ព័ត៌មានជាតិ
កម្ពុជា-មីយ៉ាន់ម៉ា នឹងសហការគ្នាប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានជួបពិភាក្សាការងារជាមួយលោក ច សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

ក្នុងជំនួបនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រាប់ឯកអគ្គរដ្ឋទូតថា គណៈកម្មការចំពោះកិច្ច គ.ប.ឆ.ប. ដែលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ទាល់ មានភាពចាំបាច់ចំពោះមុខ និងយូរអង្វែងទៅមុខ។ បន្ថែមពីនេះ គ.ប.ឆ.ប. បាននិងកំពុងបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនិងបោសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ ឯកអគ្គរដ្ឋទូតផ្តល់កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំង និងបោសសម្អាត Online Scams តាមរយៈ ការជួយទប់ស្កាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធ Online Scams ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមុខសញ្ញាប្រព្រឹត្តបទល្មើស Online Scams និងបន្តទទួលយកពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការត្រលប់ទៅមីយ៉ាន់ម៉ា ដើម្បីបន្តការសាកសួរ ស៊ើបអង្កេត និងចែករំលែកមក គ.ប.ឆ.ប វិញ។

ជាការឆ្លើយតប លោក ច សូ មីន (Kyaw Soe Min) បានបញ្ជាក់ថា ជំនួបនេះ លោក ទទួលបាននូវបទពិសោធន៍ល្អៗរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានបញ្ជាក់អំពីការតាំងចិត្តរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការបង្រ្កាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ដូចជាចែករំលែកបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបង្រ្កាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងមក ផងដែរ។ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ារូបនេះ ក៏បានកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកថា ការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាសម្រេចបាន ផ្តល់ជាប្រយោជន៍ដល់ស្ថិរភាពរបស់កម្ពុជា និងក្នុងតំបន់។
សូមជម្រាបថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគត ធ្វើយ៉ាងណាដើម្បីស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់ កាត់បន្ថយជាអតិបរិមា និងធ្វើឱ្យស្ថានភាពទូទៅរបស់បណ្តាប្រទេសពាក់ព័ន្ធបានធូរស្រាល ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


