Connect with us

ព័ត៌មានជាតិ

យុវជនកម្ពុជា ៣ រូប ទទួលបានជ័យលាភីនិយាយល្អបំផុត(Best Speaker) ផ្នែកតស៊ូមតិស្តីពីសិទ្ធិមនុស្ស តាមពីក្រោយ ឥណ្ឌូណេស៊ី និងសិង្ហបុរី

បានផុស

នៅ

តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្សរបស់អាយឆា កាលពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅ សណ្ឋាគារ FairField by Marriot Phnom Penh និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ ជាលទ្ធផលនៃការតស៊ូមតិនេះ យុវជនកម្ពុជាចំនួន ៣រូប ទទួលបានជ័យលាភីនិយាយល្អបំផុត ក្នុងចំណោមប្រទេសជាសមាជិក​អាស៊ានដែលបានចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្ស បញ្ជាក់ថា កម្មវិធីតស៊ូមតិនេះមានប្រធានបទចំនួន៥ពាក់ព័ន្ធនឹង ការពរពោះជំនួស សិទ្ធិស្ត្រី សិទ្ធិកុមារ ធម្មនុញ្ញអាស៊ាន និងសិទ្ធិទទួលបានការអប់រំ។ សេចក្តីប្រកាសបញ្ជាក់ថា៖«ជាលទ្ធផល ក្នុងចំណោមយុវជននៃប្រទេសសមាជិកអាស៊ានដែលបានចូលរួម យុវជនទទួលបានជ័យលាភីនិយាយល្អបំផុត (Best Speakers) ក្នុងចំណោមប្រធានបទទាំង៥ រួមមាន យុវជនកម្ពុជាចំនួន ៣រូប, ឥណ្ឌូណេស៊ី ១រូប, និងសិង្ហបុរី ១រូប»។

វត្ថុបំណងសំខាន់ៗនៃកម្មវិធីតស៊ូមតិរបស់យុវជនកម្រិតតំបន់ អាស៊ាននេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិមនុស្ស បំណិននិយាយ ភាពជាអ្នកដឹកនាំ និងសាមគ្គីភាព ក្នុងចំណោមយុវជនអាស៊ានជាដើម។ ពីព្រោះតួនាទីដ៏សំខាន់របស់យុវជន គឺការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ព្រោះពួកគេនឹងក្លាយទៅជាអ្នកដឹកនាំសង្គមជាតិនាពេលអនាគត។

គួរជម្រាបថា កម្មវិធីនេះទទួលបានការគាំទ្រផ្នែកថវិកាពីមូលនិធិ (អាយឆា) និងពីរាជរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាង ប្រទេសអូស្ត្រាលី និង AHRC ប្រទេសទីម័រខាងកើត ស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសសមាជិកអាស៊ាន យុវជនអាស៊ាន តំណាងស្ថានទូត និងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១២០នាក់។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំ អាយឆា បានលើកឡើងក្នុងសេចក្តីប្រកាសថា កម្មវិធីតស៊ូមមតិនាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ហើយបំណងប្រាថ្នារបស់យុវជនបានរម្លឹកយើងពីសារៈសំខាន់នៃសន្តិភាពនិងសិទ្ធិមនុស្ស បើគ្មានសន្តិភាពយើងនឹងមិនអាចមានសូម្បីតែ សិទ្ធិរស់រានមានជីវិត។ លោកសង្កត់ធ្ងន់ថា៖« សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ នៅកម្រិត អាស៊ាន ការរួបរួមនិងការប្រែក្លាយភាពខុសគ្នាឱ្យទៅជាមូលដ្ឋានសម្រាប់សន្តិភាព វិបុលភាព និងការគោរពសិទ្ធិមនុស្ស នៅតែជាចំណុចខ្លាំងរបស់អាស៊ាន»។

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី គូសបញ្ជាក់ទៀតថា យុវជនបានបញ្ចេញសមត្ថភាព និងវោហារសាស្ត្រយ៉ាងប៉ិនប្រសប់ជាមួយឥរិយាបថគួរជាទីពេញចិត្ត តែយ៉ាងណាក្នុងនាមជាអ្នកដឹកនាំនាពេលអនាគតត្រូវតែខិតខំបន្ថែមទៀត ហើយអាស៊ាន ត្រូវរួមគ្នាប្រែក្លាយគោលការណ៍សិទ្ធិមនុស្សឱ្យទៅជាសកម្មភាពជាក់ស្តែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម