ព័ត៌មានជាតិ
៤ ខែឆ្នាំនេះ ខ្យល់កន្ត្រាក់បណ្ដាលឱ្យស្លាប់-របួសមនុស្សជិត ២០ នាក់ និងបំផ្លាញផ្ទះជិត ៤ ពាន់ខ្នង
ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ១០០ លើក នៅតាមរាជធានី-ខេត្តចំនួន ២៤ លើកលែងខេត្តកែប បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជិត ២០ នាក់ បើធៀបនឹងរយៈពេល ៤ ខែដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ ឧសភា នេះថា រយៈពេល ៤ ខែ ឆ្នាំ ២០២៥ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១០៧ លើក បានបណ្តាលឱ្យរលំផ្ទះចំនួន ២៦៧ ខ្នង ផ្ទះរបើកដំបូលចំនួន ៣ ៦៩២ ខ្នង សាលារៀន ២៨ អគារតូបផ្សារ ១៤ តូបអគាររដ្ឋបាល ១២ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរងរបួស ១៥ នាក់។ ក្នុងនោះ នៅក្នុងខែមេសា កើតឡើងច្រើនជាងគេមានរហូតដល់ទៅ ៧១ លើក បណ្តាលឱ្យខូចខាត និងរលំផ្ទះចំនួន ១៤៨ ខ្នងផ្ទះ របើកដំបូល ១ ០៩៦ ខ្នង សាលារៀន ១០ អគារ និងរលំដើមឈើ និងផ្ទះសង្កត់ស្លាប់មនុស្សចំនួន ៣ នាក់។

លោកបានបន្តថា តួលេខនេះ បើធៀបទៅនឹង ៤ ខែ ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើង ខណៈ ៤ ខែឆ្នាំមុន ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៤៨ លើកប៉ុណ្ណោះ បណ្តាលឱ្យរលំផ្ទះ ៧៥ ខ្នងផ្ទះ របើកដំបូលចំនួន ៦១៣ ខ្នង សាលារៀន ១២ អគារតូបផ្សារ ៤ តូប អគាររដ្ឋបាល ៣ កន្លែង និងរបួសមនុស្ស ២ នាក់ មិនមានអ្នកស្លាប់ទេ។

លោកបានបន្តទៀតថា តាមរយៈតួលេខ ៤ ខែ ឆ្នាំ ២០២៥ នេះ បង្ហាញឱ្យឃើញថា គ្រោះមហន្តរាយនៅដើមឆ្នាំនេះ ហាក់មានការកើនឡើងខ្ពស់ ខណៈរដូវវស្សានៅឆ្នាំនេះ នឹងចូលមកដល់នៅដើមខែឧសភា លឿនជាងឆ្នាំ ២០២៤។

លោកបានបន្ថែមថា «នៅពេលរដូវវស្សាចូលមកដល់ ខ្យល់កន្ត្រាក់ផ្គររន្ទះ ក៏ចាប់ផ្តើមកើតមានជាមួយគ្នាដែរ។ វានឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងកាន់តែច្រើនបន្ថែមទៀត ដែលនេះជាបញ្ហាហានិភ័យមួយ»។

លោកបានបញ្ជាក់ថា ឆ្លើយតបនឹងស្ថានភាពនេះ គណៈកម្មាធិការគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងនោះបានធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងជំរុញ និងពង្រឹងការផ្តល់ព័ត៌មានដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបានដឹង ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនការពារកាត់បន្ថយផលប៉ះពាល់ឱ្យបានច្រើនពេលមានគ្រោះមហន្តរាយផ្សេងៗ។ ក្រៅពីនេះ កងកម្លាំង ក៏បានរៀបចំរួចរាល់ហើយដែរ ដើម្បីត្រៀមខ្លួនជួយអន្តរាគមន៍ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយកើតឡើងនារដូវវស្សាខាងមុខនេះ។
លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ចំណែកប្រជាពលរដ្ឋ ក៏ត្រូវត្រៀមខ្លួនផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ឱ្យនៅអប្បបរមា៕
អត្ថបទ ៖ សំអឿន
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


