ព័ត៌មានជាតិ
កម្ពុជាបន្តបង្ហាញឆន្ទៈដោយស្មោះត្រង់ដោះស្រាយជម្លោះដោយសន្តិវិធីជាមួយថៃ
កម្ពុជាបន្តបេ្តជ្ញាដោយភាពស្មោះត្រង់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយថៃ ដើម្បីលើកកម្ពស់សន្តិភាព សិ្ថរភាព និងប្រក្រតីភាពឡើងវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងដូច្នេះក្នុងសន្និសីទបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាវេលាម៉ោង១១ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ការប្តេជ្ញារបស់កម្ពុជាក្នុងការធ្វើការប្រកបដោយការស្ថាបនា ភាពស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសនៃសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងប្រទេសចិនជាដើមនោះ គឺដើម្បីធានាថា បទឈប់បាញ់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញ ហើយការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានការវិវត្តជាវិជ្ជមានបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំជាវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ នេះជាការគូសបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា។

បើតាមលោកស្រីអ្នកនាំពាក្យ ស្មារតីនៃកិច្ចប្រជុំ RBC គឺភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ លោកស្រី ថា ទាំងអស់នេះហើយ គឺជាគោលបំណងនៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងការបញ្ជៀសការប៉ះទង្គិចគ្នា។
លោកស្រី បានសង្កត់ធ្ងន់ថា វាមានភាពចាំបាច់ណាស់ដែលភាគីទាំងពីរត្រូវតែកសាងលើការវិវត្តជាវិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព សិ្ថរភាព ជាពិសេសនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យសម្រាប់ប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


