាងជិតស្និទ និងគ្រប់ជ្រុងជ្រោយនាំមកនូវផលប្រយោជន៍យ៉ាងច្រើន ដល់កងទ័ពប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូយោធាគ្រប់រូបភាព គ្រប់មធ្យោបាយ និងទំនាក់ទំនងយន្តការ កិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយប្រសិទ្ធភាព។
បើតាមលោក ទៀ សីហា កម្ពុជា-វៀតណាម បានប្រើផែនទីខ្នាត ១/១០០,០០០ តាំងពីឆ្នាំ ១៩៨៥ ដោយបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនជាមួយគ្នារហូតបោះបង្គោលបាន ៨៤% នៅសេសសល់តែ១៦ % ទៀត ដែលយើងបន្តដោះស្រាយតាមរយៈគណៈកម្មការចម្រុះព្រំដែន។ លោកថា៖« យើងមានយន្តការជាបន្តបន្ទាប់ រហូតដល់បានធ្វើជាសន្ធិសញ្ញាបំពេញបន្ថែមផែនទី រហូតដល់ឆ្នាំ ២០១៩ យើងបានឯកភាពគ្នាក្នុងការប្រើផែនទី ១លើ ៥០ពាន់ ដែលបានលទ្ធផលក្នុងការចរចាដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ៨៤ % នេះជាឆន្ទានុសិទ្ធិដែលយើងទាំងពីរចរចាដោះស្រាយបញ្ហាព្រំដែន»។

លើសពីនោះកម្ពុជាជាមួយភាគីមិត្តឡាវ ដោះស្រាយបញ្ហាព្រំដែនបាន ៨៦ % នៅសល់តែ ១៤ % ទៀតទេ។ លោកបញ្ជាក់ទៀតថា ឡាវ វៀតណាម អ្នកជិតខាងកម្ពុជាដោះស្រាយបញ្ហាព្រំដែនរួមគ្នាអស់ហើយ ដោយឡែកភាគីថៃឯកភាពគ្នា ឆ្នាំ ២០០១ ដោះស្រាយបង្គោលខណ្ឌសីមា បានត្រឹម ៤៣ បង្គោល លើ ៧៤ បង្គោល គិតជាភាគរយសម្រេចបានប្រហែលជាង ៥០ % ប៉ុណ្ណោះ។
សូមជម្រាបថា កម្ពុជាមានព្រំដែនគោកជាប់ប្រទេសវៀតណាមប្រវែងជាង ១,២៧០ គីឡូម៉ែត្រ ខណៈរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងចរចាបោះបង្គោលព្រំដែនជាមួយបណ្តាលប្រទេសជិតខាងជាបន្តបន្ទាប់ ដើម្បីរក្សាព្រំដែនសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចតាមព្រំដែន៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


