Connect with us

ព័ត៌មានជាតិ

លទ្ធផល​នៃ​កិច្ច​ប្រជុំរបស់ក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមាអាណត្តិទី៤ (២០២៥-២០២៦)

បានផុស

នៅ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសមាសភាពយន្តការត្រីភាគីនេះ បានពិភាក្សានិងលើកមតិយោបល់យ៉ាងផុលផុស អង្គប្រជុំបានអនុម័តសម្រេចបានលទ្ធផលដូចខាងក្រោម៖

១- បានប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់អាណត្តិទី៤ (២០២៥-២០២៦) គឺ ៖

– លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត

– ឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។

២- ឯកភាពលើទិន្នន័យ និងស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦។

៣- ភាគីនីមួយៗ ឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះ ទៅពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់។

៤- ឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ លើកទី៣ ថ្ងៃពុធ ទី១០ លើកទី៤ ថ្ងៃចន្ទ ទី១៥ និងលើកចុងក្រោយថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម