Connect with us

ព័ត៌មានជាតិ

ខ្នង​អាង​កំពីងពួយ ចាប់ផ្តើម​ស្ថាបនា​ចាក់បេតុង​ ក្រោយ​ដោះស្រាយផលប៉ះពាល់ជាមួយ​ពលរដ្ឋ

បានផុស

នៅ

លោក ស្រេង សុខា អភិបាលស្រុកបាណន់ខេត្តបាត់ដំបង​បានឲ្យដឹងថា ខ្នងទំនប់រមណីយដ្ឋានអាងកំពីងពួយ បានចាប់ផ្តើម​​ចាក់ជាបេតុងចាប់ពីដើមអាងរហូតដល់ចុងអាង ដែលមានប្រវែងប្រមាណ ៧ គីឡូម៉ែត្រ ខណៈ​នៅ​សងខាងផ្លូវទំនប់មានផ្លូវសម្រាប់ថ្មើរជើង និងជិះកង់កម្សាន្តផងដែរ។

ក្រោយពីមានការចង្អុលបង្ហាញពីក្រសួងធនធានទឹក អាជ្ញាធរស្រុកបានចុះរៀបចំសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋដែលបានលក់ដូរ និងរស់នៅក្នុងបរិវេណអាងឲ្យរុះរើតូបលក់ដូរ និងផ្ទះចេញពីតំបន់អាងដែលជាការរាំងស្ទះក្នុងការអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ពលរដ្ឋដែលបានសាងសង់លំនៅដ្ឋាននៅជើងទំនប់ផ្នែកខាងក្នុងអាង តម្រូវឲ្យរុះរើទាំងអស់ ហើយរដ្ឋបាលស្រុកក៏មានដីបំរុងទុកចែកជួនដល់​ពលរដ្ឋ​ ដែលគ្មានដីរស់នៅពិតប្រាកដ។ ការដោះដូរទីតាំងរស់នៅរបស់ពលរដ្ឋដែលរង​ផលប៉ះពាល់នេះ គឺស្ថិតក្នុងភូមិតាង៉ែន និងភូមិថ្មី ក្នុងឃុំតាគ្រាម ហើយក៏នៅមិនឆ្ងាយ​ពី​អាង​ប៉ុន្មាន​នោះដែរ»។ នេះបើតាមលោក ស្រេង សុខា មុន​លោក​បាន​បញ្ជាក់បន្ថែម​ថា សម្រាប់ដីដែលបានបែងចែកជាដីឡូរ៍ជូនពលរដ្ឋ ដែលរងផលប៉ះពាល់នៅតំបន់អាងនេះ គឺជាដីបំរុងរបស់រដ្ឋបាលស្រុកមិនមែនជាដីសប្បទាននោះទេ ក្នុងនោះបានបែងចែកជាឡូរ៍ដែលមានទទឹង ១០ម៉×៣០ម៉ ក្នុងមួយគ្រួសារ។ ការដោះស្រាយនេះធ្វើឡើង ២ ដំណាក់កាល ដោយដំណាក់កាលទីមួយបានរៀបចំ ២៥ ឡូរ៍ ក្នុងនោះតម្រូវឲ្យ​ពលរដ្ឋ​ចាប់ឆ្នោតយកលេខរៀងឡូរ៍និមួយៗ ចៀសវាងកុំឲ្យច្រណែនគ្នា ឬប្រកាន់បក្សពួក។ លោក ស្រេង សុខា បាន​បញ្ជាក់បន្ថែម។

បើតាមលោក លោក ស្រេង សុខា នៅសប្តាហ៍ក្រោយនេះលោកបានរៀបចំជាង ៤០ ឡូរ៍បន្ថែមទៀត ដែលជាដំណាក់កាលទីពីរ ខណះក្រោយមានការខិតខំពីរដ្ឋបាលស្រុក ក្រុមការងារក្រសួងបានដាក់គ្រឿងចក្រដើម្បីអនុវត្តន៍ជាបណ្តើរៗហើយដែរ។

ពលរដ្ឋដែលរងផលប៉ះពាល់ជាច្រើនគ្រួសារ សុំមិនបញ្ចេញឈ្មោះបានប្រាប់កម្ពុជាថ្មីថា ភាគច្រើន​ពលរដ្ឋ​អាចទទួលយកនូវដំណោះស្រាយរបស់រដ្ឋបាលស្រុក ដើម្បីជាផលប្រយោជន៍រួមហើយ​ក៏ជា​ប្រភពរកចំណូល​របស់ប្រជាពលរដ្ឋនៅតំបន់នោះមួយផ្នែកដែរ​ពីការលក់ដូរនំចំណីអាហារ ឬលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗជូនដល់ភ្ញៀវទាំងក្នុងនិងក្រៅស្រុក ដើម្បីទ្រទ្រង់ជីវិភាពប្រចាំថ្ងៃ។

បើតាមមន្ត្រីមន្ទីរ​ទេសចរណ៍ខេត្តបាត់ដំបង អាងកំពីពួយក្រោយប្រែមុខមាត់ថ្មីលើវិស័យទេសចរណ៍ នឹង​ផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់ពលរដ្ឋក្នុងការលើកកម្ពស់កម្រិតសេដ្ឋកិច្ចគ្រួសារបានយ៉ាងប្រសើរនៅអនាគតខាងមុខ។

ជុំវិញការអភិវឌ្ឍន៍នៅតំបន់អាងកំពីងពួយឲ្យក្លាយជារមនីយដ្ឋានទេសចរណ៍ថ្មីនេះ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង​បានប្រាប់កម្ពុជាថ្មីឲ្យដឹងយ៉ាងខ្លីថា ចំពោះការងារធ្វើផ្លូវលើទំនប់អាងកំពីងពួយនេះ ជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ហើយទើបតែចាប់ផ្តើមបានបន្តិចប៉ុណ្ណោះ គិតជាភាគរយបាន​ប្រហែលជា ១០%។

យ៉ាងណាម​ប្រភពដដែលបាន​បញ្ជាក់​ថា រយះពេល​ដំណើរការ​ការស្ថាបនា នៅមិនទាន់កំណត់ការបញ្ចប់ការសាងសង់នៅ​​ឡើយ​​។

ភ្ញៀវទេសចរអាច​ធ្វើដំណើរទៅ​កម្សាន្ត​នៅ​អាងកំពីងពួយតាមផ្លូវលេខ៥៧ កាត់តាមភ្នំសំពៅ ពីទីរួមខេត្តបាត់ដំបងឆ្ពោះទៅទិសនិរតី នឹងទៅដល់ខ្នងទំនប់អាង ដែលនឹង​ឃើញផ្ទៃទឹកជាប់ជើងភ្នំដ៏ធំល្វឹងល្វើយ ​ផ្តល់​អារម្មណ៍ស្រស់ស្រាយមិនខាន។ បឹងនេះមានទីតាំងស្ថិតនៅក្នុងឃុំពីរ គឺឃុំតាគ្រាម និងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

អាងឬបឹងនេះ ស្ថិតនៅចន្លោះរវាងភ្នំខ្ពស់ ឫភ្នំតាង៉ែន និងភ្នំព្រះឫភ្នំកំពីងពួយ ដោយលាតសន្ធឹងជារាងទ្រវែងពីជើងទៅត្បូង ដែលមានខ្នងទំនប់យ៉ាងក្រាស់ប្រវែងរហូតដល់ទៅ ៦ ០០០ ម៉ែត្រ។ ទទឹងនៃទំនប់ផ្នែកបាតខាងក្រោមមានប្រវែង ៧០ ម៉ែត្រ និង ខ្នងទំនប់ប្រវែងប្រហែល ៣០ ម៉ែត្រ មានកំពស់ចាប់ពី ១០ ម៉ែត្រ ទៅ១៥ម៉ែត្រ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម