ព័ត៌មានជាតិ
សម្តេចធិបតី៖ កម្ពុជាអត់ទ្រាំយូរហើយ ដល់ពេលត្រូវឆ្លើយតបទៅថៃដែលបង្កាច់បង្ខូចកម្ពុជាគ្រប់បែបយ៉ាង
នាយករដ្ឋមន្រ្តី សម្តេចធិតបី ហ៊ុន ម៉ាណែត បានថ្លែងដោយសង្កត់ធ្ងន់ថា កម្ពុជាអត់ធ្មត់ និងអត់ទ្រាំយូរមកហើយ ដល់ពេលដែលកម្ពុជាត្រូវឆ្លើយតបទៅភាគីថៃ ដែលតែងតែបង្កាច់បង្ខូច លាបពណ៌កម្ពុជាគ្រប់បែបយ៉ាង មិនថាពាក់ព័ន្ធបញ្ហាទឹកដី ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញនោះទេ។ ការថ្លែងបែបនេះ បានធ្វើឡើងនាឱកាសសម្តេចធិបតី អញ្ជើញជាអធិបតី ការប្រារព្វ “ទិវាមច្ឆជាតិ ១កក្កដា ២០២៥” នៅក្នុងទឹកដីខេត្តតាកែវ។

ការលើកឡើងរបស់នាយករដ្ឋមន្រ្តី ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់ក្រុមជ្រុលនិយមថៃ និងរដ្ឋាភិបាលថៃ ដែលបានចោទកម្ពុជាថាជាប្រទេសស្មោកគ្រោក និងជាមណ្ឌលមណ្ឌលឧក្រិដ្ឋកម្មអនឡាញ។ លើសពីនេះ ប្រទេសថៃបានគំរាមកាត់ផ្តាច់អគ្គិសនី សេវាអ៊ីនធឺណិត ផ្អាកការនាំចូលប្រេង និងនៅមានវិធានការផ្សេងៗទៀត។ ទោះបីសម្តេចធិបតី មិនបានលើកចំឈ្មោះប្រទេស ប៉ុន្តែសំដៅដល់ប្រទេសជិតខាងភាគីថៃ ដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាអូសបន្លាយអស់រយៈពេលជាងមួយខែមកនេះ។
តំណាងឱ្យប្រទេសអធិបតេយ្យមួយ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាត្រូវតែឆ្លើយតបនៅពេលនេះ ព្រោះយើងមានភស្តុតាងច្រើនណាស់ដែលភាគីថៃ បង្កាច់បង្ខូចកម្ពុជាគ្រប់បែបយ៉ាង។ សម្តេចបញ្ជាក់ថា៖«(ថៃ) ព្រមានកាត់ភ្លើង កាត់ប្រេង មិនទើបតែពេលនេះទេ យូរមកហើយ រហូតដល់ប្រជាពលរដ្ឋយើង និងប្រទេសគេមើលងាយ និងយល់ច្រឡំថាខ្មែរអសមត្ថភាពពឹងលើគេរស់។ ចឹងការចាត់វិធានការរបស់យើង គ្មានអីក្រៅពីការការពារកិត្តិយស សេចក្តីថ្លៃថ្នូរ មានភាពត្រឹមត្រូវ បូរណភាពទឹកដី និងឧត្តមប្រយោជន៍ប្រជាតិខ្មែរប៉ុណ្ណោះ»។

ការឆ្លើយតបរបស់កម្ពុជានាពេលថ្មីៗនេះ រួមមានសកម្មភាពការទូត ច្បាប់ជាតិ និងអន្តរជាតិ ក៏ដូចជាការផ្អាកការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ឆ្លងកាត់ព្រំដែនគោកទាំងអស់។ ការហាមឃាត់ការនាំចូលនេះត្រូវបានអនុវត្តបន្ទាប់ពីយោធាថៃបានបិទច្រកព្រំដែនជាឯកតោភាគី ដែលបំពានលើកិច្ចព្រមព្រៀងទ្វេភាគី។ វិធានការបស់កម្ពុជាបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការធានាសន្តិសុខស្បៀង និងភាពធន់ក្នុងការប្រឈមមុខនឹងការគំរាមកំហែងរបស់ប្រទេសថៃ។
សម្តេចធិបតី អះអាងថា ការឆ្លើយតបនេះ ព្រោះត្រូវការពារប្រជាជន ១៧ លាននាក់ ការពារសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់កម្ពុជា។ សម្តេចថា៖«ពេលដែលយើងទ្រាំ យើងអត់តបប៉ុន្មានខែមុននេះ សូម្បីតែប្រជាជនយើងមួយចំនួន ក៏ឆ្ងល់ថាហេតុអ្វីបានរដ្ឋាភិបាលស្លូតម៉េស មិនហ៊ានជាមួយគេ។ ព្រោះយើងមិនចង់មានរឿង ព្រោះបញ្ហាផ្ទៃក្នុងគេ យើងមិនលូកដៃទេ តែដល់ពេលរាលខ្លាំងពេក យើងត្រូវការពារ»។
លើសពីនេះ សម្តេចធិបតី បានបដិសេធដែលបានចោទប្រកាន់ថា កម្ពុជាលូកកិច្ចការនយោបាយផ្ទៃក្នុងរបស់ថៃ។
សម្តេចថ្លែងថា៖«មកចោទថារាជរដ្ឋាភិបាល ជាពិសេសចោទសម្តេចតេជោ ថាលូកលាន់ផ្ទៃក្នុងនយោបាយរបស់ប្រទេសគេ កម្ពុជាមិនបានធ្វើអ្វីទៅលូកលាន់ផ្ទៃក្នុងរបស់គេទេ រឿងបក្សគេ ដកអ្នកណា ដាក់អ្នកណាជារឿងរបស់គេ ប៉ុន្តែរឿងដែលប៉ះពាល់កម្ពុជា គឺកម្ពុជាត្រូវឆ្លើយតបហើយ»។

យ៉ាងណាមិញ សម្តេចធិបតី បានព្រមានតបវិញថា ជម្លោះនយោបាយផ្ទៃក្នុងរបស់ថៃ គួរដោះស្រាយដោយខ្លួនឯង កុំលាបពណ៌មកកម្ពុជា។ សម្តេចថា៖«ខ្ញុំសូមជូនដំណឹងទៅវិញថា កម្ពុជាមិនបានលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុងរបស់នយោបាយក្នុងប្រទេសណានោះទេ ប្រទេសណា នយោបាយអ្នកណា រឿងខ្លួនឯងដោះស្រាយខ្លួនឯងកុំមកលាបពណ៌កម្ពុជាបន្តទៀត។ លាបពណ៌រាប់ខែមកហើយ សូមឈប់ធ្វើកិច្ចការយកកម្ពុជាធ្វើបាវសាក់ទៀត កម្ពុជាមានដៃដាក់តបទៅវិញហើយ»។
ក្នុងន័យនេះ សម្តេចសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាក្នុងការថែរក្សាសិទ្ធិ ការពារសេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវរបស់កម្ពុជា និងតម្លាភាពជាមួយប្រជាពលរដ្ឋខ្លួន ព្រមទាំងរក្សាជំហរការដោះស្រាយដោយសន្តិវិធីជាមួយភាគីថៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


