Connect with us

ព័ត៌មានជាតិ

កូនខ្មែរបង្កើតទូចម្រោះទឹកស្អាតបរិស្ថាន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង​

បានផុស

នៅ

ទូចម្រោះទឹកស្អាត ទំនើប មិនប៉ះពាល់ដល់បរិស្ថាន ដែលមានប្រព័ន្ធច្រោះរហូតទៅដល់ ៧ ជាន់ RO បង្កើតឡើងដោយស្នាដៃកូនខ្មែរ កំពុងទទួលបានប្រជាប្រិយភាព ហើយឥឡូវនេះមានលក់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ម៉ាស៊ីនចម្រោះទឹកប្រកបដោយភាពច្នៃប្រឌិតនេះមិនត្រឹមតែគាំទ្រដល់និរន្តរភាពបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ជីវភាពរស់នៅប្រកបដោយអនាម័យនៅក្នុងសហគមន៍ជនបទផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តោន ប៊ុនស្រ៊ីន អាយុ៣៣ ឆ្នាំ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជាម្ចាស់ទូចម្រោះទឹកបរិស្ថានស្អាត បានឱ្យដឹងថា បន្ទាប់ពីចាប់ផ្តើមដាក់ទូចម្រោះទឹកស្អាតបរិស្ថានរយៈពេលមួយខែមក គឺទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនជាបន្តបន្ទាប់ពីសំណាក់ ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដែលមកទទួលទិញទឹកយកទៅបរភោគ ពិសេសគឺតម្លៃទាបត្រឹមតែ ២០០ រៀលប៉ុណ្ណោះក្នុងមួយលីត្រ ។

ការលក់ទឹកស្អាតនេះ ដើម្បីចង់ចូលរួមកាត់បន្ថយការចំណាយរបស់អ្នកភូមិ ពលរដ្ឋតាមមូលដ្ឋាន ជាពិសេសសិស្សា​នុសិស្ស ដែលមានប្រាក់ត្រឹម១០០រៀលក៏អាចទិញទទួលទឹកកន្លះលីត្រយកទៅពិសារបានដែរ។ ជាងនេះទៅទៀត យើងក៏អាចចូលរួមចំណែកលើកស្ទួយប្រាក់រៀលខ្មែរនៅក្នុងប្រទេសកម្ពុជាថែមទៀតផងដែរ។

លោកបានបញ្ជាក់ថា ថ្វីដ្បិតតែទឹកចម្រោះមានតម្លៃទាបនេះពិតមែន តែវាមានគុណភាពខ្ពស់មិនចាញ់ទឹកបរិសុទ្ធដែលមានតម្លៃថ្លៃនោះទេ ហើយរំពឹងថានៅថ្ងៃខាងមុខ បើសិនជាមានអតិថិជនគាំទ្រច្រើនលោកគ្រោងពង្រីកទូចម្រោះទឹកនេះ ទៅតាមបណ្ដាទីតាំងផ្សេងផ្សេង នៅក្នុងក្រុងសែនមនោរម្យ មានដូចជា ចំណតរថយន្តតាត់ស៊ី ទីតាំងក្បែរសាលារៀន និងទីប្រជុំជនផ្សេងផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ អ្នកស្រី សែម មុន្នីសោភ័ណ អាយុ៣២ ឆ្នាំប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និយាយថា បន្ទាប់ពីមានទូចម្រោះទឹកបរិស្ថានស្អាតនេះនៅក្បែផ្ទះ គាត់តែងតែទិញយកទៅទទួលទាននៅឯផ្ទះជារៀងរាល់ថ្ងៃ។ ឯចំណែករសជាតិ និងគុណភាពវិញគឺមិនចាញ់ទឹកបរិសុទ្ធផ្សេងដែលធ្លាប់ទទួលទាននោះទេ។ អ្វីកាន់តែពិសេស គឺមានតម្លៃសមរម្យ ត្រឹម២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះហើយតម្លៃនេះគឺមិនធ្លាប់មានពីមុននោះទេ។

ក្នុងនាមអ្នកស្រីដែលជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យពិតជាសប្បាយរីករាយពេលដែលមានវត្តមានទូចម្រោះទឹកបរិស្ថានស្អាតនេះឡើង ដែលធ្វើឱ្យអ្នកស្រីជួយកាត់បន្ថយការចំណាយច្រើនក្នុងគ្រួសារបើធៀបដែលមិនទាន់ចម្រោះទឹកបរិស្ថានស្អាតនេះ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម