ព័ត៌មានជាតិ
ជង្ហុកលើផ្លូវ ៩៥ បង្កការលំបាកដល់ការរស់នៅរបស់ពលរដ្ឋ និងអ្នកដំណើរ
ប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរ ចុះមកពិនិត្យកំណាត់ផ្លូវ ៩៥ មានជង្ហុកដក់ទឹក និងកំពុងបង្កផលលំបាកដល់ការរស់នៅ ជាពិសេសអ្នកដំណើរឆ្លងកាត់ ដែលផ្លូវនេះ អាជ្ញាធរ ធ្លាប់ជួសជុលម្ដងរួចមកហើយ។

ជាក់ស្ដែងផ្លូវកំពុងរងការខូចខាតនេះ នៅក្បែរទីតាំងលាងរថយន្ត ១ កន្លែង (ក្រោយក្រសួងអភិវឌ្ឍន៍ជនបទ) តាមបណ្ដោយកំណាត់ផ្លូវលេខ ៩៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវជន ភា ជាសិស្សឆ្លងកាត់ចំណុចខាងលើនេះទៅរៀនរាល់ថ្ងៃ ប្រាប់ឲ្យដឹងថា ផ្លូវដែលខូចខាតនេះ បានបង្កការលំបាកខ្លាំង ព្រោះឆ្លងកាត់ម្តងៗ ដឹងតែខ្ទាតទឹកកខ្វក់ដក់ក្នុងជង្ហុកប្រឡាក់ខោអាវរបស់គាត់ និងស្បែកជើងជានិច្ច។ ក្នុងនោះ ដោយសារតែជង្ហុកច្រើនគួរសមដែរ និងមានតូច-ធំ ដែលនៅពេលមានម៉ូតូ ឬឡានបើកជៀសគ្នា តែងមានទឹកខ្ទាតជានិច្ច។

យុវជនខាងលើបន្តទៀតថា ចំពោះជង្ហុកនេះ គាត់ធ្លាប់ដួលម្តងដែរ ពេលត្រឡប់ពីសាលាទៅផ្ទះ ព្រោះពេលនោះ ផ្លូវរាងងងឹត ទើបជិះទៅធ្លាក់ជង្ហុកដួល រលាត់ដៃជើង និងរងរបួសគួរសម។

ចំណែក អ្នកស្រី ងីម ពលរដ្ឋក្បែរនោះ បានឲ្យដឹងដែរថា ផ្លូវលេខ ៩៥ កាលពីឆ្នាំមុន អាជ្ញាធរ ធ្លាប់ជួសជុលម្ដងរួចមកហើយ ប៉ុន្តែមកដល់ឆ្នាំនេះ ក៏ខូចម្តងទៀត ទៅជាមានទឹកដក់ ជង្ហុកធំជាងឆ្នាំមុនទៀត។

អ្នកស្រី ក៏ដូចជា ប្រជាពលរដ្ឋ បានសំណូមពរទៅកាន់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យផ្លូវជង្ហុកខាងលើនេះជួសជុលឡើងវិញឲ្យបានយូរ កុំឲ្យឆាប់ខូចបែបនេះ ព្រោះថាទោះបីផ្លូវនេះជាផ្លូវតូច ប៉ុន្តែមានអ្នកធ្វើដំណើរឆ្លងកាត់ច្រើន ដើម្បីកាត់បន្ថយការលំបាកនារដូវធ្លាក់ភ្លៀង។

ពាក់ព័ន្ធបញ្ហានេះ លោក កៀង ល័ក្ខ អភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ដោយសារតែកន្លែងលាងរថយន្តក្បែរនោះតែងតែបង្ហូរទឹកមកលើផ្លូវ ទើបបង្កឲ្យឆាប់ខូចខាត និងដក់ទឹកបែបនេះ។

លោកអភិបាលខណ្ឌចំការមន បានបន្តថា លោកតែងតែចុះអប់រំណែនាំ ២ ទៅ ៣ ដងហើយ ប៉ុន្តែទីតាំងខាងលើនេះ នៅតែបង្ហូរទឹកមកលើផ្លូវដដែល។ ដូច្នេះហើយ នៅសប្ដាហ៍ក្រោយ លោក នឹងចាត់កម្លាំងជំនាញចុះទៅអ៊ុតកំណាត់ផ្លូវ ៩៥ ដែលរងការខូចខាតនេះថ្មីឡើងវិញ ក៏ដូចជាដាក់ឱសានវាទដល់កន្លែងលាងរថយន្ត បញ្ឈប់ឲ្យមានការបង្ហូរទឹកមកលើផ្លូវបន្តទៀត៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


