Connect with us

ព័ត៌មានជាតិ

តំណាងក្រុមហ៊ុនធំៗរបស់អាម៉េរិកជួបសម្ដេច ហ៊ុន សែន ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិក ដឹកនាំដោយលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន។ ក្នុងជំនួបនោះ សម្តេច បង្ហាញក្ដីសង្ឃឹមថា អ្នកវិនិយោគអាម៉េរិក នឹងមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ស្របពេលដែលទំហំពាណិជ្ជកម្មកម្ពុជា និងអាម៉េរិក កំពុងមានការកើនឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោលើកឡើងដោយការកត់សម្គាល់ថា អ្នកវិនិយោគរបស់អាម៉េរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺផ្ដោតទៅលើផ្នែកដឹកជញ្ជូន វេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា។ សម្ដេចចាត់ទុកថា ទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង។

តាមការបញ្ជាក់ពីលោក Brian D. McFeeters ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលមានសមាជិកជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។

លោក Brian D. McFeeters បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក ដែលកំពុងដំណើរការល្អ ហើយក្នុងនាមវិស័យឯកជន ដែលតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកបានលើកឡើងថា ធុរជនអាម៉េរិក ក៏ដូចជាដៃគូរបស់អាម៉េរិកដែលបានមកជួបសម្ដេចនាពេលនេះ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា រួមមានទាំងក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត។

សម្តេចតេជោ បានបង្ហាញការគាំទ្រចំពោះអ្នកវិនិយោគអាម៉េរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះឯងតែម្ដង។

នៅក្នុងឆ្នាំ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា និងអាម៉េរិក ​សម្រេច​បានជាង ១៣,១៤ ​ពាន់លាន​ដុល្លារ ​កើនឡើង២៩,២៤% ​ដែលក្នុងនោះ ​កម្ពុជានាំចេញទៅអាម៉េរិកមាន​តម្លៃ ​១២,៧៣ពាន់លានដុល្លារ កើនឡើង​២៨,៤៨% ខណៈ​អាម៉េរិកនាំបានចូល​មកវិញមានតម្លៃ ៤១៧លានដុល្លារ កើនឡើង ៥៧,៨៣%។ បើគិតក្នុងឆមាស​ទី១ ឆ្នាំ២០២៦នេះ កម្ពុជា​គឺនាំ​ទំនិញ​ចេញទៅ​សហរដ្ឋអាម៉េរិក​សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់​ ៧​​ពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម