នយោបាយ
គ.ជ.ប ពន្យល់គណបក្ស៣ អំពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬទម្រង់បែបបទ១១០២
នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តំណាងដោយលោក ទេព នីថា បានជួបជាមួយតំណាងគណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងតំណាងអង្គការខុមហ្វ្រែល ដើម្បីពិភាក្សាលើអនុសាសន៍របស់គណបក្សនយោបាយ ពាក់ព័ន្ធនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ១១០២)។

នៅក្នុងជំនួបពិភាក្សានោះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) គណបក្សនយោបាយអាចថតនៅមុខការិយាល័យបោះឆ្នោតនៅពេលបិទផ្សាយជាសាធារណៈ ហើយគណបក្សនយោបាយអាចទៅទទួលយកទម្រង់បែបបទ១១០២ ដដែលនេះ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ លោកថា ទម្រង់បែបបទ១១០២ នេះ ត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ស្គេន (Scan) ដោយផ្ទាល់ រួចបោះពុម្ពចេញពីកុំព្យូទ័រ ហើយចែកជូនតំណាងគណបក្សនយោបាយ ដែលមានវត្តមាននៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
លោក ទេព នីថា បានបញ្ជាក់ថា ហេតុផលដែលមានការកែប្រែលើចំណុចនេះ ដោយសារតែប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលបានផ្ដល់ថវិកាមួយចំនួន ដើម្បីឱ្យ គ.ជ.ប មានលទ្ធភាពទិញកុំព្យូទ័រ និងម៉ាស៊ីន Scanner សម្រាប់ផ្ដល់ជូនទៅដល់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតក្នុងការបំពេញការងារនាពេលខាងមុខ។ លោកបន្តថា ការបោះឆ្នោតកន្លងមក គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ពុំមានសម្ភារឧបករណ៍ទាំងនោះទេ។ ម្យ៉ាងទៀត ដើម្បីកាត់បន្ថយនូវកំហុសឆ្គងមួយចំនួនដែលធ្លាប់មានការឆកល្វែង ដែលកើតឡើងដោយអចេតនារបស់មន្ត្រីការិយាល័យបោះឆ្នោត គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតជាអ្នកចែកជូនទម្រង់បែបបទ ១១០២ ដល់តំណាងគណបក្សនយោបាយដោយផ្ទាល់ដៃវិញ។
លោក ទេព នីថា អះអាងថា ការបោះឆ្នោតកន្លងមក មន្ត្រីការិយាល័យបោះឆ្នោតត្រូវចម្លងលទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយដៃជាច្រើនច្បាប់ ចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យបោះឆ្នោត។ លើសពីនេះទៀត ក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតធ្វើការលើស១២ម៉ោង ហួសកម្លាំង មន្ត្រីការិយាល័យបោះឆ្នោតអាចនឹងមានការថ្លោះធ្លោយនៅក្នុងការសរសេរចម្លងលទ្ធផលនៃការបោះឆ្នោតដោយដៃ។
សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ ខាងមុខ គ.ជ.ប បានធ្វើការកែសម្រួលត្រង់ចំណុចនេះ ដោយភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាន នៅតែទទួលបានទម្រង់បែបបទ ១១០២ ដដែល គ្រាន់តែពីមុនទទួលដោយផ្ទាល់ដៃនៅការិយាល័យបោះឆ្នោត ប៉ុន្តែពេលនេះត្រូវមកទទួលដោយផ្ទាល់ដៃនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតវិញ ក្នុងថ្ងៃបោះឆ្នោតដដែល។ ម្យ៉ាងទៀត សាធារណជនក៏អាចចូលមើលលទ្ធផលនៃការបោះឆ្នោតនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ។
លោក ទេព នីថា បានពន្យល់ទៀតថា កន្លងមកតួលេខនៅលើទម្រង់បែបបទ១១០២ មានខុសតែបន្តិចបន្តួច មិនធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ ប៉ុន្តែត្រូវបានគណបក្សនយោបាយខ្លះ ឬមហាជនមួយចំនួនថតបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គម ដើម្បីធ្វើឱ្យសាធារណជនមានការភាន់ច្រឡំអំពីលទ្ធផលនៃការបោះឆ្នោត។ មូលហេតុទាំងនេះហើយ ទើបពេលនេះ គ.ជ.ប បានធ្វើការកែសម្រួល ដើម្បីឱ្យលទ្ធផលនៃការបោះឆ្នោតកាន់តែមានភាពសុក្រឹត តម្លាភាព ហើយដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។

ទោះបីជា គ.ជ.ប បានពន្យល់ហេតុផលសព្វគ្រប់យ៉ាងណាក៏ដោយ ភាគីខាងគណបក្សនយោបាយទាំង៣ នៅតែទទូចរក្សាជំហរទាមទាររបស់ខ្លួនដដែល។
ភាគីគណបក្សនយោបាយទាំង៣ ក៏បានថ្លែងអំណរគុណដល់ គ.ជ.ប ដែលបានផ្តល់ឱកាសឱ្យគណបក្សនយាបាយបានជួបពិភាក្សាផ្ទាល់លើចំណុចខ្វែងគ្នា។
លោកអគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ហើយលោកបានថ្លែងអំណរគុណដល់គណបក្សនយោបាយ និងអង្គការខុមហ្វ្រែល ដែលបានចូលរួមផ្តល់អនុសាសន៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


