ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញឲ្យមន្ទីរពេទ្យថ្នាក់ជាតិបង្កើតគណៈកម្មការពិនិត្យមរណភាពមាតានិងទារកនៅក្នុងមន្ទីរពេទ្យ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញឱ្យមន្ទីរពេទ្យថ្នាក់ជាតិបង្កើតគណៈកម្មការពិនិត្យមរណភាពមាតា និងទារកនៅក្នុងមន្ទីរពេទ្យ ដើម្បីរួមគ្នាកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារក និងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតដើម្បីលើកកម្ពស់គុណភាពសេវាសុខភាពមាតា និងទារក នៅកម្ពុជាកាលពីរសៀលថ្ងៃទី១១កក្តដា នៅមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានស្នើឱ្យគ្រូបង្គោលទាំង៣៣រូបមកពីមន្ទីរពេទ្យចំនួន៦ រួមមានមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យជ័យវវ្ម័នទី៧ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យកុមារជាតិ ដែលទទួលបានការបណ្តុះបណ្តាលនេះទៅបង្រៀនបន្តនៅមន្ទីរពេទ្យរបស់ខ្លួនគ្រប់កម្រិតតាំងពីប្រធានមន្ទីរពេទ្យ ប្រធានផ្នែកគ្រប់ផ្នែក ពិសេសផ្នែកសម្ពព និងទារក និងមន្ទីរពេទ្យតាមបណ្តាខេត្តដែលជាសម្ព័ន្ធមេត្រីដើម្បីបង្កើនចំណេះដឹងថ្មីៗសំដៅធ្វើយ៉ាងណារួមគ្នាកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ឱ្យកាន់តែទាបបំផុតពិសេសឈានទៅសម្រេចគោលដៅពី១៥៤នាក់ លើ១សែនកំណើតរស់នៅឆ្នាំ២០២២ មកត្រឹម៧០នាក់លើ១សែនកំណើតរស់នាឆ្នាំ២០២៣០ខាងមុខ។

លោកស្រីសាស្ត្រាចារ្យបានបន្តថា ជាមួយគ្នានេះដែរត្រូវបង្កើតគណៈកម្មការពិនិត្យមរណភាពមាតា និងទារកនៅតាមមន្ទីរពេទ្យជាតិដើម្បីត្រួតពិនិត្យ និងតាមដានវាយតម្លៃនៃការផ្តល់សេវាមាតា និងទារកក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗនៅពេលមានករណីស្លាប់នៅតាមមន្ទីរពេទ្យរបស់ខ្លួន។ លោកស្រីសាស្ត្រាចារ្យបានចាត់ទុកវគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ណាស់ក្នុងការផ្តល់នូវវិធីសាស្ត្រស្រាវជ្រាវពីឬសគល់ឬមូលហេតុបណ្តាលឱ្យមានករណីមាតា និងទារកស្លាប់ក៏ដូចជាវិធីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។

លោកស្រីសាស្ត្រាចារ្យបានបន្ថែមថា «គន្លឹះសំខាន់គឺផ្នែកមាតា និងទារកទេតែបើធ្វើតែមិនបានទេត្រូវមានការចូលរួមពីការិយាល័យបច្ចេកទេស និងថ្នាក់ដឹកនាំមន្ទីរពេទ្យមានប្រធាន ឬអនុប្រធានមន្ទីរពេទ្យដើម្បីឱ្យដំណើរការស្រាវជ្រាវមានប្រសិទ្ធភាព និងរលូន និងកែប្រែរាល់កំហុសឆ្គងណាមួយនៅពេលមានករណីមា្តយឬទារកស្លាប់ពេលសម្រាលហើយត្រូវករណីនេះជាបទពិសោធន៍ និងជាការរៀនសូត្ររបស់យើងដើម្បីយើងធ្វើយ៉ាងណាឱ្យដំណើរការការងារក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនេះឱ្យបានល្អប្រសើរ»។
លោកស្រីសាស្ត្រាចារ្យបានលើកឡើងទៀតថា ការងារនេះត្រូវធ្វើការជាក្រុមតាំងពីមុនកើតរហូតដល់កើតមិនអាចធ្វើការតែម្នាក់ឯងបានទេ។ ត្រូវឧស្សាហ៍ជួបគ្នាដើម្បីជជែកនូវករណីសំខាន់សំដៅរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាទើបយើងថែរក្សាម្តាយ និងទារកបានល្អហើយត្រូវរាយការណ៍ជាបន្ទាន់នៅពេលមានករណីមាតា ឬទារកស្លាប់ដោយប្រការណាមួយកុំទុករហូតដល់ប្រព័ន្ធផ្សព្វផ្សាយចេញផ្សាយព្រោងពា្រតទើបបានដឹងឮដល់ថ្នាក់ដឹកនាំ។

លោកស្រីសាស្ត្រាចារ្យបានណែនាំដល់គ្រូបង្គោលថ្នាក់ជាតិសូមបន្តរៀបចំវគ្គបើកវគ្គបណ្តាលនេះបន្តទៀតនៅតាមថ្នាក់ខេត្តដោយសហការជាមួយមន្ទីរពេទ្យជាតិ និងបន្តវិភាគនៃមរណភាពមាតាថ្មី២៦ករណីមកពីមន្ទីរពេទ្យខេត្តដើម្បីរៀបចំផែនការជួយមន្ទីរពេទ្យថ្នាក់ជាតិបន្តភាពវិជ្ជមានដល់មន្ទីរពេទ្យខេត្ត។ លើសពីនេះលោកស្រីសាស្ត្រាចារ្យបានសំណូមពរដល់អង្គការដៃគូ ពិសេសអង្គការយូ អិន អេស ភីអេ មេត្តាបន្តគាំទ្រអនុវត្តផែនការបណ្តុះបណ្តាលនេះជាបន្តទៀតនៅថ្នាក់ខេត្តនិងមូលដ្ឋានសុខាភិបាលដើម្បីធានានូវប្រសិទ្ធភាពនៃប្រព័ន្ធពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតនេះនិងឈានទៅកាត់បន្ថយអត្រាមរណភាពមាតានិងទារកនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតមានរយៈ៥ថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១កក្តដាឆ្នាំ២០២៥នៅមន្ទីរពេទ្យព្រះអង្គឌួងដោយមានសិក្ខាកាមមកពីមន្ទីរពេទ្យជាតិទាំង៦សរុបចំនួន៣៣រូប។វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់មន្ទីរពេទ្យជាតិ ទាំង៦ឱ្យកាន់តែប្រសើរសំដៅចូលរួមពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា