Connect with us

ព័ត៌មានជាតិ

បារីជាង ៥ ០០០ សុង បម្រុងនាំឆ្លងដែនទៅ​ថៃ ត្រូវសមត្ថកិច្ចកម្ពុជាចាប់បាន

បានផុស

នៅ

បារីជាច្រើនម៉ាកចំនួនជាង ៥.០០០ សុង ត្រូវបានក្រុមឈ្មួញកម្ពុជាធ្វើសកម្មភាពដឹកត្រាក់ទ័រ ឆ្ពោះទៅកាន់មាត់អូរព្រំដែនកម្ពុជាថៃ ដោយបម្រុងលីសែងឆ្លងអូរចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ និង​ត្រូវបានកម្លាំងយោធាកម្ពុជាចាប់បានទាំងវត្ថុតាងទាំងមនុស្ស។

កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកសឹករងភ្នំព្រឹក​ខេត្ត​បាត់ដំបង បានសហការជាមួយកម្លាំងនគរបាល​វរសេនាតូចការពារព្រុំដែនលេខ៨១៩ កម្លាំងយោធាកងពលតូចលេខ ៥៣ បានចុះទប់ស្កាត់បទល្មើសក្រុមឈ្មួញបម្រុងលួចនាំចេញបារីឆ្លងដែនទៅប្រទេសថៃ ដោយបារីទាំងនោះមាន ចំនួន ១១១ប៊ិច ស្មើនឹង ៥.៥៥១ សុង ក្នុងនោះជនសង្ស័យមានចំនួន ០៧ នាក់ និងត្រាក់ទ័រមួយគ្រឿងម៉ាកហ្វតពណ៌ខៀវ ដែលកំពុងធ្វើសកម្មភាពនៅចំណុច​TV.16849.62161 ស្ថិតក្នុងភូមិភ្នំតូច ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យចំនួន ០៧ នាក់មានឈ្មោះដូចខាងក្រោម÷ ១,ឈ្មោះរ៉េត ផាត ភេទប្រុសអាយុ ៣៨ ឆ្នាំ រស់នៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកខេត្តបាត់ដំបងម្ចាស់ត្រាក់ទ័រ។ ២,ឈ្មោះ តាំង ចំរើន ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា ។ ៣,ឈ្មោះ ប៊ុន រ៉ាឈុត ភេទប្រុសអាយុ ២០ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា ។ ៤,ឈ្មោះ ឈឿន វិស័យ ភេទប្រុសអាយុ ១៦ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា ។ ៥, ឈ្មោះ សៀង លឿង ភេទប្រុសអាយុ ៣៦ ឆ្នាំ រស់នៅភូមិពេជ្រចិន្ដាឃុំពេជ្រចិន្ដា ។ ៦, ឈ្មោះ ហៀវ វ៉ាន់ ភេទប្រុសអាយុ ៣៧ ឆ្នាំ រស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្ដា និង ៧, ឈ្មោះ ខៀវ រ៉ា ភេទប្រុសអាយុ ៣៧ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបង។

កន្លងមកឈ្មួញធំៗតែងដាក់កម្លាំងនាំចេញនូវបារីខុសច្បាប់ទៅកាន់ប្រទេសថៃ តាមច្រករបៀងជាច្រើនដែលមានដូចជាស្រុក​ម៉ាឡៃ ស្រុកសំពៅលូន និងស្រុកភ្នំព្រឹកជាដើម បើទោះបីជាកន្លងមកត្រូវបានភាគីថៃចាប់ជាញឹកញាប់ក៏ដោយ ក៏គេនៅតែបន្តនាំចេញដោយគ្មានញញើតសោះឡើយ ដែលប្រភពជាច្រើនអាចសន្និដ្ឋានថា ទំនងជាមានភ្លើងខៀវនៅចំណុចណាមួយ ទើបការនាំចេញបារីទាំងនេះបានដោយរលូនបែបនេះ។

ក្រោយពីបានធ្វើកំណត់ហេតុរួច ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅ ប៉ុស្តិអូររំដួលរួចបញ្ជូនទៅស្នងការខេត្តបាត់ដំបងធ្វើការតាមផ្លូវច្បាប់៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម