ព័ត៌មានជាតិ
ក្រសួងការបរទេស ថ្កោលទោសថៃដែលចោទប្រកាន់កម្ពុជារំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដោយគ្មានមូលដ្ឋាន
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោស និងច្រានចោលយ៉ាងដាច់អហង្ការការចំពោះការភាគីថៃ ដែលបានចោទ ប្រកាន់កម្ពុជាថាបានរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយចាត់ទុកថា ការចោទនេះមានលក្ខណៈបំភាន់ និងប្រឌិតបំភ្លៃការពិត។ ការថ្កោលទោសនេះ ជាការឆ្លើយបទៅភាគីរាជរដ្ឋាភិបាលថៃ ដែលបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលខ្លឹមសារនោះចោទប្រកាន់មកលើកម្ពុជាទាំងគ្មានមូលដ្ឋានច្បាស់លាស់។

តាមរយៈសេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី ២៩ ខែកក្កដា បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ដែលមានលក្ខណៈបំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះឋិតថេរយូរអង្វែងថែមទៀតដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។
ក្នុងនាមជាភាគីដែលមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី។ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាបទឈប់បាញ់នេះគឺម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះដែលអាចចាត់ថាជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ »។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ចំពោះការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្មារតីរឹងមាំនៃកិច្ចសហប្រតិបត្តិការពហុភាគី ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមដោយស្ថាបនាជាមួយប្រទេសថៃ ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវយូរអង្វែង និងតាមសន្តិវិធីចំពោះស្ថានភាពបច្ចុប្បន្ន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ។

តាមរយៈសេចក្តីថ្លែងការណ៍ដដែល រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានរួសរាន់បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសម៉ាឡេស៊ី ទៅប្រទេសថៃ និងមកប្រទេសកម្ពុជា ទាំងព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើការបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្តការផ្ទៀងផ្ទាត់ និងធ្វើសេចក្តីរាយការណ៍អំពីបទឈប់បាញ់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលការចូលរួមនេះបានជួយគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


