Connect with us

ព័ត៌មានជាតិ

តំបន់អានសេះស្ថិតក្នុងដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា តំបន់អានសេះនៅតែត្រូវបានបន្តគ្រប់គ្រងទាំងស្រុងដោយកងកម្លាំងកម្ពុជា លើដែនអធិបតេយ្យរបស់ខ្លួន បើទោះជាភាគីថៃព្យាយាមរំលោភបំពាន ក្រោមរូបភាពចល័តកម្លាំងយោធា និងគ្រឿងចក្រចូលតំបន់អានសេះនេះក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ថា ទីតាំងអានសេះ គឺស្ថិតក្រោមអធិបតេយ្យកម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ក្រោយពីមានបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធា្រតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងពិតប្រាកដ។

បើតាមលោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ ចំពោះស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមព្រឹកថ្ងៃនេះ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីលួសបន្លាដែលកងទ័ពថៃបានរាយនៅតំបន់នោះកាលពីថ្ងៃទី៤ ខែសីហា ត្រូវបានកងកម្លាំងកម្ពុជាចុះរុះរើចេញ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកសកម្មភាពផងដែរ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ប៉ុន្តែយ៉ាងណា លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជានៅតែបន្តព្យាយាម និងជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពានដែលនាំមកនូវភាពតានតឹងតាមព្រំដែន និងរំខានដល់ដំណើរការដោះស្រាយតាមសន្តិវិធី ឆ្ពោះទៅស្ថានភាពល្អប្រសើរ ដូចដែលជាបំណងប្រាថ្នារបស់កម្ពុជាក្នុងការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យូរអង្វែង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម