Connect with us

ព័ត៌មានជាតិ

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

បានផុស

នៅ

ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីដើមខែមេសាឆ្នាំ២០២៥មក យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលដឹកនាំដោយក្រសួងព័ត៌មាន និងសម្របសម្រួលការអនុវត្តក្នុងបណ្តារាជធានីខេត្ត ដោយមន្ទីរព័ត៌មាន មានដំណើរការយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសាធារណជនគ្រប់ទិសទី។ រីឯការអនុវត្តតាមបណ្តារាជធានីខេត្តមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធ ដែលបានធ្វើឱ្យយុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម។

លទ្ធផលត្រីមាសដំបូងគឺពីខែមេសាដល់មិថុនា ឆ្នាំ២០២៥ នៃការអនុវត្តក្នុងរាជធានី-ខេត្ត យុទ្ធនាការទទួលបានលទ្ធផលសំខាន់ៗចំនួន ៥។ ១) យុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយក្នុងដៃ និងឯកជន ទាំងប្រពៃណី ទំនើប បណ្តាញសង្គម ប្រមាណ ៧ពាន់ ដង/មាតិកា។ ចំនួននេះនៅមិនគិតចំនួននៃការផ្សាយចេញបន្តពីយុទ្ធនាការ ដោយការផ្សាយឯកជនដោយពលរដ្ឋ និងសហគមន៍(users)​ ច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ២) យុទ្ធនាការបានផលិតមាតិកាថ្មី (Original content​ ) សរុបចំនួន ប្រមាណ៨០០ សាច់រឿងថ្មី សម្រាប់ការបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម និងសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពយុទ្ធនាការ តាមរយៈ ព្រឹត្តិការណ៍តាមទីសាធារណៈក្នុងខេត្ត/ក្រុង/ស្រុកសរុបចំនួន១៧៥លើក ដែលត្រូវបានរៀបចំក្នុងរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កំពត កែប ព្រះស៊ីហនុ និងកោះកុង ដោយមាន មនុស្សចូលរួមផ្ទាល់សរុបចំនួនប្រមាណ២មុឺន ៣ពាន់នាក់។ ចំណាំ៖ ក្នុងខែកក្កដា យុទ្ធនាការ ដំណើរការដល់ព្រះស៊ីហនុ និងកោះកុង ខណៈរាជធានី-ខេត្ត ផ្សេងទៀតនៅបន្តអនុវត្តសកម្មទាំងក្នុងមូលដ្ឋានផ្ទាល់ និងលើបណ្តាញផ្សាយគ្រប់ទម្រង់។

៣) ការផ្សាយតាមបណ្តាញសង្គម យុទ្ធនាការទទួលបានការចូលមើលពីសាធារណៈជនសរុបប្រមាណ ១.៨លាន ខណៈមានការចែករំលែកបន្តជាង ៣សែនដងក្នុងសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត។

៤) ការផ្សព្វផ្សាយតាមទីសាធារណៈតាមរយៈផ្ទាំងប៉ាណូធំៗសរុបចំនួន ៣៩ផ្ទាំង/ទីតាំងនៅក្នុងរាជធានីភ្នំពេញ កណ្តាល កំពង់ចាម សៀមរាប រតនគីរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ កំពត កែប មណ្ឌលគីរី កំពង់ឆ្នាំង និងបាត់ដំបង។

៥) ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ យុទ្ធនាការបានផ្ញើសារ អប់រំផ្សព្វផ្សាយតាមប្រព័ន្ធTRC-SMS សរុបចំនួន៩សារ ទៅកាន់អ្នកប្រើប្រាស់ ទូរស័ព្ទចល័តចំនួនជាង ២៣លាន នាក់/គណនី នៅទូទាំងប្រទេស និងបាន ផ្សាយសារអប់ជាសំឡេង តាមរយៈcall-tune រយៈពេលបីសប្តាហ៍ក្នុងខែ មិថុនា-កក្កដា។

យុទ្ធនាការបាននិងកំពុងបន្តធ្វើដំណើរទៅដល់គ្រប់ច្រកល្ហកក្នុងរាជធានីខេត្តដើម្បីការសុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូលនិងការពារពលរដ្ឋពីគ្រោះថ្នាក់ដែលអាចបណ្តាលមកពីព័ត៌មានក្លែងក្លាយ ការប្រឌិត កាឡៃព័ត៌មាន បំភ្លៃការពិត បង្កការភាន់ច្រឡំ និងឆបោកក្នុងសង្គម ដើម្បីកេងចំណេញផ្នែកនយោបាយ ទាញយកប្រយោជន៍សេដ្ឋកិច្ចសម្រាប់តែបុគ្គល ឬក្រុមតូចណាមួយ។ យុទ្ធនាការនេះត្រូវបានដឹកនាំធ្វើឡើងស្របនឹងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងតំបន់និងលើពិភពលោកកំពុងសស្រាក់សស្រាំ និងសហការពួតដៃប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ(Disinformation) ព័ត៌មានបំភ្លៃ(Malinformation) និងព័ត៌មានក្លែងក្លាយដែលកំពុងចរាចរក្នុងសង្គម ជាពិសេសតាមរយៈបណ្តាញសង្គម។

គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ក្នុងត្រីមាសទី២ ឆ្នាំ២០២៥បានរកឃើញចំនួនព័ត៌មានក្លែងក្លាយ ចំនួន៨៧៣ ករណី។ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ១,៧៥៧ ករណី ដែលចំនួននេះមានការកើនឡើងចំនួន ជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ដូច្នេះយុទ្ធនាការបានដើរតួនាទីយ៉ាងសំខាន់និងបានទប់ស្កាត់ការពារកុំឱ្យព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលកម្ពុជាមានចំនួនប្រមាណ ៦៦ភាគរយនៃចំនួនប្រជាជនសរុប ដោយយុទ្ធនាការបានចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍ និងតាមភូមិឃុំដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីខេត្តកំពុងប្រើបណ្តាញសង្គមសម្រាប់ការទទួលព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម