Connect with us

ព័ត៌មានជាតិ

Boonsin Padklang បង្ហាញការ​សោក​ស្ដាយ​ចំពោះ​ការ​ខូតខាតនៃ​សង្គ្រាម

បានផុស

នៅ

មេភូមិភាគ២របស់ថៃ​ Boonsin Padklang បាន​បង្ហាញ​ការសោកស្ដាយ​ពីការ​ខូចខាត​នៃ​សង្គ្រាមបន្ទាប់ពីបានប្រយុទ្ធគ្នា​៥ថ្ងៃមក​នេះ។ ការ​លើក​ឡើង​នេះ​ក្នុងពេល​ដែល​លោក​ជួបចរចា​ជាមេភូមិភាគ៤​របស់​កម្ពុជា​នៅព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២៥​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្នីសិទសារព័ត៌មាន​នៅរសៀល​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​លើ​ក​ឡើង​ថា​ក្នុង​ជំនួប​នោះ​លោក Boonsin Padklang បាន​ថ្លែងថា លោកមានការ​សោកស្ដាយក្រោយសង្គ្រាម​៥ថ្ងៃនេះ ដែលបាន​បង្កការ​ខូចខាតជា​ខ្លាំងប៉ះពាល់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ បង្កផលវិបាក​ដល់​ពលរដ្ឋ​ទាំង​សង​ខាង​។

ជាការឆ្លើយតបមេភូមិភាគ៤ ឧត្តមសេនីយ៍ឯក ពៅ ហេង ​របស់​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​លោក Boonsin ត្រូវអនុវត្តន៍​បទឈប់​បាញ់​ឱ្យ​បាន មិនត្រូវ​ធ្វើការ​ចល័តទ័ព​និង​សព្វាវុធ និង​មិន​ត្រូវបាញ់​មក​លើ​ទ័ព​កម្ពុជា​ដែល​បញ្ជូន​ទៅ​ព្យាបាលរបួស ត្រូវសួរ​បញ្ជាក់​និង​ជូន​ដំណឹង​គ្នាជាមុន។ ជាពិសេស​ទៀត​នោះ​គឺ​ហាម​ទ័ព​របស់​ខ្លួន​កុំ​ឱ្យ​ដើរ​ចូល​ដីកម្ពុជា ហើយកម្ពុជា​បាន​ប្រកាស​ថា​នឹង​គោរពនូវ​បទ​ឈប់​បាញ់យ៉ាង​ម៉ឺងម៉ាត់រួចហើយ​បន្ទាប់ពី​បទ​ឈប់​បាញ់​បាន​ចូល​ជាធរមានរួចមក។

ជាការកត់សម្គាល់ខុសពីលើក​មុន​ៗ​ដែល​បង្ហាញ​ឬកពារ​ក្រអើត​ក្រទមពេល​នេះ​លោក​ Boosin ហាក់​មានភាពស្លូតបូតជាង​មុនដែលអាច​មើល​ឃើញ​តាមរយៈរូបថតដែល​ត្រូវ​បាន​គេ​បង្ហោះ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម។

គួរឱ្យ​ដឹង​ផងដែរ​ថាយោធាថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ទាហាន​ខ្មែរ​នៅព្រឹក​ថ្ងៃទី​២៤ ខែ​កក្កដា បន្ទាប់ពីបាន​រាយបន្លាលួសព័ទ្ធយក​ប្រាសាទតាមាន់ធំ។ ក្រោយ​ហេតុការណ៍​នោះការ​ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធរវាង​ប្រទេស​ទាំង​ពីរបាន​ផ្ទុះ​ឡើងទ្រង់ទ្រាយធំ រហូត​ដល់​មាន​ការ​អន្តរាគមន៍ពីប្រធានអាស៊ាន និង​ប្រធានាធិបតីអាមេរិក​ផងដែរ។ បទឈប់​បាញ់​មួយបាន​ធ្វើ​ឡើង​នៅ​ម៉ោង​១២​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ៥​ថ្ងៃបន្ទាប់ពី​ការ​ផ្ទុះអាវុធ។

ប្រធានាធិបតីអាមេរិក​លោក​ដូណាល់​ត្រាំ បាន​លើកឡើងថា ការសម្រេច​បាន​ជោគជ័យ​នៃ​បទឈប់បាញ់​នេះបាន​សង្គ្រោះអាយុជីវិត​មនុស្សរាប់ពាន់នាក់ ហើយលោក​ក៏បាន​បញ្ជាឱ្យ​ក្រុម​ការងារពាណិជ្ជកម្ម​របស់​លោក​ធ្វើការ​ចចារ​ពាណិជ្ជកម្ម​ឡើង​វិញជាមួយ​ប្រទេស​កម្ពុជា​ និង​ថៃ​ផងដែរ។

លោក ដូណាល់ត្រាំ សរសេរថា៖ «ពេល​នេះ​ខ្ញុំ​បាន​បញ្ចប់​សង្គ្រាម​ជា​ច្រើន​ក្នុង​រយៈពេល​៦​ខែ​មក​នេះ ខ្ញុំ​មាន​មោទនភាព​ដែលក្លាយជា​ប្រធានាធិបតី​នៃ​សន្ដិភាព»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម