ព័ត៌មានជាតិ
ប្រធានព្រឹទ្ធសភាធុញទ្រាន់នឹងថៃដែលនៅតែទូរស័ព្ទមកសុំចរចាឱ្យបើកព្រំដែន
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅថៃឈប់បោកប្រាស់ជនជាតិខ្លួនឯងទៅ ក្នុងពេលដែលនៅតែបន្តទូរស័ព្ទសុំឱ្យមានការចរចាជាមួយកម្ពុជាបើកព្រំដែនឡើងវិញ។ សម្ដេចបានបញ្ជាក់ថាកម្ពុជានឹងមិនចរចារឿងបើកព្រំដែនជាមួយថៃជាដាច់ខាត ព្រោះថៃជាអ្នកបិទដោយខ្លួនឯង។

ថ្លែងក្នុងពិធីជួបជុំសិស្ស និស្សិត បុគ្គលិកអប់រំនៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថៃអ្នកបិទហើយថៃក៏ត្រូវតែជាអ្នកបើក សូមកុំនាំកម្ពុជាចរចាលើរឿងនេះឱ្យសោះ បើមិនចង់អាម៉ាស់ចំពោះប្រជាជនខ្លួនឯងនិងចង់បើកព្រំដែនវិញ សូមប្រាប់ពលរដ្ឋខ្លួនឯងទៅថាចាប់ពីពេលនេះការកែសម្រួលពេលវេលាត្រូវបានបញ្ចប់ និងដំណើរការធម្មតាវិញទៅរួចរាល់ហើយ។
សម្ដេចតេជោថា៖ «កុំនិយាយភូតប្រជាជនខ្លួនឯង! ខាងនេះអត់មានឱ្យមានការចរចារឿងបើកច្រកព្រំដែនទេ។ ព្រោះរឿងអ្នកឯងបិទគឺអ្នកឯងបិទខ្លួនឯង ឬថាកែសម្រួលក៏កែសម្រួលខ្លួនឯងទៅ កុំដល់ចង់កែសម្រួលវិញអ្នកឯងមកបបួលគេចរចា។ [..] យើងអត់ត្រូវការមកញ៉ែប៉ប្រែ ចរចាមិនចរចា រវល់តែនឹងហៅទូរស័ព្ទសួរ យី!ពិបាកម្លេះវ៉ើយ! ខ្ញុំថាប្រកាច់ព្រាត់ប្រាស់ទៅណាទៅឱ្យបាត់ទៅពិបាកណាស់!»។
ក្នុងឱកាសនេះសម្ដេចក៏បានឱ្យដឹងថាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រជប៉ុនលោក NAGASHIMA Akihisa ក្នុងពេលជួបជាមួយសម្ដេចបានលើកឡើងពីការលំបាកទាក់ទងនឹងការបិទព្រំដែននេះដោយសារក្រុមហ៊ុនជប៉ុនដែលរកស៊ីនៅថៃ និងកម្ពុជាមិនអាចដឹកទំនិញឆ្លងព្រំដែនបាន។ សម្ដេចថារឿងនេះជារឿងរបស់ថៃដែលជាបង្កមុន។

គួរឱ្យដឹងផងដែរថាប្រទេសថៃបានសម្រេចបិទព្រំដែនដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនជាមួយកម្ពុជាកាន់តែក្ដៅឡើង។ លើសពីនេះនៅថ្ងៃទី២៣ ខែមិថុនា ទាហានថៃបានសម្រេចបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ហើយកម្ពុជាបានឆ្លើយតបដោយបិទវិញផងដែរ។
យោងតាមការចុះផ្សាយររបស់បាងកកប៉ុស្តិ ដែលដកស្រង់ទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃបានវាយតម្លៃថា ថៃអាចនឹងខាតបង់ជិត២ពាន់លានដុល្លារអាមេរិកបើការបិទព្រំដែននេះដល់ដំណាច់ឆ្នាំ២០២៥នេះ។
កាលពីថ្ងៃទី២៩ ខែមិថុនា កងទ័ពទិសបូព៌ាថៃបានបញ្ជូនលិខិតសុំឱ្យកម្ពុជាបើកច្រកទ្វារព្រំដែនមួយចំនួនជាមួយខេត្តស្រះកែវ តែត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោល ដោយប្រាប់ថាឱ្យទៅស្នើសុំពីអ្នកមានអំណាចពិតប្រាកដពីថៃវិញទៅ បើគ្មានការបើកព្រំដែនទាំងអស់ដូចមុនថ្ងៃ៧ មិថុនាទេ កម្ពុជាក៏មិនបើកវិញដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់