ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ គ្រោះរាំងស្ងួត ប៉ះពាល់ស្រូវប្រាំង និងដំណាំរួមផ្សំជាង ១០ ម៉ឺនហិតា
នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥ នេះ គ្រោះរាំងស្ងួត បណ្តាលឱ្យប៉ះពាល់ស្រូវប្រាំង និងដំណាំរួមផ្សំ ប្រមាណជាង ១០ ម៉ឺនហិតា នៅតាមរាជធានី-ខេត្ត ចំនួន ១៥ ក្នុងនោះ ខូចខាតជិត ៨ ពាន់ហិតា។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ កក្កដា នេះថា អាកាសធាតុក្នុងឆមាសទី ១ ឆ្នាំនេះ មានលក្ខណៈអំណោយផលល្អ ទាំងកម្រិតកម្ដៅបរិយាកាស ស្ថានភាពភ្លៀង កក់ខែ និងភ្លៀងរដូវវស្សា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ រដូវវស្សាឆ្នាំនេះ បានចូលមកដល់ក្នុងសប្ដាហ៍ទី ១ នៃខែឧសភា លឿនជាងឆ្នាំទៅជាមួយនឹងបរិមាណទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ និងមានបរិមាណតិចច្រើនដោយកន្លែង ដោយសារការទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីជាមួយនឹងសម្ពាធទាបដែលគ្របដណ្ដប់លើឈូងសមុទ្រចិនខាងត្បូង និងអាងទន្លេមេគង្គ ធ្វើឱ្យការងារដាំដុះស្រូវរដូវវស្សាមានសន្ទុះលឿនជាងឆ្នាំមុន ហើយក្នុងនេះតំបន់មួយចំនួនដែលទទួលបានបរិមាណទឹកភ្លៀងច្រើនលើសពីកម្រិតដែលភូមិសាស្ត្រអាចទទួលបាន ក៏ទទួលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង ជាពិសេសទឹកហូរធ្លាក់ពីតំបន់ភ្នំ និងពីប្រទេសជិតខាងដែលទទួលរងឥទ្ធិពលពីព្យុះទីមួយក្នុងតំបន់។

យ៉ាងណាក៏ដោយ លោកបានបន្តថា គ្រោះរាំងស្ងួត កង្វះខាតទឹកក្នុងវិស័យកសិកម្ម ការបង្កបង្កើនផលស្រូវប្រាំង ត្រូវបានធ្វើនៅរាជធានី-ខេត្ត ចំនួន ២២ លើផ្ទៃដីសរុបចំនួន ៩០៧.៨៨៩ ហិតា ស្មើនឹង ១៧០,១៤ ភាគរយ នៃផែនការដាំដុះប្រចាំឆ្នាំ ច្រើនជាងការដាំដុះនៅក្នុងឆ្នាំ ២០២៤។ ភ្លៀងកក់ខែ កើតមានក្នុងកម្រិតតិចជាងមធ្យម បានធ្វើឱ្យមានការប្រឈមទៅនឹងតម្រូវការទឹក សម្រាប់ស្រោចស្រព ហើយក្នុងនេះភូមិសាស្ត្រដែលនៅឆ្ងាយ នឹងគ្មានប្រភពទឹក បានទទួលរងការខូចខាតមួយចំនួន បន្ទាប់ពីការអន្តរាគមន៍ជួយសង្គ្រោះជាបន្តបន្ទាប់ពីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានក្នុងការបើកបញ្ចេញទឹកពីអាងស្តុកទឹកនានា និងការចល័តម៉ាស៊ីនបូមទឹកតាមបណ្តាទីតាំងមានប្រភពទឹក។

លោកបានបន្តទៀតថា មូលដ្ឋានខ្វះទឹកស្រោចស្រពមានចំនួន ១៥ រាជធានី-ខេត្ត ៤១ ស្រុក-ក្រុង និង ១៣៩ ឃុំ-សង្កាត់ ដោយប៉ះពាល់ស្រូវប្រាំងចំនួន ១០១.២៦៨ ហិតា និងដំណាំរួមផ្សំ ១.៥១៧ ហិតា ក្នុងនោះ បានជួយអន្តរាគមន៍សង្គ្រោះស្រូវបានចំនួន ៩៣.១៣៣ ហិតា និងខូចខាតស្រូវចំនួន ៧.៩៦៨ ហិតា។

លោកបានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ជំនន់ទឹកភ្លៀង ភ្លៀងរដូវវស្សា បានចាប់ផ្តើមធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងបរិមាណតិចច្រើនដោយកន្លែង ចាប់តាំងពីសប្ដាហ៍ទី ២ នៃខែឧសភា រួមជាមួយការទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី និងសម្ពាធទាប ក្នុងខែមិថុនា ដែលបង្កឱ្យមានភ្លៀងថ្នាក់ក្នុងបរិមាណច្រើននៅតាមភូមិសាស្ត្រមួយចំនួន និងបានបង្កឱ្យមានជំនន់រហ័សលិចលង់ក្នុងកម្រិតតិចតួចនៅតាមបណ្តាខេត្ត ភាគពាយ័ព្យ ភាគឦសាន និងតំបន់ភាគខាងជើងរួមមាន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ ស្ទឹងត្រែង កោះកុង កណ្តាល ពោធិ៍សាត់ ព្រះសីហនុ កំពង់ចាម តាកែវ និងខេត្តព្រៃវែង បណ្តាលឱ្យលិចបរិវេណផ្ទះ ១៥៨ ខ្នង បាក់ផ្ទះ ១ ខ្នងចូលក្នុងទឹក លិចស្រូវ (៧ ខេត្ត) ៩.៥៥៧ ហិតា និងខូចខាត ២.១០១ ហិតា បាក់ដាច់ផ្លូវលំ ៥ កន្លែង លិចស្ពាន ៣ និងខូចខាត ២ កន្លែង រងគ្រោះស្លាប់ ២ នាក់ (ស្រី ១)។


ជាមួយគ្នានេះដែរ បណ្តាលឱ្យការបាក់ស្រុតច្រាំងទន្លេ ស្ទឹងចំនួន ១៨ ករណី នៅមូលដ្ឋានខេត្តចំនួន ៧ មានខេត្តបាត់ដំបង ត្បូងឃ្មុំ ព្រៃវែង ខេត្តកំពង់ធំ កណ្តាល ព្រៃវែង និងរាជធានីភ្នំពេញ ស្ថានភាពរងគ្រោះ ៖ ផ្ទះខូចខាត ៨ ខ្នង រំកិល និងរុះរើចេញ ១១ ខ្នង បាក់ច្រាំងទន្លេមេគង្គ ទន្លេសាប និងស្ទឹងសង្កែ ២៤៧ ម៉ែត្រ បាក់ទំនប់ស្ទាក់ទឹកកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បង្កឱ្យមានការខូចខាត និងបាត់បង់ ទូកបាឡាជ័រ ១៣២ គ្រឿង ម៉ាស៊ីនបូមទឹក ៩៣ គ្រឿង ម៉ាស៊ីនទូក ៩៨ គ្រឿង និងម៉ូទ័របូមទឹក ៧ គ្រឿង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


