Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង ផ្តាំពលរដ្ឋខ្មែរ ដែលពហិការមិនប្រើទំនិញបរទេស ត្រូវមានការពិចារណា កុំធ្វើដោយកំហឹង

បានផុស

នៅ

អ្នកជំនាញកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង អំពាវនាវដល់ពលរដ្ឋកម្ពុជា មុននឹងធ្វើពហិការមិនប្រើទំនិញបរទេស ឬថៃ ត្រូវមានការពិចារណា ថ្លឹងថ្លែងឱ្យបានច្បាស់ ចៀសវាងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ឈត ប៊ុនថង រម្លឹកប្រាប់កម្ពុជាថ្មី ថា ដើមឡើយ ប្រជាជនខ្មែរមិនមានបំណងពហិការទំនិញថៃឡើយ ប៉ុន្តែ ដោយសារមិនអាចទ្រាំនឹងភាពឈឺចាប់ ការប្រមាថ ការឈ្លានពានពីភាគីថៃលើកម្ពុជា ទើបប្រជាជននាំគ្នាពហិការមិនប្រើផលិតផលថៃបែបនេះ។ ត្រង់ចំណុចនេះ លោកបណ្ឌិត ក៏បានផ្តាំទៅពលរដ្ឋ ប្រសិនជាចង់ធ្វើពហិការមិនប្រើទំនិញថៃ កុំធ្វើជ្រុលហួសហេតុពេក ឬកុំដាក់សម្ពាធដល់អាជីវករដែលទំនិញថៃសល់នៅក្នុងស្តុបច្រើន បង្ខំយកទៅបោះចោល ឬក៏រើសអើងអ្នកប្រើប្រាស់មួយចំនួន ពោល បើទំនិញនៅក៏ប្រើ បើអស់កុំយកចូល។ លោកបន្តថា គួរមានការពិចារណា និងមើលថា ត្រឹមត្រូវទេ? ប៉ះពាល់ដល់ប្រទេសជាតិឬក៏អត់?  

កាលពីយប់ឈានចូលថ្ងៃទី១៨ ខែសីហា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់ពលរដ្ឋកុំចូលអន្ទាក់សត្រូវ បន្ទាប់ពីក្រុមហ៊ុនកូកាកូឡា លុបរូបវណ្ណដាចេញពី Cover Facebook’s page ហើយពលរដ្ឋមួយចំនួន បាននាំគ្នាផុសលើហ្វេសប៊ុកថា នឹងឈប់គាំទ្រក្រុមហ៊ុនកូកាបន្តទៀត ដោយពួកគេយល់ថា ក្រុមហ៊ុនកូកាបញ្ចប់កុងត្រាជាមួយតារាចម្រៀងវណ្ណដា ព្រោះលោកចេញបទចម្រៀង ១សីហា និងនិយាយពីការពិតនៃការឈ្លានពានរបស់ថៃលើកម្ពុជា ដែលនាំឱ្យប្រជាជនថៃ ពហិការមិនទិញកូកាកូឡាទៀត ។ ជុំវិញករណីនេះ សម្តេចតេជោ ហ៊ុន សែន ថា ឱ្យពលរដ្ឋពិចារណាឡើងវិញ ព្រោះក្រុមហ៊ុនកូកាជាប្រេនរបស់អាមេរិក និងមានរោងចក្រផលិតនៅប្រទេសកម្ពុជា ដែលផ្តល់ការងារច្រើនកន្លែងដល់ពលរដ្ឋខ្មែរ ហើយកម្ពុជាក៏ទទួលបានពន្ធពីក្រុមហ៊ុននេះដូចគ្នា ដែលជាការជួយដល់សេដ្ឋកិច្ចជាតិ។ យ៉ាងណា ជុំវិញបញ្ហាទាំងអស់នេះ ក្រុមហ៊ុនកូកានៅមិនទាន់ចេញសេចក្តីប្រកាសព័ត៌មានអ្វីឡើយ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើ លោកបណ្ឌិត ឈត ប៊ុនថង និយាយថា៖ “ខ្ញុំសូមឱ្យប្រជាពលរដ្ឋយើងពិចារណា ជាពិសេស គឺសម្តីរបស់ថ្នាក់ដឹកនាំ លោកថា ត្រូវវធ្វើយ៉ាងណាកុំឱ្យចូលអន្ទាក់របស់ថៃ។ មានន័យថា យើងត្រូវធ្វើពហិការហ្នឹងបែបណា របៀបណាកុំឱ្យយើងដើរចូលអន្ទាក់របស់ថៃ”។

លោកបណ្ឌិត បានឱ្យពលរដ្ឋរួមគ្នាការពារក្រុមហ៊ុន និងសិប្បកម្មតូចតាច ឧស្សាហកម្ម អ្នកវិនិយោគបរទេស រួមទាំងថៃ ដែលកំពុងផលិត និងដំណើរការក្នុងប្រទេសកម្ពុជា ក៏មិនគួរប៉ះពាល់ដែរ ព្រោះលោកយល់ថា នាំឱ្យខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។

“អញ្ចឹងហើយ សូមបងប្អូនយើងពិចារណា កុំបោកឆ្នាំងបាយចោល ទោះបីថាយើងចង់ធ្វើពហិការក៏ដោយ ប៉ុន្តែយើងមើល ស្តាប់មេ ស្តាប់កើយ ហើយយើងធ្វើដោយការពិចារណា កុំធ្វើដោយកំហឹង” នេះ ជាការបញ្ជាក់របស់ លោកបណ្ឌិត ឈត ប៊ុនថង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម