Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ និស្សិតគ្រប់រូប ត្រូវមានក្រមសីលធម៌ គោរពច្បាប់ និងបទបញ្ញត្តិនានា នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយ

បានផុស

នៅ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ថា និស្សិត​ជ័យលាភី និស្សិត​កំពុង​សិក្សា ត្រូវ​មាន​ក្រមសីលធម៌ ឥរិយាបថ​ថ្លៃថ្នូរ ការ​គោរព​ច្បាប់ និង​បទបញ្ញត្តិ​នានា នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សាកលវិទ្យាល័យ ដើម្បី​ជា​ស្ពាន​សម្រាប់​ឱកាស​អាហារូបករណ៍​ដល់​យុវជន​ជំនាន់​ក្រោយ​បន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​ប្រធាន​សមាគម អ​.​ម​.​ត និង ឯកឧត្តម វ៉ាង វិ​នពីន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​សហ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ជ័យលាភី ឆ្នាំ​សិក្សា ២០២៥-២០២៦ និង​និស្សិត​បញ្ចប់​ការ​សិក្សា​អាហារូបករណ៍ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្តល់​ជូន​តាមរយៈ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី កាលពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

នា​ឱកាស​នោះ ឯកឧត្ដម វ៉ាង វិនពីន មាន​ប្រសាសន៍​ថា ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នឹង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គណៈកម្មាធិការ​អាហារូបករណ៍ អ​.​ម​.​ត លើ​កិច្ចការ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត​កម្ពុជា ដើម្បី​មាន​ឱកាស​ទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ន័យ​សម្រេច​ក្តី​សុបិន​ជីវិត​របស់​ខ្លួន។

ឯកឧត្ដម មាន​ប្រសាសន៍​បន្ត​ថា និស្សិត នឹង​ទទួល​បាន​បទ​ពិសោធ​ពី​មិត្តភាព និង​ភាព​ស្និទ្ធស្នាល​របស់​ប្រជាជន​ចិន ដោយ​ទទួល​បាន​អារម្មណ៍​ថា មាន​ភាព​កក់ក្ដៅ​ដូច​នៅផ្ទះ​ខ្លួន​ពេល​នៅ​ប្រទេស​ចិន ដូច ឯកឧត្ដម មាន​អារម្មណ៍​នៅ​ប្រទេស​កម្ពុជា។

ទន្ទឹម​នោះ លោកជំទាវ​បណ្ឌិត បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដ៏​ស្មោះ​អស់​ពី​ដួង​ចិត្ត និង​អរគុណ​ចំពោះ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា អតីត​អគ្គ​កុងស៊ុល អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សមាគម ពាណិជ្ជករ​ចិន ក្រុមហ៊ុន វិទ្យាស្ថាន សាលា​ភាសា​ចិន ដែល​បាន​ផ្តល់​អាហារូបករណ៍ និង​កិច្ចសហការ ជូន​ដល់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏ដូចជា សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ទាល់ សម្រាប់​ផ្តល់​លទ្ធភាព​ក្នុង​ការ​បែងចែក​ដល់​សិស្ស និស្សិត ជា​យុវជន យុវនារី​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​យក​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សំដៅ​ទទួល​បាន​ការ​អប់រំ​ចំណេះ​ដឹង​បន្ថែម និង​ចាប់​យក​ឱកាស​សិក្សា​រៀន​សូត្រ​ទាំង​ជំនាញ ភាសា និង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ក្លាយ​ជា​មូលធន​មនុស្ស​របស់​កម្ពុជា នា​ពេល​អនាគត។

បន្ថែម​ពី​នោះ លោកជំទាវ​បណ្ឌិត បាន​ផ្តល់​អនុសាសន៍ និង​មតិ​ផ្ដាំផ្ញើ​ដល់​និស្សិត​ជ័យលាភី និស្សិត​កំពុង​សិក្សា ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​រៀន​សូត្រ ផ្តោត​សំខាន់​លើ​ភាសា​ចិន​ដែល​ជា​មូលដ្ឋាន​គ្រឹះ ដើម្បី​ចូលរៀន​ថ្នាក់​ជំនាញ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ដោយ​ទាញ​យក​ឲ្យ​អស់​លទ្ធភាព​នូវ​ចំណេះដឹង​នូវ​មុខ​ជំនាញ​ខ្លួន​ជ្រើសរើស។

ជាមួយ​គ្នា​នេះ លោកជំទាវ​បណ្ឌិត បាន​ថ្លែង​ថា និស្សិត​ម្នាក់ៗ គឺជា“​អ្នកការទូត​មួយ​រូប​” របស់​កម្ពុជា ដូច្នេះ ត្រូវ​ផ្សព្វផ្សាយ​អំពី​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អត្តសញ្ញាណ​ជាតិ និង​អំពី​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ការ​អភិវឌ្ឍ សុខ​សន្តិភាព​ដែល​កម្ពុជា​មាន និង​ផលវិបាក នៃ​សង្គ្រាម​ឈ្លានពាន ដែល​កម្ពុជា​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន។

លើស​ពី​នោះ លោកជំទាវ​បណ្ឌិត បាន​គូស​បញ្ជាក់​ថា និស្សិត​គ្រប់រូប ត្រូវ​មាន​ក្រមសីលធម៌ ឥរិយាបថ​ថ្លៃថ្នូរ ការ​គោរព​ច្បាប់ និង​បទបញ្ញត្តិ​នានា នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សាកលវិទ្យាល័យ ដើម្បី​ជា​ស្ពាន​សម្រាប់​ឱកាស​អាហារូបករណ៍​ដល់​យុវជន​ជំនាន់​ក្រោយ​បន្ត​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម