ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងមានផ្ទុកសារធាតុគីមីដែលអាចប៉ះពាលដល់អាយុជីវិត
ក្រសួងសុខាភិបាល រកឃើញផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងមានលួចដាក់សារធាតុសកម្មឱសថសម័យ និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ដែលអាចប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ការរកឃើញនេះ គឺបន្ទាប់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ឯ.ក ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាព ចំនួន ២មុខ និងគ្រឿងសម្អាង ចំនួន ១២មុខ មកវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខ ដែលគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។
យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖
– ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្មឱសថ Tranexamic Acid។ សារធាតុឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។
– គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍ គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។

ដើម្បីចៀសវាងការប្រើប្រាស់ផលិតផល ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ឬសារធាតុលើសកម្រិតស្តង់ដាខាងលើ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលទាំង ៣មុខនេះជាបន្ទាន់។
ទន្ទឹមនេះ ក្រសួងក៏បានប្រាប់ឱ្យសាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ញិកា និងគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីចៀសវាង ការខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត ដោយផលិតផលទាំងនេះ ពុំធានាបាន នូវគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋានបច្ចេកទេសឡើយ៕


-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


